ភ្នំពេញ៖ បង្កង​ ប៉េងប៉ោះ ការ៉ុត ម្ទេស​ប្លោក ផ្សិត​ស ខ្ទឹមស ខ្ទឹម​ក្រហម រំដេង ស្លឹក​ក្រូច គល់​​ស្លឹក​គ្រៃ ម្ទេស​ឆា និង​ជីរវ៉ាន់ស៊ុយ​ គឺ​ជា​គ្រឿង​ផ្សំ​មុខ​ម្ហូប​តុមយ៉ាំ​បង្កង​ ដែល​ត្រូវ​បាន​រៀបចំ​ ​១ ​ឈុត​ជា​ស្រេច​តម្រូវ​អ្នក​មាន​បំណង​ចង់​ស្ល​ តែ​មិន​ចង់​ទិញ​គ្រឿង​គ្រៅ​ច្រើន​មុខ​ដាច់​​ដោយ​ឡែក​ពី​គ្នា​។

សម្រាប់​ស្ដ្រី​មេផ្ទះ​ខ្ជិល​ឡើង​ផ្សារ​ដោយ​ជាប់​រវល់​ធ្វើ​ការ​ មើល​​​ថែ​កូន​ ឬ​បារម្ភ​ពី​ការ​ជួប​ជុំ​មនុស្ស​ច្រើន​នៅ​ក្នុង​ផ្សារ បន្លែ​ស្រុក​ជា​ផ្សារ​បន្លែ​ ត្រី​សាច់​អនឡាញ​ទើប​បង្កើត​ឡើង​ប្រមាណ ២ សប្ដាហ៍ ក្នុង​ការ​ដឹក​ជញ្ជូន​ឈុត​ម្ហូប​អាហារ​បន្លែ​ស្រស់ៗ ត្រី សាច់​មាន់ សាច់​គោ​ សាច់​ជ្រូក​ និង​គ្រឿង​សមុទ្រ​ទៅ​ដល់​មុខ​ទ្វារ​ផ្ទះ​អតិថិជន​​​។

អ្នកស្រី នារី រតនៈ ជា​ម្ចាស់​ហាង​បន្លែ​ស្រុក​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​​ស្ដ្រី​មេផ្ទះ​គ្រប់​រូប​ងាយ​ស្រួល​ចំពោះ​ជម្រើស​​មុខ​ម្ហូប​ប្រចាំ​ថ្ងៃ ដោយ​មិន​ចាំបាច់​គិត​គូរ​ច្រើន​ថា ​ត្រូវ​ស្ល​​អ្វី​ជា​ពិសេស ពួក​គាត់​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ផ្ទាល់​ ដើម្បី​បញ្ចៀស​ការ​ជួប​ជុំ​អ៊ូអរ​ ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​គម្លាត​សុវត្ថិភាព​»។

ក្រៅ​ពី​ឈុត​ម្ហូប​តុមយ៉ាំ​បង្កង​តម្លៃ ២៣ ០០០ រៀល​ នៅ​មាន​​តុមយ៉ាំ​គ្រឿង​សមុទ្រ​តម្លៃ ២៣ ០០០ រៀល ម្ជូរ​យួន​បង្កង​ តម្លៃ ២៣ ០០០ រៀល ម្ជូរ​យួន​ត្រី​ប្រា តម្លៃ ១៣ ០០០ រៀល ឆា​ម្ទេស​ប្លោក​តម្លៃ ១០ ០០០ រៀល ឆា​ដើម​ខាត់ណា​តម្លៃ ១០ ០០០ រៀល​ ឈុត​ស្ងោរ​ត្រឡាច​តម្លៃ ១០ ០០០ រៀល​ និង​ឈុត​ម្ជូរ​គ្រឿង​សាច់​គោ​ តម្លៃ ១៣ ០០០ រៀល​ជាដើម​។

ផ្សារ​អនឡាញ បន្លែ​ស្រុក វិល​កង់ម៉ូតូ​​អ្នកដឹក​ស្ទើរ​រកពេលសម្រាកគ្មាន។ រូបថត សហ​ការី

