ភ្នំពេញ៖ ជា​រៀង​រាល់​ឆ្នាំ​ ស្ថានទូត​ជប៉ុន​​ប្រចាំ​ប្រទេស​កម្ពុជា រួម​​​​សហការ​ជា​មួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​​កម្ពុជា-ជប៉ុន និង​មជ្ឈមណ្ឌល​​​​អាស៊ី​នៃ​​មូលនិធិ​ជប៉ុន (JFAC)​ នឹង​រៀបចំ​នូវ​​​ព្រឹត្តិការណ៍​ពិធី​បុណ្យ​​ផ្កាយ​​​ តែ​សម្រាប់​​ឆ្នាំ ​២០២០ ​នេះ បុណ្យ​តាណាបាតា​ជប៉ុន​ ឬ​ពិធី​បុណ្យ​ផ្កាយ នឹង​ប្រារព្ធ​​ពិធី​តាម​​អនឡាញ​វិញ​ ដោយសារ​​​​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវីដ ​១៩។​

ព្រឹត្តិការណ៍ «ពិធី​បុណ្យ​ផ្កាយ​អនឡាញ​ឆ្នាំ ​២០២០» នឹង​ចាប់​ផ្តើម​​ថ្ងៃទី ​១១​ រហូត​ដល់​ថ្ងៃទី ១២​ ខែ កក្កដា​ ឆ្នាំ ​២០២០​ ​​ជំនួស​ឲ្យ​ព្រឹត្តិការណ៍​ធ្លាប់​ធ្វើ​រៀងរាល់​ឆ្នាំ​គឺ «ពិធី​បុណ្យ​ផ្កាយ»​ ដែល​បាន​​រៀបចំ​តាំង​​ពី​​ឆ្នាំ ​២០០៤ មក​​​ក្នុង​គោល​បំណង​បន្ត​ជំរុញ​ ការ​ផ្លាស់​ប្តូរ​វប្បធម៌​ រវាង​ប្រទេស​ជប៉ុន ​និង​​កម្ពុជា​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ​២៣ ខែ ​មិថុនា ឆ្នាំ ​២០២០ កន្លង​មក​​​ថា៖ «ក្នុង​អំឡុង​ពេល ​«ពិធីបុណ្យ​ផ្កាយ​អនឡាញ ​២០២០»​ នៅ​ក្នុង​ប្រទេស​​កម្ពុជា ​​​​យើង ​នឹង​ធ្វើ​ការ​តុបតែង​ដើម​ឫស្សី​​​នៃ​ពិធី​បុណ្យ​ផ្កាយ​ នៅ​ស្ថានទូត​ជប៉ុន។ យើង​សូម​អញ្ជើញ​​សាធារណជន​​​ចូលរួម​កម្មវិធី​ «ពិធី​បុណ្យ​ផ្កាយ​អនឡាញ ២០២០»​ ដោយ​ផ្ញើ​បំណង​ប្រាថ្នា​​របស់​លោក​ លោកស្រី ​ចាប់​ពី​ថ្ងៃទី ​២៣​ ខែ​មិថុនា​​ ដល់​ថ្ងៃ​ទី ៥​ ខែ ​កក្កដា ​ឆ្នាំ ២០២០ មក​កាន់​យើង​ខ្ញុំ។ ​រាល់​​បំណង​​ប្រាថ្នា​របស់​លោក លោកស្រី នឹង​ត្រូវ​ព្យួរ​​នៅ​លើ​មែក​ ដើម​ឫស្សី​នៅ​​ស្ថានទូត​ជប៉ុន​ជាមួយ​នឹង​គ្រឿង​​តុបតែង​លម្អ​ដទៃ​ទៀត​ ហើយ​ដើម​​ឫស្សី​នោះ នឹង​ត្រូវ​បាន​បង្ហាញ​​នៅ​ក្នុង​វីដេអូ​ប្រកាស​បើក​ពិធី​បុណ្យ​ផ្កាយ​អនឡាញ​ឆ្នាំ ​២០២០​។​

