ភ្នំពេញ៖ គ្រាន់តែតារាចម្រៀងស្រីកញ្ញា បាន មុន្នីល័ក្ខ ឆ្លៀតប្រកបរបរអនឡាញបន្ទាប់បន្សំ លក់ផ្លែឈើនានាតាមរដូវកាល ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារខ្លួននោះ ក៏ស្រាប់តែមានលេចឮដំណឹងថា កញ្ញាកំពុងធ្លាក់ខ្លួនមកលក់ទុរេន ធ្វើឱ្យភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម។
បើតាមស្ថានភាពបច្ចុប្បន្ន ព្រោះតែជំងឺកូវីដ ១៩ មិនត្រឹមតែបានធ្វើឱ្យមានផលវិបាកទៅដល់ខ្ទង់ចំណូលនៃជីវភាពគ្រួសារគ្រប់មជ្ឈដ្ឋានទេ សូម្បីតែក្រុមសិល្បករ-សិល្បការិនីមួយចំនួន ដែលប្រភពចំណូលអាស្រ័យលើសិល្បៈនោះ ក៏ជួបបញ្ហាស្រដៀងគ្នាដែរ។
ជាក់ស្តែងពេលថ្មីៗនេះ ឃើញតារាចម្រៀងរាងល្អិត សាច់សខ្ចី សម្រស់ស្អាតកញ្ញា បាន មុន្នីល័ក្ខ តែងតែបង្ហោះ Live វីដេអូលក់ផ្លែទុរេន ផ្លែសាវម៉ាវ និងផ្លែឈើផ្សេងៗ តាមរដូវកាលនោះ ក៏រងដំណឹងបែបរិះគន់ថា៖ «ធ្វើជាតារាចម្រៀង ដល់ថ្នាក់មកដើរលក់ទុរេន!»។
ក្រោយពីបានឃើញអ្នកសិល្បៈដូចគ្នា គឺកញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា ថតរូបអ្នកដែលថា ដូចខាងលើភ្ជាប់នឹងពាក្យខ្លីថា «យីស!» និងTag ឈ្មោះឱ្យបានឃើញមកនោះ កញ្ញា បាន មុន្នីល័ក្ខ ក៏សម្តែងនូវការហួសចិត្តផងដែរ សម្រាប់អ្នកនិយមរិះគន់អ្នកសិល្បៈតាមបណ្តាញសង្គមហ្វេសប៊ុក។
កញ្ញា បាន មុន្នីល័ក្ខ បានតបសារថា៖ «ខម៊ិន ទាំងព្រឹកហ្មងបង សុំយោបល់ហ្វេនៗ ម្នាក់មួយម៉ាត់មក! ធ្លាក់ខ្លួន ឬមិនធ្លាក់ខ្លួនគឺខ្ញុំទេបង ដែលដឹងច្បាស់បងប្រុស! ជាមុខរបរសុចរិតមិនមែនទៅឆក់ប្លន់គេទេបង បងកុំទៅថាឱ្យអ្នកផ្សេងអ៊ីចឹងណាបង សម្រាប់ខ្ញុំ គឺមិនអីទេបង ខ្ញុំមិនខឹងទេ។ អរគុណសម្រាប់ពាក្យនេះ ដែលធ្វើឱ្យខ្ញុំរឹតតែចង់រកស៊ីបន្ថែមទៀត»។
រំពេចនោះ ក៏មានអ្នកគាំទ្របែបនិយាយកាន់ជើងនឹងតារាចម្រៀងស្រី អតីតច្រៀងនៅផលិតកម្ម We Production និងបច្ចុប្បន្ននេះ កំពុងជ្រកនៅទ្រនំថ្មីផលិតកម្មថោន កញ្ញា បាន មុន្នីល័ក្ខ ភ្លាមៗផងដែរ។ មានហ្វេនតបសារថា៖ «មនុស្សស្រីចេះរកស៊ី គឺល្អខ្លាំងណាស់ ចង់គេរកស៊ីលក់អ្វីក៏ដោយ ឱ្យតែគេលក់របស់ហ្នឹងវាត្រូវ មានអ្វីត្រូវខុស គេលក់ទុរេនសោះហ្នឹង! ពាក្យថាធ្លាក់ខ្លួន គឺគ្មានសល់អីសោះ បើគាត់ធ្លាក់ខ្លួន មានដើមណាមកទិញទុរេនលក់ ស្មានចំណាយដើមតិចលក់បានមែន? ចេះតែមានហ្មង សំខាន់គេមិនមែនទៅយករបស់អ្នកឯងណា!»។
គួរឱ្យកត់សម្គាល់ផងដែរថា កាលពីដើមឆ្នាំ ២០២០ គ្រាន់តែដូរទ្រនំថ្មីភ្លាម តារាចម្រៀងស្រីរាងល្អិត សំឡេងធ្ងន់ កញ្ញា បាន មុន្នីល័ក្ខ ក្តាប់ឱកាសបន្ថែមលើវិថីសិល្បៈ ដោយសារផលិតកម្មថោន បានជ្រើសកញ្ញាជាតួឯកស្រីក្នុងកុនភាគរឿង «ព្រហ្មលិខិតដុះស្លាប» ជាមួយតួប្រុសតារាចម្រៀងលោក ម៉ៅ ហាជី។
កញ្ញា បាន មុន្នីល័ក្ខ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ យ៉ាងខ្លីថា៖ «នាងខ្ញុំពិតជា ទទួលបានតំណែងជាតួឯកមែន សម្រាប់កុនភាគរឿង «ព្រហ្មលិខិតដុះស្លាប» តែរឿងនេះ មិនមែនមានន័យថា នាងខ្ញុំទើបចាប់ផ្តើមថតកុន នាពេលនេះនោះទេ គឺថានាងខ្ញុំធ្លាប់ថតកុនភាគ-ដំបូង កាលពីពេល ៤-៥ ឆ្នាំមុន រួចមកហើយផងដែរ»៕