សៀមរាប: សាក​គិត​មើលថា បើ​អ្នក​ស្ថិតក្នុង​ល្អាង​ងងឹត​ឈឹង ស្រាប់​តែ​អ្នក​ជំនាញ​ខាង​​ចក្ខុ​អ​វិញ្ញាណ​បាន​នាំ​យក​អាហារ និង​ភេសជ្ជៈ​ជាច្រើន​មុខ​ឲ្យ​អ្នក​ទទួល​ទាន​ក្រោម​បរិយាកាស​ដែល​ពុំ​ធ្លាប់​ជួប​ទាល់​តែ​សោះ។

តើ​អ្នកមាន​អារម្មណ៍​យ៉ាងដូចម្ដេច ដែល​ឃានវិញ្ញាណ​របស់​អ្នក​ស្រង់ក្លិន ហើយ​ជីវ​ហា​វិញ្ញាណ​ប្រាប់​ពី​រស​ជាតិ ធ្វើ​ឲ្យ​អ្នក​នឹក​ស្រមៃ​ពី​មុខ​ម្ហូប​នោះ​ជា​អ្វី?

ចង់​ទទួលបាន​បទពិសោធ​មួយ​នេះ មិនចាំបាច់​ទៅណា​ឆ្ងាយ​នោះទេ។ ក្រោយពី​បើក​សម្ពោធ​សាខា​ទី ២ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន និង​សាខា​ទី ១ នៅ​ក្រុង​បាងកក ពេល​នេះ ភោជនីយដ្ឋាន​បម្រើ​ម្ហូប​ក្នុង​ទី​ងងឹត​ឈឹង ឬ Dine in the Dark បាន​មក​ដល់​ក្រុង​សៀមរាប​ហើយ។

Dine in the Dark បាន​សម្ពោធ​ភោជនីយដ្ឋាន​ទី ៣ របស់ខ្លួន​ក្នុង​ទឹកដី​អង្គរ ជា​តំបន់​បេតិកភណ្ឌ​ដ៏​សម្បូរ​វប្បធម៌​អាហារ​ក្នុង​ស្រុក ដែល​អាច​ផ្សព្វផ្សាយ​ដល់​អម្បូរ​ជាតិ​សាសន៍​មក​ពី​ជុំវិញ​ពិភពលោក។

អ្នកនាង សូ​ហ្វី ក្លេ​មិន​សិន (Sophie Clemenson) ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ បាន​ឲ្យ​ដឹង​ថា៖ «ភាព​ងងឹត​នេះ​គឺជា​បទពិសោធ​ថ្មី​មួយ​សម្រាប់​អ្នក ដែល​ត្រូវ​បាត់បង់​វិញ្ញាណ​មួយ ដែល​អ្នក​ធ្លាប់​ពឹង​អាស្រ័យ​ច្រើន​បំផុត។ ដូច្នេះ អ្នក​ត្រូវ​ពឹង​លើ​វិញ្ញាណ​របស់​អ្នក​ដទៃ»។

ភ្ញៀវ​ត្រូវបាន​ជូនទៅ​កាន់​បន្ទប់​ងងឹត​ដោយ​បុគ្គលិក​រត់​តុ ឬ​ហៅថា «មគ្គុទេស​ក៍»។ វត្ថុ​មាន​ពន្លឺ និង ឧបករណ៍​អេឡិច​ត្រូនិក ត្រូវ​រក្សាទុក​ផ្សេង។

ម​គ្គុ​ទេ្ទ​សក៍​ជា​អ្នកគ្រប់គ្រង​បន្ទប់​ងងឹត​ទាំងស្រុង រួមទាំង ការជូន​ភ្ញៀវ​ចូល​តុ បម្រើ​អាហារ និង​ភេសជ្ជៈ ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ភ្ញៀវ​ពេល​ផ្ដល់​សេវាកម្ម ព្រម​ទាំង សម្អាត​តុ និង​រៀបចំ​តុ​ឡើង​វិញ។ ដូច្នេះ បុគ្គលិក​ពិការ​ភ្នែក ដែល​មាន​ចំនួន ២ នាក់​ក្នុង​បន្ទប់​សម្រាប់​ភ្ញៀវ ៣០ នាក់ មិន​ត្រឹម​តែ​អាច​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បង្ហាញ​ពី​ជំនាញ ដែល​មនុស្ស​ភ្នែក​ភ្លឺ​ធ្វើ​មិន​បាន​ផង​ដែរ។

ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនពិការ​ទាំងនេះ ជា​គោលដៅ​ចម្បង​នៃ​ការ​សម្ពោធ​ភោជនីយដ្ឋាន (DID)។

អ្នកនាង​បាន​បន្ដថា៖ «បទពិសោធ​នេះ​មិន​ត្រឹមតែ​អាហារ​ដ៏​វិសេស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ជួយ​ពង្រឹង​សមត្ថភាព​អ​ចក្ខុវិញ្ញាណ​ដែរ។ លើស​ពី​នេះ ភ្ញៀវ​ក៏បាន​ចូលរួម​ជាមួយ​យើង​ក្នុង​ការ​ជួយ​ដល់​សង្គម​ផង​ដែរ ដោយ​ការ​កសាង​ជំនឿ​ចិត្ដ​ក្រុម​បុគ្គលិក​រត់​តុ​ដែល​សុទ្ធ​តែ​អ្នក​ខ្វះ​ចក្ខុ​វិញ្ញាណ»។

ម្ហូប ២ ឈុត តម្លៃ ២៧ ដុល្លារ រួមមាន មុខម្ហូប​បែប​ខ្មែរ និង​ម្ហូប​សម្រាប់​អ្នក​តម​សាច់ ដែល​មេ​ចុងភៅ​នឹង​ធ្វើ​​ការ​ផ្លាស់ប្ដូរ ដើម្បី​ផ្គាប់​ចិត្ដ​ភ្ញៀវ។

ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ អ្នកនាង សូ​ហ្វី បាន​លើក​ឡើង​ថា៖ «បញ្ជី​មុខម្ហូប ដែល​រៀបចំ​ឡើង​ដោយ​មេ​ចុងភៅ​បង​ប្អូន​ភ្លោះ គីម​សាន បាន​រចនា​មុខ​ម្ហូប​ទាំង ២ ប្រភេទ ដែល​មួយ​ឈុត​មាន ៥ មុខ លក់​ក្នុង​តម្លៃ ២៧ ដុល្លារ។ មុខម្ហូប​ពញ្ញាក់​អារម្មណ៍​បង្កើត​បទពិសោធ​ប្លែក​បំផុត​សម្រាប់​ភ្ញៀវ។ អតិថិជន​អាច​ពង្រឹង​សមត្ថភាព​អ​ចក្ខុវិញ្ញាណ និង​ព្យាយាម​ទស្សន៍​ទាយ​មុខម្ហូប​នៅ​លើ​ចាន ដែល​នឹង​ត្រូវ​ជម្រាប​ប្រាប់​ពេល​ក្រោយ»។

គ្រប់មុខ​ម្ហូប និង​ភេសជ្ជៈ​ត្រូវបាន​បម្រើ​ក្នុង​សីតុណ្ហភាព​សមល្មម មិន​ក្ដៅ​ពេក ចៀស​វាង​ការ​រលាក​ដល់​ភ្ញៀវ។ ភោជ​នីយដ្ឋាន​ងងឹត​ឈឹង ដែល​ទើប​សម្ពោធ​កាល​ពី​ថ្ងៃ​ទី ១២ ខែ​ធ្នូ ស្វាគមន៍​ភ្ញៀវ​រៀង​រាល់​ថ្ងៃ ចាប់ពី​ម៉ោង ៦ ល្ងាច​ដល់​ម៉ោង ១១ យប់ ស្ថិត​នៅ​លើ​វិថី ៧ មករា ក្រុង​សៀមរាប។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៧៧ ៥៥ ០០ ២០៕