ភ្នំពេញ៖ ទោះបី​ទើប​តែ​ឈាន​ជើង​​ចូល​​​ជ្រក​​ទ្រនំ​ថ្មី​ផលិតកម្ម​ហ្គាឡាក់​ស៊ីណាវ៉ាត្រា​មិន​​បាន​ប៉ុន្មាន​ឆ្នាំ​​ផង​នោះ ប្រជាប្រិយភាព​របស់​តារា​​ចម្រៀង​ស្រី​តូច​ច្រឡឹង​សំឡេង​ធ្ងន់​កញ្ញា តន់ ចន្ទសីម៉ា​ មាន​សម្ទុះ​​យ៉ាង​ខ្លាំង​​នៅ​លើ​វិថី​​សិល្បៈ​ចម្រៀង​ ខណៈ​បទ ​«​ដណ្តឹង​អូន​ទៅ»​ ស្រូប​បាន​​​​អ្នក​គាំទ្រ​​ដល់​ទៅ​ 5.6M Viewers ក្នុង​រយៈពេល​តែ​ជាង​ ៣ សប្តាហ៍​នៅ​តាម​យូធូប។​

អតីត​ធ្លាប់​ជា​បេក្ខនារី​​​បរាជ័យ​​​​​​ក្នុង​ការ​​​​ប្រជែង​កម្ម​វិធី​ប្រឡង​លំដាប់​ពិភព​លោក​​​ The Voice Cambodia​ រដូវកាល​ទី​ ២ នៅ​ហង្សមាស​ដោយ​បាន​ចូល​​ត្រឹម​វគ្គ​ Live Show ​នៃ​សប្តាហ៍​ទី៣ កញ្ញា តន់ ចន្ទសីម៉ា កំពុង​​​តែ​ឡើង​កូដ​ខ្លាំង​នៅ​ដើម​​ឆ្នាំ ​២០២០ ​នេះ​ ដោយ​​​ឃើញ​ផលិតកម្ម​បាន​​ចេញ​បទ​ចម្រៀង​ថ្មីៗ​​ជា​ច្រើន​ សម្រាប់​កញ្ញា​​ក្នុង​​​នោះ​ ឃើញ​មាន​​ដូចជា​បទ​ដែល​​​​លេច​​​​ធ្លោ​ខ្លាំង ​«​ដណ្តឹង​​​អូន​ទៅ»​ ​បទ​​ «​​ស្រីៗ​​គ្នា​យើង» បទ «ជំងឺ​ដាច់​លុយ​» បទ ​«មិត្ត​ប្រុស​ចេះ​ Marketing» បទ​​ ​«កាក​សង្សារ»​ បទ ​«​ឡាន​សារ៉ែន​»​ និង​​បទ «អរគុណ​ធនាគារ​» ជាដើម ដោយ​​ភាគ​ច្រើន​ជា​​ការ​និពន្ធ​ Melody និង​​​ទំនុក​​ច្រៀង ដោយ​កវី​ឆ្នើម​​លោក យឹម តាស្រង់ និង​មាន​ការនិពន្ធ​ភ្លេង​ដោយ​ Thomeet។

តារា​​ចម្រៀង​ស្រី​វ័យ ២២ ឆ្នាំ​ ដែល​មាន​ស្រុក​កំណើត​នៅ​​ខេត្ត​តាកែវ និង​​​មក​រស់នៅ​​ភ្នំពេញ​​បន្ត​​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​​​​ជា​​និស្សិត​​​បរិញ្ញាបត្រ​​ឆ្នាំ​ទី ៤ ផ្នែក​ធនាគារ​នៅ​សាកល​វិទ្យាល័យ Rule​ រួម​ទាំង​​សម្រេច​បំណង​​​​សិល្បៈ​ផង​​ដែរ។

បន្ទាប់​ពី​បាន​បញ្ចប់​ការ​ប្រឡង​​កម្មវិធី​​ ​The Voice Cambodia​​ រដូវ​​កាល​ទី ​២ មក​ក៏​ផ្តើម​អាជីព​​សិល្បៈ​​មក​ជា​ហូរហែ​​​។​

តារា​ចម្រៀងស្រី​កំពុង​តែ​លេចធ្លោ​នៅ​ទ្រនំ​ផលិត​កម្ម​ហ្គាឡាក់ស៊ីណាវ៉ាត្រា​ កញ្ញា តន់ ចន្ទ​សីម៉ា​​​។ រូបថត ហ្វេសប៊ុក​

ពាក់ព័ន្ទ​នឹង​បទ​​ចម្រៀង​ថ្មី​ ដែល​ផ្ទុះ​ការ​​គាំទ្រ​ពី​ស្រទាប់​យុវ័យ ​គឺ​បទ​ «​ដណ្តឹង​​​អូន​ទៅ»​ នេះ​ លោក យឹម​ តាស្រង់ ដែល​ជា​អ្នក​និពន្ធ​ Melody និង​ទំនុក​ច្រៀង​នោះ​ក៏​បាន​ចេញ​សារ​ថ្លែង​អំណរគុណ​ដល់​ប្រិយ​មិត្ត​ផង​ដែរ​ថា៖ «អរគុណ​! បងប្អូន​ទាំង​អស់​ដែល​តែង​គាំទ្រ​ស្នាដៃ​និពន្ធ Melody និង​ទំនុក​ច្រៀង ​របស់​ខ្ញុំ​បាទ​ចាប់​តាំង​ពី​ដើម​​​រហូត​ដល់​ពេល​នេះ សូម​បងប្អូន​​ចុច Subscript និង​ចុច​សញ្ញា​កណ្តឹង​លើ ​Youtube ផ្លូវ​ការ​របស់​ខ្ញុំ​នេះ​ ដើម្បី​ទទួល​នូវ​ការ​ចែក​រំលែក​ថ្មីៗ​អំពី​ខ្ញុំ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ នូវ​វីដេអូ​ដែល​នឹង​ត្រៀម​ចេញ​ជាច្រើន​។​ សូម​អរគុណ​»។​

កញ្ញា តន់ ច័ន្ទសីម៉ា ក៏​​ធ្លាប់​បញ្ជាក់​​ពី​​​ភាព​​ខុស​​​គ្នា​រវាង​​ជា​តារា​​ឯករាជ្យ ​និង​​ជ្រក​​​ផលិតកម្ម​ដែរ​​ថា​​៖ «​តាម​ពិត​ទៅ​​​​​​ជា​តារា​ឯករាជ្យ​ ​ខ្ញុំ​ក៏​មាន​​ការ​គាំទ្រ​​​ច្រើន​​ដែរ ប៉ុន្តែ​​​មិន​សូវ​​មាន​អ្នក​​ស្គាល់​មុខ​​​​ទេ ភាគ​ច្រើន​ស្គាល់​តែ​បទ​​ចម្រៀង​​​ និង​​​​ឈ្មោះ​​ព្រោះ​គ្មាន​ MV។​ ច្រៀង​នៅ​​ផលិតកម្ម​វិញ​ ខ្ញុំ​គិត​ថា​ ការ​ផ្សព្វផ្សាយ​​គឺ​​មាន​ស្តង់ដា ​ជាង​​​​ចេញ​​ MV ផ្ទាល់​ខ្លួន​ ខណៈ​​​អ្នក​គាំទ្រ​ក៏​មាន​គេ​ស្គាល់​ច្រើន​ជាង​មុន​ ហើយ​​យើង​មាន​ភាព​​កក់ក្តៅ​ ដោយសារ​​តែ​មាន​​បទ​​​ចម្រៀង​​​រហូត​​មិន​​ពិបាក​នោះ​ទេ​»៕​