ក្រុង​ហ្សាការតា៖ បាឡែន​​ខ្នាត​តូច​ចំនួន ៤៩ ក្បាល​ ដែល​បណ្ដែត​ខ្លួន​មក​ដល់​​ឆ្នេរ​ឥណ្ឌូនេស៊ី​កាលពី​ចុង​សប្ដាហ៍ បាន​​​ងាប់​​​អស់ ៤៦ ក្បាល ​​នៅសល់​ត្រឹមតែ ៣ ក្បាល ​បើ​ទោះជា​ក្រុម​សង្គ្រោះ​​ខិត​ខំ​ព្យាយាម​ជួយ​ពួក​វា។​

ចាប់តាំង​ពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន បាឡែន​ព្រុយ​ខ្លី​យ៉ាង​តិច ៤៩ ​ក្បាល បាន​បណ្ដែត​ខ្លួន​មក​ដល់​ឆ្នេរ​មួយ​នៅ​ដែនកោះ ម៉ាឌូរ៉ា ស្ថិត​នៅ​ភាគខាង​ជើង​ចាវ៉ា។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​របស់​អាជ្ញាធរ។

ក្រុម​អ្នកស្ម័គ្រ​ចិត្ត​​បាន​មក​ប្រមូលផ្ដុំគ្នា​សង្គ្រោះ​ ដោយ​ធ្វើសកម្មភាព​ជួយ​ទាញ​​​​បាឡែន​ទាំង​នេះ​ត្រឡប់ទៅ​សមុទ្រ​វិញ ខណៈ​ដែល​មនុស្ស​ជា​ច្រើន​​ទៀត​ឈរ​មើល​ និង​ថត​សែលហ្វី​ជាមួយ​សត្វ​​​សមុទ្រ​នា​ឱកាស​ដ៏​កម្រ។​

ឆ្នេរសមុទ្រ ពោរពេញ​ដោយ​វត្តមាន​មនុស្ស​មក​ថត​រូបសែលហ្វី​ និង​ក្រុមស្ម័គ្រ​ចិត្ត​សង្គ្រោះសត្វ​។ AFP

ដោយ​អាច​សង្គ្រោះបាន​ត្រឹមតែ ៣​ ក្បាល ​អភិបាលកោះ​ចាវ៉ា​ខាង​កើត លោក Khofifah Indar Parawansa បាន​ចេញសេចក្ដី​ថ្លែង​ការ​​ថា៖ «ជីវិត​បាឡែន​ទាំង​នេះ​គួរ​តែ​ត្រូវបាន​​សង្គ្រោះ​ត្រឡប់ទៅវិញ​ជា​ហ្វូង»។

លោក​បាន​បញ្ជាក់ថា អ្នកជំនាញ​បាន​​យក​បំណែក​នៃ​​ខ្មោច​បាឡែន​ដើម្បីធ្វើការស្រាវជ្រាវ​ពីមូលហេតុ​ដែល​នាំ​ឱ្យពួកវា​ងាប់។

លោក​បាន​ឲ្យដឹង​ទៀត​ថា បាឡែន​ដែល​មាន​ប្រវែង​នីមួយៗ​​ប្រមាណ ពីជាង​ ៣ ទៅជាង​ ៥​ ម៉ែត្រ​ នឹង​ត្រូវ​យកទៅ​កប់​នៅ​តំបន់ឆ្នេរ​​មាន​រលក​ទាប។

ក្រុមស្ម័គ្រ​ចិត្ត​សង្គ្រោះ ខំប្រឹង​ទាញ​បាឡែន​ឲ្យ​វា​ត្រឡប់ទៅ​សមុទ្រវិញ មុនពេល​ផុត​ដង្ហើម​​។ AFP

ចរន្ត​ទឹក​​ផ្ទុយគ្នា​​នៅ​តំបន់​ក្បែរ​ឆ្នេរ​សមុទ្រ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​បាឡែន ដោយ​ពួកវា​អាច​ជាប់​គាំង​នឹង​ផ្កា​ថ្ម ឬ​ថ្ម​​​នៃ​បាត​សមុទ្រ​រាក់ៗ។

ការ​បំពុល​បរិស្ថាន​ ការ​បោះ​ចោល​សំណាញ់ និងកាកសំណល់ប្លាស្ទិក​អណ្ដែត​នៅ​សមុទ្រ ក៏​ជា​កត្តា​ប្រឈម​ដ៏ធ្ងន់ធ្ងរ​ដល់​ជីវិត​​សត្វ​សមុទ្រ​ផង​ដែរ។

កាលពី​ខែ​កក្កដា​ ឆ្នាំ​មុន បាឡែន​ពីឡុត ១០​ ក្បាល​ ដែល​មានប្រវែង​ជាង ៥ ម៉ែត្រ​ បាន​​អណ្ដែត​ងាប់​នៅ​ក្បែរ​ក្រុង គូប៉ាង ភាគ​ខាង​កើត​ខេត្ត​ នូសា តេងហ្គារ៉ា។

កាលពី​ឆ្នាំ ២០០៨ បាឡែន​ sperm whale មួយ​ក្បាល ជា​សត្វ​ខ្នាត​យក្ស​ ដែល​អាច​លូត​លាស់​រហូត​ដល់​ប្រវែង ១៦ ​ម៉ែត្រ ត្រូវ​បាន​ប្រទះឃើញ​ងាប់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​ក្នុងពោះ​វា​​មាន​កែវប្លាស្ទិក ១០០​​ កែវ និង​ថង់ចំនួន​​ ២៥ ថង់។

បញ្ហាយាយី​ជីវិត​សត្វ​សមុទ្រ​ដ៏​ស្ដែងៗ​​​នេះ​បង្ក​ក្ដីកង្វល់​កាន់តែ​ខ្លាំង​អំពីវិបត្តិ​សំរាម​នៅ​ដែនកោះអាស៊ីអាគ្នេយ៍​មួយនេះ៕ AFP/HR

ក្រុមស្ម័គ្រ​ចិត្ត​សង្គ្រោះ ខំប្រឹង​ទាញ​បាឡែន​ឲ្យ​វា​ត្រឡប់ទៅ​សមុទ្រវិញ ប៉ុន្តែ​មានតែ​ ៣ក្បាល​​​នៅមានជីវិត ក្នុង​ចំណោម ៤៩​ក្បាល​​។ AFP

មនុស្ស​ម្នា​នាំគ្នា​ថត​សែលហ្វី​ជាមួយ​បាឡែន​អណ្ដែត​ខ្លួន​​មក​កាន់ឆ្នេរ ហៀប​នឹង​ងាប់។ AFP

ក្រុមស្ម័គ្រ​ចិត្ត​សង្គ្រោះ ខំប្រឹង​ទាញ​បាឡែន​ឲ្យ​វា​ត្រឡប់ទៅ​សមុទ្រវិញ ប៉ុន្តែ​មានតែ​ ៣ក្បាល​​​នៅមានជីវិត ក្នុង​ចំណោម ៤៩​ក្បាល​​។ AFP

ឆ្នេរសមុទ្រ ពោរពេញ​ដោយ​វត្តមាន​មនុស្ស​មក​ថត​រូបសែលហ្វី​ និង​ក្រុមស្ម័គ្រ​ចិត្ត​សង្គ្រោះសត្វ​។ AFP