ក្រុងសេអ៊ូល៖ ស្ថិតក្រោមពន្លឺភ្លើងពណ៌នៃខណ្ឌរាត្រីហុងដែ ទីក្រុងសេអ៊ូល អគារតូចមួយរំលេចរូបភាពកម្មករសំណង់រចនាប័ទ្មកូរ៉េខាងជើង ដែលចង្អុលទៅកាន់ពាក្យស្លោក «មើល! វាជាបារ៍ក្រុងព្យុងយ៉ាង»។
អត់មានប្រៃសណីយ៍ ទូរស័ព្ទ ឬខ្សែដឹកជញ្ជូនសាធារណៈរវាងកូរ៉េទាំង ២ ដែលបែងចែកឧបទ្វីបកូរ៉េ តែតៀមស្រារចនាប័ទ្មកូរ៉េខាងជើងតែមួយក្នុងក្រុងសេអ៊ូល មានបំណងឲ្យអតិថិជនរបស់ខ្លួនភ្លក្សរសជាតិជីវិតអ្នករស់នៅក្នុងប្រទេសមានមហិច្ឆតានុយក្លេអ៊ែរ។
ម្ចាស់ហាង ចាង វូយុង មិនធ្លាប់ទៅដល់តំបន់គ្មានកងទ័ព ដែលបែងចែកកូរ៉េទាំង ២ ហើយពលរដ្ឋកូរ៉េខាងត្បូងត្រូវការការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីធ្វើទស្សនកិច្ច តែការតុបតែងក្នុងបារ៍យកលំនាំតាមទិដ្ឋភាពពីព្រំដែន។
បរិវេណបារ៍ត្រូវបានតុបតែងជាមួយបដាស្ទីលកូរ៉េខាងជើង ជញ្ជាំងពណ៌បៃតងខ្ចី និងពណ៌ទឹកក្រូចដែលដូចនឹងប្លុកអគារអាផាតមិនក្រុងព្យុងយ៉ាង ក៏ដូចជាពាក្យស្លោកជុំវិញបារ៍ ដែលត្រូវបានសរសេរជាអក្សរពណ៌សក្រហម ស្រដៀងនឹងទស្សនៈកូរ៉េខាងជើង។
ទោះនៅមុនពេលបើកសម្ពោធមុខរបរ លោក ចាង ត្រូវបានបញ្ជាដោយអាជ្ញាធរឲ្យរុះរើរូបលោក គីម អ៊ីលស៊ុង និងលោក គីម ជុងអ៊ីល ជាជីតា និងឪពុករបស់មេដឹកនាំបច្ចុប្បន្ន លោក គីម ជុងអ៊ុន ពីខាងក្រៅអគារបារ៍ តែម្ចាស់បារ៍រូបនេះថា លោកពុំមានចេតនានយោបាយឡើយ។
លោក ចាង ដែលនាមប័ណ្ណរបស់លោកសរសេរពាក្យអង់គ្លេសចំពោះក្រុងព្យុងយ៉ាងរបស់កូរ៉េខាងជើងថា៖ «ខ្ញុំគ្មានបំណងធ្វើឲ្យអាប់យស ឬលើកតម្កើងកូរ៉េខាងជើងនោះទេ។ ខ្ញុំគ្រាន់តែមនុស្សម្នាក់ស្មោះត្រង់នឹងមូលធននិយម»។
លោកធ្លាប់បើកភោជនីយដ្ឋានជប៉ុន តែដោយកូរ៉េខាងត្បូង និងជប៉ុននៅរកាំរកូសទំនាក់ទំនងការទូតដ៏ល្វីងជូរចត់ អតិថិជនរបស់លោកបានធ្លាក់ចុះ ៥០ ភាគរយ ហើយលោកក៏បានបើកភោជនីយដ្ឋានថ្មីនេះ។
លោកនិយាយថា៖ «មនុស្សជាច្រើនមកទីនេះ ដោយអ្នកខ្លះដែលអាណិតស្រឡាញ់កូរ៉េខាងជើង និងអ្នកខ្លះទៀតដែលស្អប់កូរ៉េខាងជើង តែមនុស្សភាគច្រើន ប្រមាណ ៨០ ទៅ ៩០ ភាគរយ គ្រាន់តែចង់មកក្រេបបទពិសោធកម្សាន្តប៉ុណ្ណោះ»។
តារាងមុខម្ហូបមានម្ហូបកូរ៉េខាងជើង ដូចជា មីត្រជាក់ក្រុងព្យុងយ៉ាង និងភេសជ្ជៈបិតយីហោរំលេចទស្សនីយភាពកូរ៉េខាងជើង។ ហាងលក់វត្ថុអនុស្សាវរីយ៍ ១ មានលក់ផលិតផលកំប៉ិកកំប៉ុក និងអាហារកូរ៉េខាងជើង។
ហាងក៏លក់សម្លៀកបំពាក់ប្រពៃណីកូរ៉េក្នុងពណ៌ស្រស់ឆើតឆាយដែលប្រទះឃើញនៅព្រំដែនកូរ៉េខាងជើង លើសពីប្រពៃណីកូរ៉េខាងត្បូង។
អ្នកស្រី ណា មីនហ៊ី អាយុ ៣០ ឆ្នាំ មកពីកូរ៉េខាងជើង ដែលបានមកដល់កូរ៉េខាងត្បូងពីឆ្នាំ ២០១៦ បានពោលថា៖ «សំណេរ និងពាក្យស្លោកលម្អិត ដូចនៅទឹកដីខាងជើង ហើយកន្លែងបែបនេះជួយរំលេចការពិតមានបង្កប់ភាពភ័យរអាតិចតួច លាយឡំនឹងភាពវិជ្ជមានច្រើន»៕ AFP/HR