ភ្នំពេញៈ សពកូនស្រីវ័យ ១៧ ឆ្នាំ របស់អតីតតារាកំប្លែង និងចម្រៀងអ្នកនាង ស៊ុន ណារីម៉ូនីកា នឹងត្រូវបូជានៅវេលាម៉ោង ១ រសៀលនៃថ្ងៃនេះតែម្តង នៅវត្តញាងរង្សី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមការជូនដំណឹងពីក្រុមសាច់ញាតិនៃសពតាមបណ្តាញសង្គមហ្វេសប៊ុកមានគណនីឈ្មោះ Van Nidin បានសរសេរបង្ហោះប្រាប់ថា៖ «សូមអញ្ជើញ ញាតិមិត្តជិតឆ្ងាយនៃសពមកចូលរួមពិធីបុណ្យសពនៅវត្តញាណរង្សី។ សពនឹងត្រូវបូជានៅវេលាម៉ោង ១ រសៀល ថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៨នេះ»។
គេសង្កេតឃើញថា មានភាពស្ងាត់ជ្រងំតែម្តង គឺមិនសូវជាមានក្រុមមិត្តអ្នកសិល្បៈទៅចូលរួមបុណ្យកូនស្រី ជាទីស្រឡាញ់របស់អតីតតារាកំប្លែងស្រីអ្នកនាង ស៊ុន ណារីម៉ូនីកា នោះឡើយ អាចបណ្តាលមកពីពេលវេលា ដ៏មមាញឹករបស់ក្រុមអ្នកសិល្បៈត្រូវរវល់នឹងការងាររៀងៗខ្លួននៅតាមខេត្តនានា។
ជាក់ស្តែងនោះ គេឃើញមានតែក្រុមសាច់ញាតិគ្រួសារនៃសពតែប៉ុណ្ណោះ ចាប់តាំងពីពេលយុវតីជាកូនស្រីរបស់ អ្នកនាង ស៊ុន ណារីម៉ូនីកា មានអាការឈឺធ្ងន់នៅមន្ទីរពេទ្យព្រះកេតុមាលា តាំងពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ កន្លងមកម្ល៉េះ។
យុវតីដែលទើបតែមានវ័យត្រឹមតែ ១៧ ឆ្នាំ និងត្រូវជាកូនស្រីអតីតតារាកំប្លែងស្រីអ្នកនាង ស៊ុន ណារីម៉ូនីកា នេះមានជំងឺច្រើនមុខ នេះបើតាមការបញ្ជាក់ពីម្តាយបង្កើតតាមហ្វ៊េសបុកពេលនាំកូនចូលមន្ទីរពេទ្យនោះថា៖ «កូនអីក៏អាយុខ្លីម្លេះទើបតែ១៦ ជិតចូល ១៧ ឆ្នាំកូនទៅចោលម៉ាក់ និងបងប្អូនទាំងអស់គ្នាហើយកូនអីក៏ចិត្តដាច់ម្ល៉េះនៀក? ហ៊ឺម! ឈឺច្រើនមុខណាស់ទឹកក្នុងខួរក្បាលទឹកចូលសួតហើយក្រពះទៀត។ ម៉ាក់សូមឲ្យកូនឆាប់ដឹងខ្លួនវិញមកបងប្អូនទាំងអស់កំពុងតែរង់ចាំកូនណា!» កាលពីម្សិលមិញ។
គេក៏ឃើញសារចូលរួមសោកស្តាយ និងប្រាប់ពីការរវល់របស់ក្រុមអ្នកសិល្បៈនានា ចេញពីហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមអ្នកសិល្បៈបានបង្ហើរសារថា៖ «ព្រះអើយបងស្រី! ម៉េច បានផ្ទួនៗយ៉ាងនេះ ហើយពេលនេះអ្នកសិល្បៈនៅខេត្តគ្រប់គ្នា លោកអើយលោក!»៕