ក្រុង​ចនណេសប៊ឺក: ក្រុម​អ្នក​ស្រាវជ្រាវបាន​និយាយ​ថា ស្ដ្រី​ដែល​ទទួល​កម្ដៅ​សីតុណ្ហភាព​ និង​រលក​កម្ដៅ​​ខ្លាំងអំឡុង​ពេល​មាន​គភ៌​ទំនង​ជា​ប្រសូត​កូន​មិន​គ្រប់​ខែ ឬ​ស្លាប់​ទារក​ក្នុង​ផ្ទៃ។

ពួក​គេ​បាន​រាយ​ការណ៍​ក្នុង​ព្រឹត្ដិបត្រ​វេជ្ជសាស្ដ្រ BMJ ថា​ លទ្ធផល​នេះ ដែល​មាន​ទំនាក់​ទំនង​ស្និទ្ធ​នឹង​ភាព​ក្រីក្រ និង​ស្ដ្រី​រស់​នៅ​ក្នុងតំបន់​​ត្រូពិក ​​អាច​ជះ​ឥទ្ធិពល​​កាន់តែ​អវិជ្ជមាន​ពី​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​ ជាពិសេស អំឡុង​ពេល​ប៉ះផ្ទាល់​នឹង​រលក​កម្ដៅ​ញឹក​ញយ។

ការ​សិក្សា​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​៖ «​សូម្បី​តែ​មាន​ការ​កើន​ឡើង​តិច​តួច​ក៏​អាច​ជះ​ឥទ្ធិពល​ធំ​ដល់​សុខភាព​សាធារណៈ​ ខណៈ​ការ​ស្រូប​កម្ដៅ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង កាន់​តែ​ជា​បញ្ហា​សាមញ្ញ​ និង​កាន់តែច្រើន​ឡើង​ៗ​ដែល​ចៀស​មិន​ផុត​»។

យោងតាម​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញ​ថា រៀង​រាល់​ឆ្នាំ ទារក​ប្រមាណ ១៥​ លាន​នាក់​ បាន​ប្រសូត​មិន​គ្រប់​ខែ ដែល​នាំ​ឲ្យ​ជួប​បញ្ហា​ស្លាប់​ចន្លោះ​អាយុ​ក្រោម ៥ ឆ្នាំ។

អត្រា​មរណៈ​នេះ​ត្រូវបាន​ផ្ដោត​សំខាន់​នៅ​លើ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ជា​ពិសេសតំបន់​អា​ហ្វ្រិក។

ដើម្បី​កំណត់​ផល​ប៉ះពាល់​នៃ​កម្ដៅ​ខ្លាំង​លើ​ដំណើរ​មាន​គភ៌​ ក្រុម​អ្នក​ស្រាវជ្រាវ​អន្ដរជាតិ​ ដែល​ដឹក​នាំ​ដោយ​ Matthew Chersich មក​ពី​វិទ្យាស្ថាន​សុខភាព​បន្ដ​ពូជ និង​ហ៊ីវ Wits ក្នុង​ទីក្រុង​ចនណេសប៊ឺក បាន​តាម​ដាន​​​ការ​សិក្សា​​ចំនួន ៧០ លើក​​​ នៅតាម​ប្រទេស​អភិវឌ្ឍ ប្រទេស​ក្រីក្រ និង​ប្រទេស​ដែល​សម្បូរ​ប្រជាជន​មាន​ចំណូល​មធ្យម។

ក្នុង​​ការ​សិក្សា​ចំនួន ៤៧ ដែល​ផ្ដោត​លើ​ការ​ប្រសូត​មិន​គ្រប់​ខែ ៤០​​ បាន​រាយ​ការណ៍​ថា ស្ដ្រី​រមែង​ប៉ះពាល់​ទៅ​នឹង​កម្ដៅ​សីតុណ្ហភាព​ខ្លាំង។

បើ​យោងតាម​ការ​រក​ឃើញ​ថ្មី​ៗ អត្រា​កំណើត​មិន​គ្រប់​ខែ​បាន​កើន​ឡើងជា​មធ្យម ៥​ភាគរយ​ក្នុង​កម្រិតសីតុណ្ហភាព​កើន​ឡើង ១​ អង្សាសេ​ និង​ដល់ ១៦​ ភាគរយ អំឡុង​ពេល​ប៉ះ​ពាល់​នឹង​រលក​កម្ដៅ។ ​​ ​

ការ​បម្រែ​បម្រួល​សីតុណ្ហភាព​សកល ត្រូ​វ​បាន​មើល​ឃើញ​ថា បាន​ធ្វើ​ឲ្យ​សីតុណ្ហភាព​កើន​ឡើង​ ១​ អង្សាសេ ​ជាមធ្យម​ក្នុង​រយៈ​ពេល​មួយ​សតវត្សរ៍​ចុង​ក្រោយ​ និង​កាន់​តែ​ក្ដៅ​នៅ​តំបន់​វាល​គ្មាន​ទឹក៕ AFP/HR