ក្រុង​ហូជីមិញ៖ ឡេ​បក​ស្បែក អាពាហ៍ពិពាហ៍​កុមារភាព ការ​អប់រំ​អន់​ខ្សោយ ទាំង​នេះ​ជា​អ្វី​ដែល​ម៉ូដែល​ និង​អ្នក​យុទ្ធនាការ​អក្សរសាស្ដ្រ​វៀតណាម H''Hen Nie ​​ពុះពារ​​គំនាប​ប្រពៃណី និង​ប្ដេជ្ញា​បង្ហាញ​ក្មេង​ជំនាន់​ក្រោយ​នូវ​បរិបទ​ថ្មី​។

រាជនី​សម្ផស្ស​ Miss Universe Vietnam  ឆ្នាំ​​ ២០១៧ ដែល​មក​ពី​ក្រុម​កុលសម្ព័ន្ធ​ Ede ភាគ​កណ្ដាល​ខ្ពង់​រាប មាន​អាយុ ១៤ ​ឆ្នាំ នៅ​ពេល​ម្ដាយ​របស់​នាង​ ដែល​ជា​កសិករ​ទទូច​ឱ្យ​នាង​រៀបការ​។

បវរកញ្ញា​វ័យ ២៨ ​ឆ្នាំ​រូប​នេះ​ប្រាប់​ AFP ថា​៖ «ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច​ចំពោះ​ការ​រៀបការ​ណាស់​។ ពេល​នោះ ខ្ញុំ​ចូលចិត្ដ​ហែល​ទឹក ​លេង​ទោង​រំអិល និង​ដើរ​លេង​ព្រៃ​»។

បច្ចុប្បន្ន​ក្នុង​នាម​ជា​ស្ដ្រី​ជនជាតិ​ភាគតិច​ដំបូង​ដែល​បាន​គ្រង​មកុដរាជនី​វៀតណាម H''Hen ត្រូវ​បាន​ចាត់​ទុក​ជា​​និមិត្តរូប​​ ដែល​បន្ដ​តំណាង​ឱ្យ​​​វៀតណាម​​លើ​ឆាក​អន្ដរជាតិ​នៃ​ពិភព Miss Universe  និង​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ៥​។

នាង​ក្លាយ​ជា​អ្នក​តំណាង​អង្គការ​ពិភពលោក Room to Read ដែល​ផ្ដោត​លើ​ការ​អប់រំ​ក្មេង​ស្រី​ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ វា​ជា​បញ្ហា​កាន់​តែ​រសើប​ ខណៈ​វិបត្ដិ​កូរ៉ូណា​នៅ​តែ​គ្មាន​សមភាព​ទូទាំង​សកល​លោក​។

ស្ដ្រី​ជនជាតិ​ជើមភាគតិច Ede គ្រង​មកុដ​បវរកញ្ញា​ចក្កវាឡ​វៀតណាម ឆ្នាំ​២០១៧ ​​​​។ រូបថត AFP

ជាមួយ​បង​ប្អូន ៦ ​នាក់​​ កញ្ញា H''Hen បាន​ដឹង​ច្បាស់​ថា ខ្លួន​ជា​ស្រី និង​អម្បូរ​កុលសម្ព័ន្ធ​ មិន​អាច​រើ​ខ្លួន​រួច​ពី​សម្ពាធ​ប្រពៃណី​ឡើយ តែ​នាង​នៅ​តែ​បន្ដ​ជម្នះ​គ្រប់​ឧបសគ្គ​ សូម្បី​តែ​សម្ផស្ស​ក៏​ជា​ប្រធានបទ​ត្រូវ​តស៊ូ​ផង​ដែរ​។

ពណ៌​សម្បុរ​ស្រអែម​ត្រូវ​បាន​ចាត់​ទុក​ជា​សម្រស់​មិន​សូវ​​និយម​នៅ​ទូទាំង​តំបន់​អាស៊ី​។​ ក្រោយ​​មាន​​ការ​តវ៉ា​ Black Lives Matter ជា​សកល ការ​​រិះគន់​​​ចាប់​ផ្ដើម​ផ្ទុះ​ឡើង​ប្រឆាំង​​ជំនឿ​​ថា សម្បុរ​​ស្បែក​ស​ជា​ជម្រើស​ដ៏​ស្រស់​ស្អាត​។

នាង​ធ្វើ​ជា​អ្នក​បម្រើ​ដើម្បី​រក​ប្រាក់​បង់​ថ្លៃ​សិក្សា​ និង​ផ្គត់ផ្គង់​គ្រួសារ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នាង​​​រៃ​អង្គាស​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​កសាង​បណ្ណាល័យ​នៅ​តាម​បណ្ដា​ខេត្ដ​ដាច់​ស្រយាល​ និង​ឧបត្ថម្ភ​ក្មេង​ស្រី​នៅ​ទូទាំង​តំបន់​អាស៊ី និង​អាហ្វ្រិក​ឱ្យ​រៀន​ដល់​ចប់​ថ្នាក់​វិទ្យាល័យ​។

នាង​ថា​៖ «​បើ​គាត់​ជា​សិស្ស ខ្ញុំ​លើក​​ទឹក​ចិត្ដ​គាត់​ឱ្យ​សិក្សា​បន្ថែម​។ បើ​គាត់​​ជួប​ការ​លំបាក ខ្ញុំ​​​​ជួយ​បង់​ថ្លៃ​សិក្សា​​ខ្លះ​។ ខ្ញុំ​​​ចែក​រំលែក​សារ​នេះ​ និង​​អាច​ផ្លាស់​ប្ដូរ​ជីវិត​មនុស្ស​ខ្លះ​»៕ AFP/HR