The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុណ្យ​ព្រឹល​​ឆ្នាំ​នេះ​ ជប៉ុន​ត្រូវ​ដឹក​ទឹកកក​ច្រើន​សន្ធឹក

បុណ្យ​ព្រឹល​​ឆ្នាំ​នេះ​ ជប៉ុន​ត្រូវ​ដឹក​ទឹកកក​ច្រើន​សន្ធឹក

Content image - Phnom Penh Post
ទិដ្ឋភាព​ចម្លាក់ទឹកកក ក្នុងពិធីបុណ្យ​ព្រឹលទឹកកក នៅជប៉ុន​កាលពីប៉ុន្មានឆ្នាំមុន។ រូបថត AFP

បុណ្យ​ព្រឹល​​ឆ្នាំ​នេះ​ ជប៉ុន​ត្រូវ​ដឹក​ទឹកកក​ច្រើន​សន្ធឹក

ក្រុង​តូក្យូ៖ ក្រុម​អ្នក​រៀបចំ​ពិធី​បុណ្យ​ព្រឹល​ទឹកកក​សាបប៉ូរ៉ូ ដ៏​ល្បីល្បាញ​របស់​ជប៉ុន​ត្រូវ​បាន​បង្ខំ​ដឹក​យក​ព្រឹល​ទឹកកក​​​ច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​កសាង​ចម្លាក់​និម្មិត​រូប​ក្រោយ​ពី​រដូវ​រងា​ប្រែ​ជា​ក្ដៅ​ខុស​ទម្លាប់​។

ពិធី​បុណ្យ ដែល​បើក​ទ្វារ​ទទួល​ភ្ញៀវ​ ៣ សប្ដាហ៍ ​ក្នុង​ទីក្រុង​ហុកកៃដូ ភាគ​ខាង​ជើង​ប្រទេស ​ជប៉ុន គឺ​ជា​ភាព​ទាក់ទាញ​ចម្បង​មួយ​ប្រចាំ​តំបន់ ដោយ​បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាង ២,៧ លាន​នាក់​ កាល​ពី​ឆ្នាំ​មុន​។

គោលដៅ​ចម្បង ​គឺ​ការ​តាំង​បង្ហាញ​ចម្លាក់​ទឹកកក និង​ព្រឹល​ប្រមាណ ២០០ ដែល​កសាង​ឡើង​ដោយ​ពលរដ្ឋ ក្រុម​មន្ដ្រី និង​អ្នក​ស្ម័គ្រ​ចិត្ដ​ ដោយ​មាន​ជំនួយ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ​។

ប៉ុន្ដែ​ក្រុម​អ្នក​រៀបចំ​ព្រឹត្ដិការណ៍​ត្រូវ​បាន​បង្ខំ​ចិត្ដ​ឲ្យ​ដឹក​យក​ព្រឹល​ទឹកកក​ពី​ជាយ​​ក្រុង​សាបប៉ូរ៉ូ ហើយ​ក៏​ពី​ទីក្រុង​នានា​ចម្ងាយ​ប្រមាណ ៣០ គីឡូម៉ែត្រ​ពី​គ្នា​។ នេះ​បើ​យោង​តាម​ Fumiya Onoue ជា​មន្ដ្រី​មក​ពី​ការិយាល័យ​ទេសចរណ៍​សាបប៉ូរ៉ូ​ បាន​ប្រាប់ AFP កាល​ពី​ថ្ងៃ​សុក្រ​។

Content image - Phnom Penh Post
ទឹកកក​ដែលយក​មក​ឆ្លាក់ ​ត្រូវ​តែ​ស្អាត​គ្មាន​ធូលីដី​។ រូបថត AFP

លោក Onoue​ បាន​និយាយ​ថា​៖ «​យើង​​កំពុង​តែ​ធ្វើ​ការងារ​ដ៏​លំបាក​។ នេះ​ជា​ក្បួន​រថយន្ដ​ដឹក​ទឹកកក​យ៉ាង​ច្រើន​សន្ធឹក​មក​​បំពេញ​តម្រូវ​ការ​បុណ្យ»។

