សិង្ហបុរី: ស៊ីងហ្គាពួរស្លីង (Singapore Sling) ជា​ស្រាក្រឡុក​ដ៏ល្បីល្បាញ​ក្នុង​ទីក្រុង​ត្រូវ​បាន​អ្នក​ក្រឡុក​ស្រា​ប្រើ​គ្រឿងផ្សំ​ថ្មី​ក្នុង​គ្រា​រូបមន្ដ​ចាស់​លែង​ក្លាយ​ជា​រសជាតិ​ពេញនិយម​សម្រាប់​ទេសចរ​ជំនាន់​ថ្មី​។

ភេសជ្ជៈ​ពណ៌​ផ្កាឈូក និង​ប្រើ​ស្រា​ជីន​ច្រើន​ធ្លាប់​ជា​ស្រា​ក្រឡុក​ដ៏ពេញនិយម​សម្រាប់​ភ្ញៀវ​មក​ស្នាក់​អាស្រ័យ​សណ្ឋាគារ​សម័យ​អាណានិគម Raffles Hotel ជាទី​ដែល​បម្រើ​ភេសជ្ជៈ​នេះ​នៅ​បារ៍​ប្រវត្ដិសាស្ដ្រ​របស់​ខ្លួន Long Bar​។

លោក គ្រីស្ទៀន វ៉េសបេល ជា​នាយក​គ្រប់គ្រង​ទូទៅ​សណ្ឋាគារ​បាន​ប្រាប់ AFP ថា​៖ «​យើង​លែង​ប្រើ​គ្រឿង​ផ្អែម ហើយ​យើង​រក្សា​តុល្យភាព​រសជាតិ​កាន់តែ​ប្រសើរ​»​។

វា​នៅ​តែ​ក្រឡុក​ឡើង​ពី​ស្រា​ជីន ស្រា​ឈើរី ទឹក​ម្នាស់ និង​ស្រា​ល្វីង តែ​ប្រើ​គ្រឿង​ផ្សំ​ច្រើនៗ​ដែល​អ្នក​ជំនាញ​រូបមន្ដ​អះអាង​ថា រសជាតិ​កាន់តែ​គាប់ចិត្ត​មនុស្ស​សម័យថ្មី​។

ស្រាក្រឡុក​ស៊ីងហ្គាពួរស្លីង​នេះ​មាន​ប្រវត្តិ​កកើត​តាំងពី​ឆ្នាំ​ ១៩១៥​។ រូបថត AFP

បារ៍ Long Bar ថ្មីៗ​នេះ​បាន​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​ក្រោយពី​ជួសជុល កែលម្អ ហើយ​ក៏​ជា​វេលា​ត្រូវ​ប្រកាស​ថា ស៊ីងហ្គាពួរស្លីង បាន​ផ្លាស់ប្ដូរ​ដែរ​។ ស្រា​ក្រឡុក​នេះ​ត្រូវ​បាន​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​ ១៩១៥ នៅ​បារ៍​នេះ​ដែល​ជា​ទីឋាន​ពេញនិយម​សម្រាប់​ក្រុម​អាណានិគម​អង់គ្លេស និង​ម្ចាស់​ចម្ការកៅស៊ូ​មកពី​ម៉ាឡាយ៉ា​។

ពេល​នោះ​វា​ជា​ស្រា​ក្រឡុក​មិន​សម្រាប់​ស្ដ្រីភេទ​ផឹក​នៅ​ទីសាធារណៈ​ទេ តែ​ស៊ីងហ្គាពួរស្លីង ដែល​មាន​រូប​ឆោម​ស្រស់ស្អាត​រហូត​ដល់​គេ​ជឿថា វា​ជា​ទឹក​ផ្លែឈើ​ថែម​ទៀត​នោះ កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំងក្លា​។

ក្រុម​អ្នក​ផលិត​សង្ឃឹម​ថា រូបមន្ដ​កែកុន​ថ្មី​នឹង​នៅ​តែ​អាច​ផ្គាប់​ចិត្ដ​ភ្ញៀវ​ទាំង​ជាតិ និង​អន្ដរជាតិ​។ ជាក់ស្ដែង បារ៍​បុរាណ​នេះ​នៅ​តែ​ទទួលភ្ញៀវ​ច្រើន​សន្ធឹក​ដែល​ភាគច្រើន​រីករាយ​នឹង​រសជាតិ ស៊ីងហ្គាពួរស្លីង បែប​ថ្មី​។

ភ្ញៀវទេសចរ​អង់គ្លេស​អ្នកនាង Bridget Stevenson បាន​និយាយ​ថា​៖ «​ការផ្សំ​គ្រឿង​ដ៏ស្រស់ស្អាត និង​រសជាតិ​ឆ្ងាញ់​ពិសា ហើយ​ខ្ញុំ​ចូលចិត្ដ​មក​ទី​នេះ​»៕ HR