ភ្នំពេញៈ ខណៈ​បងប្អូន​ពលរដ្ឋ​ខ្មែរ​មួយ​ភាគ​​ធំ​ មុខ​ជា​ធ្លាប់​បាន​ស្តាប់ ​និង​​​ឮ​​បទ​ចម្រៀង​ ដែល​មាន​ចំណើង​ជើង​​ថា​​​«រដូវ​ភ្លៀង​ធ្លាក់»​​ ជា​​សំនៀង​​​ដើម​របស់​តារា​ចម្រៀង​ប្រុស​ជំនាន់​មុន ​គឺ​លោក កែវ សារ៉ាត់ ​កាល​​ពី​សម័យ​​​ទសវត្សរ៍​ទី​ ​៨០-៩០ ​​​​​ដោយ​មាន​អត្ថន័យ​ដ៏​ពីរោះ​​យ៉ាង​ណា​ជា​មិន​ខាន​ឡើយ​​ស្រប​នឹង​ពេល​រដូវកាល​នេះ​​​។​

តាម​ចម្រៀង​​មួយ​បទ​នេះ​​ គឺ​ត្រូវ​បាន​កវី​ជំនាន់​ដើម​និពន្ធ​​រៀបរាប់​ពី​ទិដ្ឋភាព​​ស្រុកស្រែ​ចម្ការ​របស់​ខ្មែរ​ នា​ខែ​​ភ្លៀង​ធ្លាក់ ​ជាមួយ​នឹង​ចង្វាក់​ភ្លេង​បែប​ប្រជាប្រិយ​​​ពីរោះ​រន្ថើន​ចិត្ត ក្រោម​សំនៀង​​ដ៏​ស្រទន់​ស្រាល​​រងំ​របស់​តារា​ចម្រៀង​​ថ្គាមខ្លា​លោក កែវ សារ៉ាត់​​។​ ​ខណៈ​ជា​​រៀងរាល់​​ពេល​ដែល​​បាន​​ស្តាប់​បទ​នេះ ​ប្រាកដ​ជា​ធ្វើ​ឲ្យ​យើង​​នឹក​ឃើញ​ដល់​ស្រុក​​​ស្រែ​ចម្ការ​ជាក់​ជា​មិន​ខាន​​ឡើយ​ ជា​ពិសេស​នោះ ​បងប្អូន ​ដែល​បាន​ធ្វើ​ចំណាក​​ស្រុក​​ចេញ​ពី​ទី​ជនបទ​នៃ​ស្រុក​ស្រែ​ចម្ការ​ មក​ធ្វើ​ការ​នៅ​ទីក្រុង​តែ​​ម្តង ​គឺ​ពេល​បាន​ស្តាប់​ហើយ​មាន​អារម្មណ៍​ថា​លន្លង់​លន្លោច​ណាស់​​។

យ៉ាងណា​មិញ​បទ​ចម្រៀង​ដ៏​ពីរោះ​មួយ​បទ​នេះ​ ត្រូវ​បាន​យក​មក​ផលិត​សា​ថ្មី ដោយ​មាន​ការ​បកស្រាយ​ពី​កុមារា​​ ធឿន បុរី ដែល​ជា​អ្នក​ចម្រៀង​វ័យ​ក្មេង​កំពុង​តែ​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន​ប្រចាំ​ផលិតកម្ម​ហ្គាឡាក់ស៊ីណាវ៉ាត្រា​ ក៏​មាន​សូរសព្ទ​បំពេ​អារម្មណ៍​បងប្អូន​ខ្មែរ​នៅ​សម័យ​ក្រោយ​​នេះ ​មិន​សូវ​ជា​ចាញ់​សូរ​​សៀង​របស់​លោក​​គ្រូ​តា​ កែវ សារ៉ាត់ ប៉ុន្មាន​នោះ​​ឡើយ​។

