ភ្នំពេញ៖ ដោយសារតែមានគោលបំណង និងគំនិតចង់ចែករំលែកធនធានចំណេះដឹងតាមរយៈការអានសៀវភៅដែលមានចំណេះដឹងផ្សេងៗ ជាការលើកស្ទួយ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ បំផុសស្មារតីដល់សាធារណជន ជាពិសេសសិស្សានុសិស្ស និស្សិត យុវជនកម្ពុជា តាមសាលា ឬស្ថាប័ននានា ឱ្យមានទម្លាប់អាន និងផ្លាស់ប្ដូរនូវ បទពិសោធរវាងគ្នា និងគ្នា ក្រុមការងារបណ្ណាល័យបញ្ញវន្តបង្កើតគម្រោងសេវាកម្មទិញសៀវភៅឱ្យបណ្ណាល័យ ឬជាសេវាកម្មស្វែងរកសៀវភៅ និងប្រមូលផ្តុំឯកសារ ប្រើរយៈពេលខ្លី តែអាចរកបានសៀវភៅដល់ទៅរាប់ពាន់ចំណងជើង និងមានលទ្ធភាពអាចរកបានដល់ទៅចំនួន ម៉ឺនចំណងជើងដែរ ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។
លោក សុខ ឡាក់ (Sok Lak) គឺជាសហស្ថាបនិកនៃបណ្ណាល័យបញ្ញវន្ត (Scholar Library) មានវ័យជាង ៣០ ឆ្នាំ ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ២ គឺផ្នែកអក្សរសាស្ត្រភាសាអង់គ្លេស នៅសាកលវិទ្យាល័យកម្ពុជា និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអភិវឌ្ឍនៅឯសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
សហស្ថាបនិកនៃបណ្ណាល័យបញ្ញវន្ត លោក សុខ ឡាក់ បង្ហើបឱ្យដឹងពីសេវាកម្ម ស្វែងរកសៀវភៅ និងប្រមូលផ្តុំឯកសារ (Acquisitions or Library Acquisitions) របស់ក្រុមការងារបណ្ណាល័យបញ្ញវន្តថា៖ «សម្រាប់សេវាកម្មមួយនេះ យើងទើបតែបានដំណើរការកាលពីឆ្នាំ ២០១៩ ដោយយើងអាចមានលទ្ធភាពស្វែងរកសៀវភៅសម្រាប់ការអាន ឬរៀបចំសៀវភៅនៅក្នុងបណ្ណាល័យនៃសាលារៀននានាទាំងរដ្ឋ និងឯកជន ឬតាមស្ថាប័នផ្សេងៗ ដោយអាចរកបានចំនួនរាប់រយចំណងជើងតែប៉ុណ្ណោះ។ តែសព្វថ្ងៃនេះ យើងអាចស្វែងរកសៀវភៅបានរាប់ពាន់ចំណងជើងបាន ក្នុងរយៈពេលខ្លី និងអាចរកបានដល់ ម៉ឺនចំណងជើងនៃសៀវភៅផងដែរ»។
លោក សុខ ឡាក់ ក៏បានឱ្យដឹងពីសេវាកម្មនៃការរៀបចំបណ្ណាល័យដែរថា៖ «ខ្ញុំ និងក្រុមសហស្ថានិក ៣ រូបផ្សេងទៀត ព្យាយាមខិតខំ រកវិធីសាស្ត្រក្នុងការទាក់ទាញដល់អ្នកអានគ្រប់ៗរូប ទៅតាមមធ្យោបាយដូចជា ប្រើប្រាស់ចំណេះជំនាញស្ថាបត្យកម្មរបស់ស្ថាបនិកក្នុងការរចនាបណ្ណាល័យឱ្យមានភាពស្រស់ស្អាត ច្នៃប្រឌិត និងមានផាសុកភាពនៅពេលបានចូលក្នុងបណ្ណាល័យមានអារម្មណ៍កក់ក្ដៅអារម្មណ៍ចង់សិក្សា ដែលធនធាន ប្រកបទៅដោយបរិយាកាសវិជ្ជមាន និងភាពធម្មជាតិ និងធនធានសមស្របតាមបទដ្ឋាននៃបណ្ណាល័យរួមមានសម្ភារសិក្សា តុ កន្លែងអាន ទូសៀវភៅ គ្រប់គ្រាន់ ក៏ដូចជាការរៀបចំបែងចែកតាមប្រភេទមុខវិជ្ជាសៀវភៅ សំណៅឯកសារនានា ប្រកបដោយភាពងាយស្រួល»។