ស្ដ្រីវ័យ ៣០ ឆ្នាំ ជា​ម្ចាស់​ហាង​បន្លែ​ស្រុក​បាន​ឲ្យ​ដឹង​ថា​៖ «​ឈុត​​មុខ​ម្ហូប​រៀបចំ​ស្រេច​ ​មាន​ទាំង​បន្លែ​ ត្រី​ឬ​សាច់​ជាមួយ​គ្រឿង​ទេស​​ផ្សេង​ៗ​ ទទួល​បាន​ក្នុង​សមាជិក​គ្រួសារ​តូច​ ដែល​មាន​សមាជិក​ពី ៣ ទៅ ៤ នាក់​​។ ទៅ​ដល់​​ផ្ទះ​គ្រាន់​តែ​លាង​ រួច​ហាន់​ស្ល​តែ​ម្ដង​ ដោយ​មិន​ចាំបាច់​រក​គ្រឿងគ្រៅ​ឲ្យ​គ្រប់​មុខ​នោះ​ទេ​»។

អ្នកស្រី រតនៈ បាន​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​​គិត​ឃើញ​យូរ​ហើយ តែ​អត់​ទាន់​មាន​ពេល​។ ដល់​ពេល​មាន​ជំងឺ​កូវីដ​ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ដំណើរការ​ផ្សារ​បន្លែ​ស្រុក ដើម្បី​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​ដែល​អត់​ចង់​ទៅ​ផ្សារ​»។

ផ្ដើម​​ពី​អ្នក​ដឹក​ជញ្ជូន​ចំនួន ២ នាក់ ពួក​គេ​វិល​កង់​ម៉ូតូ​ជាប់ ដោយ​​​បុគ្គលិក​នីមួយៗ​​អាច​ដឹក​​គ្រឿង​បន្លែ​ ត្រី​សាច់ និង​មុខ​ម្ហូប​ឈុត​បាន ៤ ទៅ ៥ ផ្ទះ​ ដែល​​ភាគ​ច្រើន​ជា​អតិថិជន​ក្រុង​ភ្នំពេញ​។

ក្រៅ​ពី​ឈុត​មុខ​ម្ហូប​រៀបចំ​ស្រេច​បន្លែ​ស្រស់ៗ ជា​កសិផល​​របស់​ពលរដ្ឋ​រស់នៅ​តាម​មាត់​ទន្លេ​នៃ​ស្រុក​ស្អាង និង​ព្រៃ​ស្វា​ រួម​ទាំង​ត្រីសាច់​គ្រប់​ប្រភេទ​ ត្រូវ​​បាន​រៀបចំ និង​ថត​ឌីហ្សាញ​យ៉ាង​ស្រស់​ស្អាត​អម​ដោយ​ឈ្មោះ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ក៏​ដូច​ជា​តម្លៃ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​រៀង​រាល់​ថ្ងៃ​។​

អ្នកស្រី​ រតនៈ បាន​និយាយ​ថា​​៖ «​កុម្ម៉ង់​ប៉ុន្មាន​ក៏​យើង​ខ្ញុំ​ដឹក​ជញ្ជូន​ឲ្យ​ភ្ញៀវ​ដែរ ចាប់​ពី​ត្រកួន ​១ ​គីឡូក្រាម​តម្លៃ ៨ ០០០ រៀល​ កញ្ឆែត តម្លៃ ១ ម៉ឺន​រៀល ស្ពៃ​ក្ដោប​តម្លៃ ៦ ០០០ រៀល​ រហូត​ដល់​បង្កង​តម្លៃ ៥ ម៉ឺន​រៀល មឹក​ ៤ ម៉ឺន​រៀល ឆ្អឹង​ជំនីរ​ជ្រូក​តម្លៃ ៣៥ ​០០០ រៀល​ ជើង​ជ្រូក ៣ ម៉ឺន​រៀល​ សាច់​គោ (សាច់​ស្រួយ) ៥ ម៉ឺន​រៀល​ ទា​ ១៨ ០០០ រៀល ​១ ​គីឡូក្រាម មាន់​ស្រែ ៣១ ០០០ រៀល ​១ ​គីឡូក្រាម ​ពងទា ១០ គ្រាប់ ៦ ៥០០ រៀល ​និង​ត្រី​តម្លៃ​ចាប់​ពី ១៥ ០០០ រៀល ​១ ​គីឡូក្រាម»។