លោកអ្នក​អាច​សរសេរបំណងប្រាថ្នាខ្លួន​ដាក់​ព្យួរ​លើ​ដើមឫស្សី​​​។ រូបថត សហ​ការី

ចំពោះ​បំណង​ប្រាថ្នា​មួយ​​ចំនួន ​ក៏​នឹង​ត្រូវ​បាន​ជ្រើសរើស​ សម្រាប់​ធ្វើ​ជា​កម្រង​​​រូបថត​​នៃ​បំណង​ប្រាថ្នា​ ដែល​នឹង​​ដាក់​បង្ហាញ​នៅ​លើ​គេហទំព័រ​នៃ​​ពិធី​​​បុណ្យផ្កាយ​អនឡាញ ឆ្នាំ ​​២០២០​ ផង​​​ដែរ​។ លោក លោកស្រី​ អាច​​សរសេរ​​​ឈ្មោះ​ផ្ទាល់​ខ្លួន ​ឬ​រហស្សនាម​ឈ្មោះ​ហៅ​ក្រៅ​ក៏​បាន​​ និង​ប្រាប់​ពី​បំណង​​ប្រាថ្នា​​​​របស់​លោក ​លោកស្រី ជា​​ភាសា​​ខ្មែរ ឬ ភាសា​ជប៉ុន ឬ ភាសា​អង់គ្លេស។ បំណង​ប្រាថ្នា និង​ព័ត៌មាន​ ដែល​លោក លោក​ស្រី​បាន​សរសេរ នឹង​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ»។​

ចំពោះ​បុណ្យ​តាណាបាតា ឬ​ពិធី​បុណ្យ​​ផ្កាយ គឺ​ជា​ព្រឹត្តិការណ៍​ប្រពៃណី​មួយ​របស់​ជប៉ុន​ ដែល​តែងតែ​ប្រារព្ធ​ឡើង​​​នៅ​ថ្ងៃ​ទី ៧ ខែ​កក្កដា នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​បាន​រំឭក​ដល់​រឿង​របស់​គូស្នេហ៍ ១ ​គូ នៅ​ឋានសួគ៌ ​គឺ​​មាន​នារី​​​តម្បាញ ​និង​​បុរស​គង្វាល​គោ ដែល​អ្នក​ទាំង ២ ត្រូវ​បាន​បំបែក​ចេញ​ពី​គ្នា​​ដោយសារ​ទន្លេ​ អាម៉ាណូ​ហ្គាវ៉ា​​ ហើយ​​ពួក​គេ​ ក៏​​​ត្រូវ​​បាន​​អនុញ្ញាត​ឲ្យ​ជួប​​​​គ្នា​វិញ​តែ​ម្តង​គត់​ក្នុង ​១ ​ឆ្នាំ​គឺ​នៅ​ថ្ងៃទី ​៧ ​ខែ​កក្កដា​។ ​ហើយ​នៅ​ថ្ងៃ​នោះ ប្រជាជន​ជប៉ុន​ បាន​សរសេរ​​​ពី​សេចក្តី​បំណង​ប្រាថ្នា​របស់​​ពួក​គេ​ ហើយ​យក​​ទៅ​​​ដាក់​​ព្យួរ​នៅ​​លើ​ដើម​ឫស្សី​ ដើម្បី​​​ទទួល​​បាន​ដូច​បំណង​ប្រាថ្នា​នោះ។

គួរ​​រំឭក​ដែរ​ថា ​បុណ្យ​តាណាបាតា​ជប៉ុន​ ឬ​ពិធី​បុណ្យ​ផ្កាយ​កាល​ពី​ឆ្នាំ​ ២០១៩ បាន​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​ ១៣ ដល់​​ថ្ងៃ​ទី​ ១៤ ខែ​កក្កដា នៅ​​ឯ​​សាល​មហោស្រព​អង្គរ​គីហ្សូណា​នៃ​ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​​កម្ពុជា-ជប៉ុន (CJCC)​ ដែល​មាន​កម្មវិធី​ច្រើន​​ដូច​ជា​​សិក្ខា​សាលា និង​បទបង្ហាញ​ទាក់ទង​នឹង​អានីមេខូសផ្លេ ​ប្រកួត​ភាពយន្ត​ខ្លី ការ​​បញ្ចាំង​ខ្សែ​​ភាពយន្ត​ជប៉ុន​ ថ្នាក់​រៀន​ចម្អិន​ម្ហូប​ជប៉ុន សិល្បៈ​បត់​​ក្រដាស «​អូរីហ្គាមី​» រៀន​សិល្បៈ​កាត់​​ក្រដាស «​គីរី​​ហ្គាមី​» ការ​សរសេរ​អក្សរ​​ផ្ចង់ «​ស្យូដូ​» ការ​សាកល្បង​ស្លៀក​​ពាក់​​ប្រពៃណី «​ក្បិន​ខ្មែរ​» និង «​យូកាតា​ជប៉ុន​»​ ការ​​​សាកល្បង​ស្លៀក​សម្លៀក​បំពាក់ និង​ការ​លេង​កីឡា​ជប៉ុន​ ​«​កេនដូ​» និង​ «​អ៊ីអៃដូ​» ថ្នាក់​រៀន​បាញ់​ធ្នូ​​មរតក​ខ្មែរ​ ព្រម​​​ទាំង​មាន​​​ការ​តាំង​ពិព័រណ៍​​ផ្សេងៗ​​ ​ក្នុង​ពិធី​បុណ្យ​​នេះ​ផង​​ដែរ​​៕​