លោកបានបន្តថា៖ «លើសពីនេះ ក៏ជាការបណ្ដុះស្មារតីអ្នកអានជំនាន់ថ្មី ក៏ជាវិធីសាស្ត្រមួយសំខាន់គួរឱ្យកត់សម្គាល់មួយផងដែរ ព្រោះយុវជនមួយចំនួនគួរសិក្សាស្វែងយល់ឱ្យបានច្រើនឡើង ដើម្បីបណ្ដុះចំណេះដឹងក្នុងការអានសៀវភៅប្រកបដោយប្រសិទ្ធភាព ដោយបណ្ដុះគំនិត បណ្ដុះស្មារតីឱ្យមានលក្ខណៈពេញលេញ ហើយក៏ជួយធ្វើឱ្យសេវាកម្មអានកាន់តែមានភាពទូលំទូលាយច្រើនឡើង»។
បើតាមការរៀបរាប់ឱ្យដឹងពីសហស្ថាបនិករូបនេះ សម្រាប់រៀបចំសៀវភៅមានធាតុផ្គុំ ៣ គឺធាតុទី១ ហៅថាសៀវភៅងាប់ សំដៅទៅលើសៀវភៅ ដែលអាចកាន់បាន អានបាន គឺជាផ្នែកមួយនៃបណ្ណាល័យ យើងតែងតែហៅថា មជ្ឈមណ្ឌលឯកសារ ដែលពីដើមរហូតដល់បច្ចុប្បន្ន មានសៀវភៅ និងឯកសារ ប្រមាណជិត ៤ ពាន់ក្បាល ដែលមានជាង ១០០ ប្រភេទនៃសៀវភៅ សំណៅឯកសារ និងចែកចេញជា ៣ ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។
ធាតុទី២ សៀវភៅពាក់កណ្ដាលសម្រេច គឺមិនមែនជាសៀវភៅទេ តែសំដៅទៅបុគ្គល ឬយុវជនយុវនារីកម្ពុជា ដែលគាត់ស្រេកឃ្លានចំណេះដឹងចង់សិក្សាអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ហើយបណ្ណាល័យបញ្ញវន្តនឹងចងក្រងយុវជនទាំងអស់នោះ ក្លាយជាទុនក្នុងការផ្លាស់ប្តូរចំណេះដឹងមកជាសកម្មភាព សិក្សាស្វែងយល់ ហើយជំរុញលើកទឹកចិត្ត និងបណ្ដុះបណ្ដាលឱ្យពួកគាត់អាចប្រើប្រាស់នូវចំណេះដឹងរបស់ខ្លួនឱ្យទូលំទូលាយ ដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ។
ចំណែកធាតុទី៣ សៀវភៅរស់ សំដៅទៅលើក្រុមមនុស្សដែលមានចំណេះដឹងខ្ពស់ មានជំនាញ បទពិសោធច្រើន និងមានចិត្តចង់ចែករំលែក ផ្ទេរចំណេះដឹង និងប្រឹក្សាយោបល់អំពីការសិក្សា ការងារ និងអាជីវកម្មផ្សេងៗ ទៅតាមមធ្យោបាយនានាដូចជា សិក្ខាសាលា ព្រឹត្តិការណ៍ផ្សេងៗ និងសៀវភៅ ដែលពួកគាត់បានចងក្រងទុកផងដែរ។
សម្រាប់ព័ត៌មានលម្អិតស្តីពីសេវាកម្មស្វែងរកសៀវភៅ និងប្រមូលផ្តុំឯកសារ (Acquisitions or Library Acquisitions) លោកអ្នកអាចទំនាក់ទំនងជាមួយសហស្ថាបនិកនៃបណ្ណាល័យបញ្ញវន្តរបស់លោក សុខ ឡាក់ ដែលមានឈ្មោះហ្វេសប៊ុកថា Sok Lak (សុខ ឡាក់) ឬអាចសាកសួរនាំបានតាមរយៈប្រព័ន្ធទូរស័ព្ទដែលមានលេខ ០៧៧ ៩៨៨ ៨២៦៕