ក្រុងលីឡុងវ៉េ: នៅ​ក្បែរ​ច្រាំងបឹង​ម៉ាឡាវី មនុស្ស​ម្នាក់​ឈរ​ទន្ទឹង​រង់ចាំ​ការមក​ដល់​នៃ​ទូក​ឈើ​ដឹក​ទិន្នផល​ត្រី​ពណ៌​លឿង និង​ស​។ សមាជិក ៦ នាក់​នាំ​យក​ផល​តែ​ប៉ុន្មាន​ប្រភេទ​ក្នុង​ទូក​មក​ផ្ទះ ចំណោម​ទូក​នេសាទ ៧២ គ្រឿង​ផ្សេងទៀត​ដែល​ចូល​ចត​រាល់​ថ្ងៃ​លើ​ឆកសេនហ្គា ប្រទេស​ម៉ាឡាវី​។

ប៉ុន្ដែ​ការនេសាទ​ច្រើន​ហួសហេតុ និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម​ចម​សំខាន់​ក្នុង​ការកាត់បន្ថយ​ទិន្នផល​ត្រី​។ ឈ្មួញ​រាប់រយ​នាក់​បាន​នាំ​គ្នា​មក​ចាំ​ទិញ​ត្រី​ទាំង​ពេលព្រឹក និង​រសៀល​នៅ​ឆកសេនហ្គា បាន​កត់សម្គាល់​ឃើញ​ថា ទិន្នផល​ត្រី​បាន​និង​កំពុង​ធ្លាក់ចុះ​ពី​បឹង​ម៉ាឡាវី ជា​បឹង​ទឹកសាប​ធំ​បំផុត​លំដាប់​ទី ៣ តំបន់​អាហ្វ្រិក​។

អ្នកគ្រប់គ្រង​កំពង់ផែ អាល់ហ្វ្រេដ បានដា ប្រាប់ AFP ដោយ​ក្រឡេក​មើល​ទៅ​បរិមាណ​ត្រី​តិចតួច​ពេល​ត្រូវបាន​ទាញ​ឡើង​គោក​ថា​៖ «​ពី​មុន​យើង​ធ្លាប់​នេសាទ​បាន​ត្រី​ពេញ​ទូក តែ​ឥឡូវ​យើង​ជួប​ការលំបាក​មែនទែន​»​។

លោក​បន្ថែម​ថា​ត្រី​ ១ ​ទូក​ពេញ​អាច​រក​ចំណូល​ឲ្យ​នេសាទ​ចន្លោះ​ពី ៦ ទៅ ១២ នាក់​នូវ​ប្រាក់ ៣០០ ​ដុល្លារ​។ ជាប់​ព្រំដែន​ត្រីកោណ ម៉ាឡាវី តង់ហ្សានី និង​ម៉ូហ្សំប៊ិក បឹង​ម៉ាឡាវី លាតសន្ធឹង​លើ​ផ្ទៃដី​ជាង ២៩ ០០០ គីឡូម៉ែត្រ​ការ៉េ ជាមួយ​ត្រី​ជាង ១ ពាន់​ប្រភេទ​។

មនុស្ស ១៤ ០០០ នាក់​រស់នៅ​តំបន់​ឆកសេនហ្គា​ពឹង​អាស្រ័យ​លើ​បឹង​នេះ​។

ឈ្មួញ​ត្រី អ្នកស្រី កាទ្រីណា មែល ជា​អ្នក​ម្ដាយកូន ៦ នាក់​អាយុ ៤០ ​ឆ្នាំ​ប្រាប់ AFP ថា​៖ «​ក្នុង​ឆ្នាំ​ ២០១៩ នេះ វា​ខុសប្លែក​ច្រើន វា​ស្ទើរ​លែង​មាន​ត្រី​។ កុមារ​ខ្លះ​ឈប់​រៀន​ដោយសារ​តែ​ឪពុកម្ដាយ​អស់​លទ្ធភាព​»៕ HR