កិច្ចការ​នេះ​ ជា​ភារកិច្ច​ដ៏​លំបាក​​ ដើម្បី​កសាង​ចម្លាក់​ដ៏​ល្អ​ឥត​ខ្ចោះ​។

លោក​បាន​បន្ដ​ថា​៖ «​ព្រឹល​ទឹកកក​គួរ​តែ​អត់​មាន​ប្រឡាក់​ដី ជាប់​កម្ទេច​ថ្ម ឬ​អាច​រលាយ​ឡើយ​ ដោយសារ​វា​អាច​បង្ក​ឲ្យ​ដួល​រលំ​នៃ​សំណង់​ចម្លាក់​»។

ការ​ធ្លាក់​ព្រឹល​​ទឹកកក​​ក្នុង​ទីក្រុង​ដោយ​ផ្ដើម​​តាំង​ពី​ខែ​វិច្ឆិកា​បាន​ធ្លាក់​បរិមាណ​មធ្យម​ជាង​ពាក់​កណ្ដាល​។ នេះ​បើ​យោង​តាម​ការ​ត្រួត​ពិនិត្យ​របស់​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​។

មន្ដ្រី​នៅ​ទី​នោះ​បាន​និយាយ​ថា​ ព្រឹល​ទឹកកក​បាន​រលាយ​ក្នុង​សីតុណ្ហភាព​ខ្ពស់​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ និង​សម្ពាធ​ទាប​នៅ​ចុង​ឆ្នាំ​បាន​នាំ​យក​ខ្យល់​អាកាស​ក្ដៅ​​ធ្វើ​ឲ្យ​វា​រលាយ​។

Content image - Phnom Penh Post
កង្វះខាត​ទឹកកក ធ្វើឲ្យអាជ្ញាធរ​ត្រូវ​ដឹក​ជញ្ជូន​ពីចម្ងាយ។ រូបថត AFP

លោក​និយាយ​ថា​៖ «​បម្រែបម្រួល​អាកាសធាតុ​សកល​លោក​បាន​បន្ដ​កើត​ឡើង​ជា​ច្រើន​ឆ្នាំ ហើយ​វា​លែង​ជា​អភូត​ហេតុ​កើត​ឡើង​ម្ដងម្កាល​ទៀត​ហើយ​។ ប៉ុន្ដែ​យើង​មិន​អាច​ឲ្យ​នរណា​ម្នាក់​មក​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ខ្វះ​ព្រឹល​ទឹកកក​នា​ឆ្នាំ​នេះ​បាន​ឡើយ​»។

លោក​បាន​បន្ថែម​ថា​៖ «​រដូវ​រងា​មិន​ទាន់​កន្លង​ផុត​នៅ​ឡើយ​ទេ​ ទោះ​ការ​ព្យាករ​បាន​ទស្សន៍ទាយ​​ថា តែ ១ ​ថ្ងៃ​គត់​នៅ​សប្ដាហ៍​ក្រោយ ​ដែល​រំពឹង​ថា​នឹង​មាន​ព្រឹល​ធ្លាក់​ក្នុង​ទីក្រុង​សាបប៉ូរ៉ូ​»។

លោក​បន្ត​ថា៖ «យើង​ត្រូវ​បន្ដ​តាម​ដាន​ដើម្បី​ឲ្យ​ប្រាកដ​ថា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​រដូវ​រងា​ឆ្នាំ​នេះ​»។

ពិធី​បុណ្យ​ព្រឹល​ទឹកកក​លើក​ទី ៧១ ចាប់​ផ្ដើម​នៅ​ថ្ងៃទី ៣១ ខែ​មករា​ នឹង​បន្ដ​រហូត​ដល់​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ​ ជាមួយ​ព្រឹត្ដិការណ៍​ចម្លាក់​ទឹកកក​ប្លែកៗ​ត្រៀម​បើក​​ស្វាគមន៍​ភ្ញៀវ​នៅ​ថ្ងៃទី ៤ ខែ​កុម្ភៈ ​ខាង​មុខ​នេះ​ហើយ​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