ភ្នំពេញៈ ដើម្បី​ស្វែងយល់​ពីបទ​ពិសោធ​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់​នៃ​ប្រទេស​ជប៉ុន-កម្ពុជា ក្នុង​កម្មវិធី​បុណ្យ​ផ្កាយ​តាណា​បាតា សាធារណ​ជន​អាច​នឹង​ចូលរួម​ទស្សនា​ដោយ​សេរី​មាន​ចំនួន ២ ថ្ងៃ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៥ រហូត​ដល់​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០១៨ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន។

ការស្វែងយល់​អំពី​អ្វី​ដែលជា​ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌​នៃ​ជាតិ​សាសន៍​នីមួយៗ ដែល​មាន​ភាព​ផ្សេង​គ្នា​នោះ​គឺ​ពិត​ជា​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​សំខាន់​ណាស់​នៃ​បរិបទ​រស់​នៅ​ក្នុង​សង្គម​សកល​ភាវូ​បនីយកម្ម​ព្រោះ​ថា​នេះ​ជា​ការ​ស្គាល់​ពី​វប្បធម៌​បរទេស ក៏​នឹង​អាច​ជួយ​ដល់​ការ​ផ្លាស់ប្តូរ​ផ្នែក​ចំណេះ​ដឹង ទៅ​វិញ​ទៅ​មក​បាន​រវាង​ប្រទេស​ផ្សេងៗ​គ្នា។

យោងតាម​សន្និសីទ​នៃ​សារព័ត៌មាន នា​រសៀល​ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៨ កន្លង​មក​នេះ ឲ្យ​ដឹង​ពី​ការ​រៀបចំ​ពិធី​បុណ្យ​ផ្កាយ ដែល​ធ្វើ​ប្រចាំ​ឆ្នាំ​នេះ​ថា៖ «មាន​ស្ថាប័ន ៣ សហការ​គ្នា​គឺ​ស្ថានទូត​ជប៉ុន មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន (JFAC) បាន​រៀបចំ​នូវ​ពិធី​បុណ្យ​ផ្កាយ ដែល​មាន​លក្ខណៈ​ចម្រុះ​វប្បធម៌​នេះ ក៏មាន​បំណង​មួយ​ចូលរួម​អបអរ​សាទរ​ដល់​ខួប​អនុស្សាវរីយ៍​ទី ៦៥ ឆ្នាំ​នៃ​ចំណង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា​ផង​ដែរ ខណៈ​ពិធី​បុណ្យ​នេះ បាន​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​ខែ​កក្កដា ដោយ​បាន​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០០៤ មក។ ក៏មាន​ការ​សម្តែង​ពិសេស​ផង​ដែរ​គឺ​ស្ត្រី​ជប៉ុន​កញ្ញា Yamanaka Hitomi នឹង​សម្តែង​របាំ​ខ្មែរ នៅ​ថ្ងៃ​បើក​កម្មវិធី​បុណ្យ​ផ្កាយ​តាណា​បាតា​ឆ្នាំ ២០១៨ នេះ។ ចំណែក​នៅ​ថ្ងៃ​ទី ២ មាន​កម្មវិធី​ប្រឡង​ចម្រៀង​ណូដូជីម៉ាន់​នៃ​ឆ្នាំ ២០១៨ និង​ការ​ប្រគំ​តន្ត្រី​ជប៉ុន​ប្រូ ម្ញូស៊ីកានីប៉ូនៀ (Pro Musica Nipponia)»។

ការ​បណ្តែតប្រទីបពេល​រាត្​រី​ក្នុង​ពិធី​​បុណ្យតាណាបាតា​​​​។ ហ្វេសប៊ុក

សម្រាប់​កម្មវិធីសំខាន់ៗមានដូចជា ការពណ៌នា​អំពី​ប្រវត្តិ​ពិធីបុណ្យ​ផ្កាយ ការ​ច្រៀង​រួមគ្នា​បទ​តា​ណាបាតា រៀន​សិល្បៈ​បត់​ក្រដាស​ជប៉ុន «អូរីហ្គាមី» កាត់​ក្រដាស «គីរិហ្គាមី» និង​សរសេរ​បំណង​ប្រាថ្នា​ចង​ព្យួរ​នឹង​ដើម​ឫស្សី ការ​សរសេរ​អក្សរ​ជប៉ុន «ស្យូដូ» ជក់​ទឹក​ខ្មៅ ការ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃ​ណី​ជប៉ុន សាក​ល្បង​ភ្លក្ស​រស​ជាតិ​តែ​ជប៉ុន​ឆុង​ដោយ​អ្នក​ជំនាញ​ជប៉ុន សាកល្បង​ចម្អិន​នំ​ជប៉ុន «ដូរ៉ាយ៉ាគី» ភ្លក្ស​រស​ជាតិ​មី​បង្ហូរ​បំពង់​ប្ញ​ស្សី​ជប៉ុន «ណាហ្គាស៊ិ សូមេន» ពិធី​បណ្តែត​ប្រទីប​ពេល​រាត្រី ទស្សនា​ខ្សែ​ភាពយន្ត​គំនូរ​ជីវចល​ដ៏​ល្បី​រឿង «One Piece» ការ​ទស្សនា​កម្សាន្ត​ការ​សម្តែង​របាំ​វប្បធម៌​កម្ពុជា-ជប៉ុន និង​ការ​ស្លៀក​សម្លៀក​បំពាក់​ខ្មែរ​នា​សម័យ​កាល​លង្វែក​ផង​ដែរ៕