ក្រុង​វ៉ាស៊ីងតោន៖ រាជនី​សម្រស់​ម៉ិកស៊ិក​ បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាឡ ឬ «Miss Universe» កាល​ពីថ្ងៃ​អាទិត្យ​នៅ​រដ្ឋ Florida ក្រោយ​ពី​រាជនី​តំណាង​ជាតិ​​មីយ៉ាន់ម៉ា​ឆ្លៀត​យក​ពេលវេលា​នៃការ​ប្រកួត​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​មហាជន​ក្នុង​ការ​ក្រឡេក​មើល​បញ្ហា​រដ្ឋប្រហារ​យោធា​បង្ហូរ​ឈាម។

រាត្រី​ថ្ងៃ​អាទិត្យ ​ជា​ការ​ប្រារឰ​នៃការ​វិល​មក​វិញ​ចំពោះ​កម្មវិធី​ប្រកួត​បវរកញ្ញា Miss Universe លើ​កញ្ចក់​ទូរទស្សន៍​ ក្រោយ​ពី​ការ​ប្រកួត​កញ្ញា​ឯក​ត្រូវបាន​លប់​ចោល​ក្នុង​ឆ្នាំ​ ២០២០ ជា​លើក​ដំបូង​ដោយសារ​វិបត្ដិ​កូវីដ​សកល។

កញ្ញា Andrea Meza អាយុ ២៦ ​ឆ្នាំ បាន​ឈ្នះ​កញ្ញាឯក​ប្រេស៊ីល និង ​ប៉េរូ ក្នុង​ព្រឹត្ដិការណ៍​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ ដែល​រៀបចំ​ឡើង​ដោយ​តារា​ភាពយន្ដ​អាមេរិក​ ម៉ារីអូឡូប៉េសនិង​តារា​ទូរទស្សន៍ អូលីវៀ ឃូលប៉ូ។

ឈុត​តំណាង​ជាតិសិង្ហបុរី​រំលេច​សារ​បញ្ឈប់ការ​រើសអើង​ជនជាតិអាស៊ី និង​ឈុត​តំណាត​ជាតិ​មីយ៉ាន់ម៉ា ទាញចំណាប់អារម្មណ៍​ពិភពលោក​​ពីបញ្ហា​នយោបាយ​ប្រទេសខ្លួន។ AFP

អតីត​បេក្ខភាព​បវរកញ្ញា​ ឆេសលី គ្រីស កញ្ញា ផូលីណា វេហ្គា និង​កញ្ញា ដេមី-ឡៃតេបូវ (ដែល​បាន​ឈ្នះ​មកុដ​ក្នុង​ឆ្នាំ​ ២០១៧) បាន​ធ្វើ​ជា​អ្នក​វិភាគ​​ និង​អធីការិនី​ ក៏​ដូចជា​គណកម្មការ​វិនិច្ឆ័យ​ដែល​មាន​ស្ដ្រី​ ៨​ នាក់។

គ្រង​ឈុត​រាត្រី​ពណ៌​ក្រហម​ឆ្អៅ​ កញ្ញា Meza បាន​ដើរ​ទាំង​ទឹក​ភ្នែក​ហូរ​ក្នុងនាម​ជា​បវរកញ្ញា Miss Universe ជា​លើក​ដំបូង​ មុន​ពេល​វិល​មក​ឱប​បេក្ខនារី​ប្រកួត​ដទៃ​ទៀត។

កញ្ញា Meza បាន​ឈ្នះ​បេក្ខនារី​ជាង ៧០​ នាក់​ មក​ពី​ជុំវិញ​ពិភពលោក​ចំពោះ​ការ​ប្រកួត​ Miss Universe លើ​កទី៦៩ ដែល​ត្រូវ​បាន​រៀបចំ​នៅ​សណ្ឋាគារ Hard Rock Hotel & Casino ​ក្នុង​ក្រុង​ហូលីវូដរដ្ឋ Florida។

ការប្រកួត​បវរកញ្ញា​​ចក្កវាឡ​ឆ្នាំ ២០២០ ​កាលពី​ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ ២០២១ នៅ​រដ្ឋ​ហ្វ្លរីដា សហរដ្ឋ​អាមេរិក។ AFP

ប៉ុន្មាន​ថ្ងៃមុន​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ កញ្ញា​ឯក​មីយ៉ាន់ម៉ា Thuzar Wint Lwin ដែល​បាន​ឈាន​ដល់​វគ្គ ២១ ​នាក់​ចុងក្រោយ បាន​ទទួល​ការ​ចាប់​អារម្មណ៍ ពេល​កញ្ញា​ប្រើ​វេលា​លើ​វេទិការ​ក្នុង​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​លើ​រឿង​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ខ្លួន។

