ភ្នំពេញៈ គ្រាន់តែផុតកុងត្រាជាតារាចម្រៀងនៃទ្រនំចាស់ហង្សមាស ហើយនៅមិនទាន់រកទ្រនំថ្មីផងនោះ ស្រាប់តែតារាចម្រៀងស្រីកំពុងតែផុសភាពល្បីតាមបណ្តាញយូធូបក្នុងនាមជាតារាចម្រៀងឯករាជ្យកញ្ញា បាន មុន្នីល័ក្ខ បានប្រកាសប្រាប់មិនទទួលខុសត្រូវចំពោះទង្វើមិនល្អចំពោះគណនីហ្វេសប៊ុករបស់នាងដែលត្រូវបានគេបន្លំឈ្មោះនាពេលថ្មីៗនេះ។
តារាចម្រៀងស្រីរូបស្រស់សោភា កញ្ញា បាន មុន្នីល័ក្ខ អតីតជាបេក្ខនារីប្រកួតនៅក្នុងកម្មវិធី «The Voice Cambodia» រដូវកាលទី ១ ត្រូវទស្សនិកជនសង្កេតឃើញថា បច្ចុប្បន្ននាងមានប្រជាប្រិយភាពខ្លាំង និងមានវត្តមានច្រៀងស្ទើរតែគ្រប់កម្មវិធីសិល្បៈទាំងតូចទាំងធំតែម្តង។
ចាប់តាំងពីចាកចេញពីទ្រនំហង្សមាសមកធ្វើជាតារាឯករាជ្យមកកញ្ញា បាន មុន្នីល័ក្ខ ក៏តែងតែបានបញ្ចេញនូវបទថ្មីជាបន្តបន្ទាប់ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជនក៏មិនចាញ់កាលនៅទ្រនំចាស់ដែរ។ ស្របពេលកំពុងតែមានប្រជាប្រិយភាពខ្លាំងនេះក៏ស្រាប់តែមានជនទុច្ចរិតបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយបន្លំយកឈ្មោះកញ្ញា បាន មុន្នីល័ក្ខ ក្នុងគោលបំណងរកប្រយោជន៍ផ្ទាល់ខ្លួនជាដើម។ ដោយសារខ្លាចជនខិលខូចយកហ្វេសប៊ុកមានឈ្មោះនាងទៅប្រព្រឹត្តរឿងណាមិនល្អ ឬបង្កឲ្យមានការប៉ះពាល់ដល់ខ្លួននោះទើបកញ្ញា បាន មុន្នីល័ក្ខ ចេញសារប្រកាសជាមុនពីការមិនទទួលខុសត្រូវលើគណនីហ្វេសប៊ុកក្លែងក្លាយ និងប្រាប់គណនីហ្វេសប៊ុកពិតរបស់ខ្លួនដល់អ្នកគាំទ្រភ្លាមៗដែរ។
ការក្លែងបន្លំគណនីហ្វេសប៊ុករបស់កញ្ញាបានកើតឡើងតាំងពីពេលណា ហើយមានបង្កបញ្ហាអ្វីខ្លះឬនៅ និងមានវិធានការយ៉ាងណាចំពោះជនក្លែងបន្លំនោះកញ្ញា បាន មុន្នីល័ក្ខ មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយដោយសារនាងជាប់រវល់ប្រជុំ ខណៈភ្នំពេញប៉ុស្តិ៍បានទាក់ទងទៅកាន់ប្រព័ន្ធទូរស័ព្ទនាង បែរជាត្រូវបងស្រីនាងលើកទទួលជំនួសកាលពីល្ងាចម្សិលមិញ។ ស្ត្រីជាបងស្រីរបស់ មុន្នីល័ក្ខ ឆ្លើយថា៖ «ពេលនេះ អាល័ក្ខ កំពុងតែប្រជុំ ហើយចាំចប់ប្រជុំ ខ្ញុំនឹងប្រាប់គាត់ឲ្យតេទៅវិញ»។
តែកញ្ញា បាន មុន្នីល័ក្ខ បង្ហើរសារបញ្ជាក់ថា៖ «នាងខ្ញុំ បាន មុន្នីល័ក្ខ ជម្រាបពុកម៉ែបងប្អូន និងមិត្តភក្តិក្នុង Facebook ដែលគាំទ្រនាងខ្ញុំបានជ្រាបថា បច្ចុប្បន្ននេះនាងខ្ញុំមានតែ Account fb : Ban Monyleak និង Page Fb ឈ្មោះ Ban Monyleak-we តែប៉ុណ្ណោះជាផ្លូវការ។ ចំពោះ Page FB ឈ្មោះ Ban-Monylek ខាងក្រោមនេះជា Page ក្លែងក្លាយ»៕