ក្រុងរ៉ូម: សារ​សរសេរ​ដៃ​នៅ​លើ​បដា​​បង្ហាញ​យ៉ាង​ច្បាស់​ៗ​ថា ការ​បើកមាត់​និយាយ​អំពី​វីរុស​កូរ៉ូណា ការ​បិត​ប្រទេស ឬ​ប្រធាន​បទ​វិទ្យសាស្ដ្រ​ស្ដីពី​វីរុស​អី​គឺ​ត្រូវ​ហាម​ឃាត់​ទាំង​អស់។

ក្នុង​​បារ៍​ដ៏​តូច​​នៅជាយ​ក្រុង​រ៉ូម​នេះ អ្នក​គ្រប់​គ្រង​រំពឹង​ថា​នឹង​ផ្ដល់​ឲ្យ​អតិថិជន​នូវ​អារម្មណ៍​សាក​ស្រាន​មួយ​ភ្លែត​ពី​បញ្ហា​វិបត្ដិ​កូវីដ​សកល​ ខណៈ​ពួកគេ​កំពុង​ក្រេប​កាហ្វេ។

គ្រីស្ទីណា ម៉ាទីអូលី ជា​អ្នក​គ្រប់​គ្រងបារ៍​ the Feeling បាន​ប្រាប់ AFP ថា​៖ «​យើង​បាន​ជជែក​អំពី​ប្រធាន​បទ​នេះ​ដដែល​ៗ​រាប់​ខែ​មក​ហើយ ដូច្នេះយើង​​បាន​ជ្រើស​រើស​បរិយាកាស​គ្មាន​ការ​រំឭក​ពី​ជំងឺ​ឆ្លង​នេះ​»។

ជា​ប្រទេស​នៅ​អឺរ៉ុប​ដំបូង​ដែលរង​នូវ​វិបត្ដិ​កូវីដ អ៊ីតាលី​ស្ថិត​នៅ​ក្រោម​ស្រមោល​នៃ​កូវីដ​លើស​គេ និង​រង​នូវ​វិធាន​ការ​រឹត​ត្បិត​ខ្លាំង​ជាង​គេ​នៅ​អឺរ៉ុប។ ក្រោយ​ពី​វិស្សមកាល​រដូវ​ក្ដៅ​ប៉ុន្មាន​សប្ដាហ៍ ដែល​ជីវិត​រស់​នៅ​ស្ទើរតែ​វិល​ទៅ​រក​សភាព​ដើម វិបត្ដិកូវីដ​បាន​ត្រឡប់​មក​ជា​ថ្មី​ រួមទាំង​សេចក្ដី​មរណៈ​កើន​ឡើង​ខ្លាំង​ផង​ដែរ។

អ្នកស្រី ម៉ាទីអូលី បាន​និយាយ​ថា​៖ «​មិន​មែន​យើង​មិន​ដឹង មិន​យល់​ចំពោះ​ការ​លំបាក​ដែល​ពិភពលោក​កំពុង​ប្រឈម​នោះទេ តែ​យើង​ត្រូវការ​សម្រាក​បន្ដិច​ប៉ុណ្ណោះ​»។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា អតិថិជន​ភាគ​ច្រើន​នៅ​ក្នុង​បារ៍មាន​ប្រតិកម្ម​វិជ្ជមាន​ចំពោះ​បម្រាម​នោះ។ ប្រ៊ូណា ព្យាហ្សា ជា​ម៉ូយ​ប្រចាំ​ដែល​មក​ទិញ​សំបុត្រ​ឆ្នោត​ផ្សង​​សំណាងគិត​ថា​ វា​ជា​គំនិត​ល្អ។

បុរស​វ័យ ៥៨ ​ឆ្នាំរូប​នេះ បាន​និយាយ​ថា​៖ «​យើង​ពិត​ជា​ធុញ​ទ្រាន់​នឹង​ការ​និយាយ​ច្រំ​ដែល​អំពីរឿង​កូវីដ។ សម្រាក​ខ្លះ​ទៅ​ ពីព្រោះ​ប្រធាន​បទ​មួយ​នេះ​តែងតែ​ឮ​ពេញ​ៗ​ត្រចៀក​គ្រប់​ទី​កន្លែង។ ខ្ញុំ​រីករាយ​ក្នុងការ​ជជែក​អំពី​ប្រធាន​បទ​ផ្សេង​ៗ​ ដូចជា បញ្ហា​អាកាស​ធាតុ ឬ​តារា​ល្បី​ៗ​ជាដើម​»។

ដើម្បី​បំបែក​ការ​ជួប​ជុំ​របស់​មនុស្ស​ច្រើន អ្នកស្រី ម៉ាទីអូលី បាន​ដាក់​ផ្ទាំង​បដា​មួយ​ផ្សេង​ទៀត​ដែល​ផ្ដល់​គំនិត​ចំពោះ​ការ​ជជែក​គ្នា​ រួមទាំង បញ្ហា​ប្រវត្ដិ​សាស្ដ្រ និង​វប្បធម៌​ផង​ដែរ។

អ្នក​ធ្វើ​សក់ មូរីហ្ស៊ីអូ ស៊ីអូការី ជា​ម៉ូយ​ម្នាក់​ទៀតបាន​បន្ដថា​៖ «​វា​ជា​គំនិត​ដ៏​ល្អ​ ហើយ​ខ្ញុំ​សុំ​និយាយថា វា​សំខាន់​ណាស់។ យើង​ត្រូវ​ផ្អាក​ជជែក​ពី​វា​បន្ដិច​ យើង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​រួម​គ្នា មិន​មែន​គ្រាន់​តែ​និយាយ​នោះ​ទេ​»។

ជា​អ្នក​គាំទ្រ​តន្ដ្រី​រ៉ុក​ម្នាក់ បុរស​វ័យ​ ៦៣ ​ឆ្នាំ និយាយ​ថា លោក​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​លើក​មក​ជជែក។ លោក​បន្ដថា​៖ «​យើង​ជជែក​អំពី​អ្វី​ៗ​គ្រប់​យ៉ាង​ រួម​ទាំង​បញ្ហា​ផ្ទាល់​ខ្លួន និង​ចំណូលចិត្ដ​លើ​តន្ដ្រី​»។

ចុះ​មាន​រឿង​អ្វី​កើត​ឡើង​បើ​អតិថិជន​ចាប់​ផ្ដើម​ជជែក​អំពី​រោគ​រីក​រាល​ដាល​ ឬ​លទ្ធភាព​វ៉ាក់សាំង​ទើប​រក​ឃើញ​ថ្មី​ៗ? អ្នកស្រី ម៉ាទីអូលី អាយុ ៣៥ ​ឆ្នាំ បាន​បក​ស្រាយ​ថា​៖ «​គ្មាន​បញ្ហា តែ​ខ្ញុំ​នឹង​បង្ហាញ​ស្លាក​បដា​ឲ្យ​ពួកគេ​មើល​»។

អ្នកស្រី​បន្ថែម​ថា​៖ «​អ្នក​គ្រប់​គ្រង​ហាង​កាហ្វេ​មួយ​ទៀត​នៅ​ទីក្រុង​ត្រេន​ទីណូ ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី ក៏​បាន​តម្លើង​ស្លាក​បដា​ស្រដៀង​គ្នា​នេះ ថ្វីដ្បិតតែ​​​គាត់​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ​ជា​មុន​សិន​ក៏ដោយ​»៕ AFP/HR