កញ្ញា​បាន​និយាយ​អំឡុង​ពេល​សម្ពាធ​វីដេអូ​ស្ដីពី​ជីវប្រវត្ដិ​ ដែល​បាន​បង្ហាញ​រូបថត​កញ្ញា​ចូលរួម​ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ថា​៖ «​ប្រជាជន​យើង​កំពុង​តែ​បន្ដ​ស្លាប់ និង​ត្រូវបាន​បាញ់​ប្រហារ​ដោយ​ទាហ៊ាន​រៀងរាល់​ថ្ងៃ។ ដូច្នេះខ្ញុំ​ចង់​ទទូច​សុំ​អ្នក​រាល់​គ្នា​និយាយ​ពី​​មីយ៉ាន់ម៉ា​ផង»។

កញ្ញា​ក៏​បាន​ឈ្នះ​ពាន​គ្រង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ជាតិ​ល្អ​បំផុត​ អំឡុង​ពេល​ការ​ប្រកួត​រៀបចំ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ កញ្ញា​គ្រង​ឈុត​រំលេច​អត្ដសញ្ញា​ណ​ប្រពៃណី​ភូមា​ និង​បាន​លើក​បដាថា «​សូម​បួង​សួង​ឱ្យ​មីយ៉ាន់ម៉ា» ឬ «Pray for Myanmar»។

បេក្ខនារី​២​នាក់​ចុងក្រោយ​ ក្នុង​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ ២០២១ នៅ​រដ្ឋ​ហ្វ្លរីដា សហរដ្ឋ​អាមេរិក។ AFP

បវរកញ្ញា​ សិង្ហបុរីកញ្ញា ប៊ើណាដេត ប៊ែលអ៊ុង ដែល​មិន​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ ២១​នាក់ ក៏​បាន​ប្រើ​វេទិការ​គ្រង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ​បង្ហាញ​សារ​នយោបាយ​ផង​ដែរ។

គ្រងក្រណាត់​​ក្រហម​ និង​ស ជា​អត្ដសញ្ញាណ​ទង់ជាតិ​​ ​​លើ​ឈុត​ក្នុង​ក្រហម កញ្ញា​ដើរ​ត្រឡប់​ក្រោយ​ជាមួយ​នឹង​ការ​បង្ហាញ​សារ​សំខាន់​លើ​ក្រណាត់​គ្រប​ ដោយ​រំលេចនូវ​ពាក្យ​ពេចន៍​ថា «​បញ្ឈប់​ការ​ស្អប់​ជន​ជាតិ​អាស៊ី» ឬ «Stop Asian Hate»។

កញ្ញា Andrea Meza អាយុ ២៦ឆ្នាំ ឈ្នះមកុដ​បវរកញ្ញា​​ចក្កវាឡ​ឆ្នាំ ២០២០។ AFP

កញ្ញា​បាន​សរសេរ​នៅ​លើ​អ៊ីនស្ដាក្រាម​អម​ដោយ​រូបភាព​សម្លៀកបំពាក់​តំណាង​ជាតិ​ថា​៖ «​តើ​វេទិការ​នេះ​បង្កើត​ឡើង​ដើម្បី​អ្វីបើ​ខ្ញុំ​មិន​អាច​បញ្ជូន​សារ​ប្រឆាំង​នឹង​ការ​រើស​អើងនិង​អំពើ​ហិង្សា​បាន?​»។

ការ​ប្រកួត​បវរកញ្ញា​ក៏​ទាក់ទាញ​ការ​រិះ​គន់​លើ​ការ​បង្ហាញ​កាយ​សិចស៊ី​របស់​កញ្ញា​ឯក​នីមួយៗ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះការ​ប្រកួត​ហាក់​មាន​ការ​ផ្លាស់​ប្ដូរ​ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ផ្ដល់​តម្លៃ​​ស្ដ្រីនិង​ភាព​ជា​សកម្មជនស្ដ្រី​៕ AFP/HR

បេក្ខនារី​ជម្រុះ​វគ្គចុងក្រោយ ពីការប្រកួត​ដែល​មានបវរកញ្ញា​ពី​បណ្ដាប្រទេសជាង ៧០​ ជុំវិញពិភពលោក។ AFP

បវរកញ្ញាចក្កវាឡ​ឆ្នាំ ២០២០ និង​បវរកញ្ញាចក្កវាឡ​ឆ្នាំ ២០១៩ ថត​រូបអនុស្សាវរីយ៍​ជាមួយគ្នា។ AFP

បវរកញ្ញា​ម៉ិកស៊ិក Andrea Meza អាយុ ២៦​ឆ្នាំ ក្នុងឈុត​តំណាង​ជាតិ។ AFP