តារាចម្រៀងវ័យ​ក្មេង កុមារ​ា ធឿន បុរី​ នៅ​ទ្រនំ​ហ្គាឡាក់ស៊ី។ រូប ហ្វេសប៊ុក​

ឯ​ការ​ចេញ​បទ «រដូវ​ភ្លៀង​ធ្លាក់»​​ ដែល​​​យក​មក​បកស្រាយ​ឡើង​វិញ​នេះ ​បាន​​​បញ្ចេញ​ MV របស់​ខ្លួន​ជាមួយ​ទិដ្ឋភាព​ស្រុក​ខ្មែរ​ពិតៗ​​ ដែល​មាន​វាល​ស្រែ​ពណ៌​ខៀវ​ស្រងាត់​ អម​ទៅ​ដោយ​​អនុស្សាវរីយ៍​មួយ​ចំនួន​​ ដែល​ហាក់​ដូចជា​ការ​​រំឭក​ទៅ​ដល់​អតីតកាល​នៃ​វ័យ​កុមារភាព​​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ ​បន្ថែម​​ពី​ស្តាប់​សូរសៀង​របស់​តារា​ចម្រៀង​​ជំនាន់​ក្រោយ​កុមារា ធឿន បុរី វ័យ​ជាង​​ ១០ ឆ្នាំ តែ​ប៉ុណ្ណោះ គឺ​ជា​ពន្លក​​ត្រួយ​នៃ​ឈាម​ជ័រ​អ្នក​សិល្បៈ​មាន​​ស្រុក​កំណើត​មក​ពី​ខាង​តំបន់​​ខេត្ត​​កំពង់ធំ​នោះ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​សម្រេច​ជ្រើស​យក​បទ​​មរតក​ដើម​មក​ឲ្យ​តារា​ចម្រៀង​​ប្រុស​វ័យ​ក្មេង កុមារា ធឿន បុរី ច្រៀង​​ឡើង​វិញ​នេះ ក៏​ត្រូវ​បាន​បញ្ជាក់​ឲ្យ​​ដឹង​ពី​សំណាក់​អ្នក​និពន្ធ​ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​ល្បី ​យឹម តាស្រង់ ដែល​​​ចាកចេញ​ពី​ផលិតកម្ម​ល្បី​ទ្រនំ​​ថោន​​មួយ​រយៈ​មក​បង្កើត​ក្រុមហ៊ុន​ខ្លួន​​ឯង​​ឈ្មោះ​ថា «Home Music» ​ដែល​​​ផ្ដោត​​លើ​ចម្រៀង​កំប្លែងៗ និង​​កម្មវិធី​កម្សាន្ត​ផ្សេងៗ ហើយ​ក៏​ជា​អ្នក​កាន់​ការងារ​ផ្នែក​ដឹកនាំ​ទូទៅ​នៅ​ក្នុង​​​ផលិតកម្ម​ថ្មី​​ហ្គាឡាក់​ស៊ី ណាវ៉ាត្រា (Galaxy Navatra) នោះ​​ផង​ដែរ​។​

បើ​តាម​សម្តី​របស់​កវី​ទំនុក​ច្រៀង និង​ភ្លេង​ល្បី​ខ្លាំង​មាន​ស្រុក​កំណើត​​នៅ​ក្នុង​​ស្រុក​​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​ លោក យឹម តាស្រង់ ដែល​ធ្លាប់​​បាន​និពន្ធ​បទ​ចម្រៀង​ជួយ​​​ស្ទួយ​តារា​ចម្រៀង​ប្រុស​ស្រី​នៅ​​​ទ្រនំ​ចាស់​ឲ្យ​មាន​ប្រជាប្រិយភាព​​ល្បី និង​មាន​ឈ្មោះ​បោះ​សំឡេង​ជា​​ច្រើន​នាក់ និង​ច្រើន​ឆ្នាំ​កន្លង​មក​នោះ បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​​​ថា៖ «ដោយសារ​យល់​ឃើញ​ថា ទិដ្ឋភាព​​ពេល​នេះ ហើយ​តាមរយៈ​​បទ​នេះ គឺ​ពិត​ជា​ស័ក្តិសម​នឹង​សូរសៀង​បន្លឺ​​​បែប​មនោសញ្ចេតនា​ណាស់​។

ម្យ៉ាង​ទៀត បុរី គាត់​ជា​តារា​ចម្រៀង​មាន​សំឡង​បែប​មនោសញ្ចេតនា​ផ្អែម​ល្ហែម​មិន​សូវ​ជា​ចាញ់​​ម្ចាស់​បទ​មរតក​ដើម​​ប៉ុន្មាន​នោះ​ឡើយ​ ទើប​សម្រេច​ឲ្យ​គាត់​បក​ស្រាយ​បទ​មរតក​ដើម​នេះ​ឡើង​វិញ​ទៅ។ បើ​តាម​ខ្ញុំ​យល់​​ បទ​​ចម្រៀង​​មរតក​ដើម​នេះ ​ស៊ី​គ្នា​ទៅ​នឹង​ទិដ្ឋភាព​នៅ​ក្នុង​ស្រុក​ខ្មែរ​រដូវកាល​នេះ​ណាស់ ​គឺ​មាន​ភ្លៀង​ធ្លាក់ ហើយ​វាល​ស្រែ​មាន​ទឹក​ភ្លៀង​នោះ​គឺ​មាន​ពណ៌​​ខៀវ​ស្រងាត់​​តែ​ម្តង ហើយ​ខណៈ​ជិត​ដល់​​រដូវកាល​បុណ្យ​ភ្ជុំ​បិណ្ឌ​ដូច្នេះ​ផង​នោះ ​គឺ​ពិត​ជា​ស៊ី​គ្នា​នឹង​អត្ថន័យ​របស់​បទ​ខ្លាំង​ណាស់​»៕​