ភ្នំពេញ៖ ពិតជារឿងមួយដ៏កម្រ និងគួរឲ្យកោតសរសើរ ខណៈយុវជនខ្មែរសម័យទំនើបម្នាក់វ័យប្រហែល ២១-២២ ឆ្នាំ កំពុងតែរៀននៅសាកលវិទ្យាល័យ ឡៅ ស៊ុនងួន សម្រេចជូនខ្សែអាត់សំឡេងដ៏កម្រ មួយមានរយៈពេល ៣៩ នាទី ថតនាទសវត្សរ៍ទី ៦០ ដែលជាសូរសៀងច្រៀង ដោយអតីតតារាចម្រៀង មានរហស្សនាមអធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត មកប្រគល់ឲ្យមជ្ឈមណ្ឌលបុប្ផាណា ដើម្បីរក្សាទុកជាឯកសារសំឡេង។
លោក ជា សុភាព ជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបុប្ផាណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីក្តីសោមនស្ស ដែលឃើញយុវជនខ្មែររូបនេះ បាននឹកឃើញយកខ្សែអាត់សំឡេងដ៏កម្រមួយរបស់តារាចម្រៀងខ្មែរដ៏ល្បីល្បាញនាសម័យកាលទសវត្សរ៍ទី ៦០-៧០ លោកតា ស៊ីន ស៊ីសាមុត ដែលច្រៀងរៀបរាប់ពីសាច់រឿង «រាមកេរ្តិ៍» នោះថា៖ «ខ្ញុំសប្បាយចិត្តខ្លាំង និងសុំកោតសរសើរពីទឹកចិត្តរបស់ប្អូនប្រុស ឡៅ ស៊ុនងួន បានយកខ្សែសំឡេងប្រភេទឌីជីថល ដែលមានរយៈពេល ៣៩ នាទី ខណៈខ្សែអាត់នេះគាត់បានទិញមកស្តាប់កាលពីពេលកន្លងមក។ គាត់ថា ពេលស្តាប់ហើយ គាត់យល់ថា ខ្សែអាត់សំឡេងច្រៀងរៀបរាប់សាច់រឿងក្នុងអក្សរសិល្ប៍ខ្មែររឿងរាមកេរ្តិ៍នេះ ពិតជាមានសារៈសំខាន់ ដល់ការសិក្សាស្រាវជ្រាវអ្នកជំនាន់ក្រោយ ហើយវាជាសំឡេងមានភាពកម្រមួយ ដែលមហាជនខ្មែរគ្រប់ស្រទាប់ សឹងតែមិនដែលបានស្តាប់ ហើយគាត់ធ្លាប់ស្គាល់មជ្ឈមណ្ឌលយើង ដូច្នេះគាត់ក៏សម្រេចចិត្តយកមកប្រគល់ជូនឲ្យយើង ដើម្បីរក្សាទុកជាបណ្ណសារសំឡេង»។
លោក ជា សុភាព ក៏បន្តថា៖ «សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុវជន ឡៅ ស៊ុនងួន ដែលបានធ្វើអំណោយជាបណ្ណសាររឿង «រាមកេរ្ដិ៍» ដែលច្រៀងរៀបរាប់សាច់រឿងដោយលោក ស៊ីន ស៊ីសាមុត ដល់មជ្ឈមណ្ឌលបុប្ផាណា ដើម្បីថែរក្សា និងតម្កល់ទុក សម្រាប់ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយបានសិក្សា។ នេះជាបណ្ណសារដ៏កម្រមួយ ប្រហែលជាថតនៅអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយដែលមនុស្សភាគច្រើនកម្របានជួបប្រទះណាស់។ សំឡេងដ៏សែនពីរោះរបស់លោក ស៊ីន ស៊ីសាមុត ច្រៀងលើកដាក់តាមសាច់រឿង ប្រើបច្ចេកទេសយ៉ាងចំណាន អមដោយតន្រ្ដីបុរាណ គឺហាក់ឆក់បេះដូងអ្នកស្ដាប់ឲ្យជក់ចិត្ត និងតាមដានស្ដាប់ពីដើមរហូតដល់ចប់នោះ»៕