ផ្សារអនឡាញ បន្លែស្រុក ប្រើប្រាស់​កសិផល​របស់ពលរដ្ឋ​រស់នៅតាម​មាត់ទន្លេ​នៃ​ស្រុកស្អាង និង​ព្រៃស្វា។ហុង មិនា

តម្លៃ​កសិផល​របស់​កសិករ​ក្នុង​ស្រុក​របស់​ខ្លួន​មាន​​តម្លៃ​មិន​​ខ្ពស់​ជាង​ទីផ្សារ​ប៉ុន្មាន​ទេ ហើយ​​ក៏​ថោក​ជាង​តម្លៃ​ទំនិញ​នៅ​ផ្សារ​ទំនើប​ ដែល​ជា​ជម្រើស​ដ៏​​ស័ក្ដិសម​សម្រាប់​ពលរដ្ឋ​ទូទៅ​។

នារី រតនៈ បញ្ជាក់​ថា សេវាកម្ម​ដឹក​ជញ្ជូន​របស់​អ្នកស្រី​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​រាល់​ការ​កុម្ម៉ង់​ទាំង​អស់ មិន​ថា​តែ ​១​ ឬ ​២ មុខ​នោះ​ទេ​ ដោយ​តម្លៃ​ដឹក​ជញ្ជូន​មាន​ចន្លោះ​ពី ៤ ០០០ ទៅ​ ៨ ០០០ រៀល ​ទៅ​តាម​ទីផ្សារ​ភូមិសាស្ដ្រ​។

ម្ចាស់​ហាង ​ដែល​ទទួល​លក់​តែ​​បន្លែ​របស់​អ្នក​ស្រុក​រូប​នេះ បាន​ឲ្យ​ដឹង​ថា ឈុត​មុខ​ម្ហូប​រៀបចំ​ស្រស់​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ចំពោះ​អតិថិជន​ ដែល​សម​ល្មម​សម្រាប់​ក្រុម​​គ្រួសារ​តូច​។

អ្នកស្រី រតនៈ​ ជឿ​ជាក់​ថា កសិផល​របស់​ពលរដ្ឋ​ក្នុង​ស្រុក​ទាំង​នៅ​ស្អាង និង​ភូមិ​ព្រៃ​ស្វា​ ដែល​ដាំ​ដុះ​ជា​លក្ខណៈ​គ្រួសារ មិន​ប្រើប្រាស់​ជី​គីមី​ហួស​កម្រិត​ដែល​អាច​ទទួល​យក​បាន​ ហើយ​វា​ជា​ទង្វើ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ និង​​ជួយ​ជ្រោម​ជ្រែង​លើក​ស្ទួយ​ជីវភាព​របស់​ពួក​គេ​ផង​ដែរ​។

អ្នកស្រី បាន​និយាយ​ថា​៖ «​ខ្ញុំ​​ជឿ​ថា ពួក​គាត់​មិន​ប្រើប្រាស់​ជី​គីមី​ច្រើន​នោះ​ទេ​ពី​ព្រោះ​ពួក​គេ​មិន​មាន​លទ្ធភាព​ទិញ​ជី​មក​ប្រើ​ច្រើន​ ហើយ​ពួក​គេ​នៅ​តែ​បន្ដ​ប្រើប្រាស់​ជី​ធម្មតា​ច្រើន​ជាង​។ ខ្ញុំ​មិន​ច្បាស់​ថា ខ្ញុំ​អាច​ជួយ​លក់​កសិផល​របស់​ពួក​គាត់​បាន​ប៉ុន្មាន​គីឡូក្រាម​នោះ​ទេ ប៉ុន្ដែ​ក្នុង ​១ ថ្ងៃ ខ្ញុំ​អាច​វ៉ៃ​ចេញ​បន្លែ​អស់ ​១ ​រ៉ឺម៉ក​»។

ផ្សារ​អនឡាញ បន្លែ​ស្រុក​ ស្ថិត​​នៅ​ទីក្រុង​តាខ្មៅ និង​បើក​ទទួល​​ការ​កុម្ម៉ង់​ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ៥ ល្ងាច​។

ព័ត៌មាន​បន្ថែម​មាន​នៅ​ទំព័រ​ហ្វេសប៊ុក​ Bonle​​ Srok ឬ​ទូរស័ព្ទ​ ០៧៨ ៩៧៩ ៨៥៥៕