ក្រុង​វ៉ាស៊ីងតោន: វា​ជា​លើក​ទី ៣ ហើយ​ដែល​បុរស​កំពូល​ស៊យ​មក​ពី​រដ្ឋ​កូឡូរ៉ាដូ ត្រូវបាន​ឆ្លាម​វាយ​ប្រហារ​នៅ​ដែន​កោះ​ហាវៃ ខណៈ​យុវជន​រូប​នេះ ធ្លាប់​ត្រូវ​បាន​ហែក​ និង​ពស់​ពិស​ចឹក​ ដែល​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​ជាង ៣ ឆ្នាំ​។ នេះបើ​យោងតាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​។

លោក ឌីឡាន ម៉ាកវីលៀមស៍ អាយុ ២០ ឆ្នាំ កំពុង​ជិះ​ក្ដា​រលក​ក្បែរ​កោះ Kauai កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពេល​អ្វីដែល​លោក​ជឿ​ថា​ វាជា​ឆ្លាម​ខ្លា​ប្រវែង​ ២ ម៉ែត្រ​ហែល​មក​ខាំ​ត្របាក់​ជើង​លោក​។ នេះ​បើយោងតាម​Honolulu Star Advertiser រាយ​ការណ៍​។

បុរស​​ដែល​អះអាង​ថា ខ្លួន​ជា​អ្នក​បង្វឹក​ក្រុម​សង្គ្រោះ​ អាច​ហែល​ទឹក​បាន​ប្រវែង​ជិត ៣០ ម៉ែត្រ​មក​កាន់​ច្រាំង​ ខណៈ​ដែល​អ្នក​ឈរមើល​បាន​​ពេទ្យ​សង្គ្រោះ​។ លោក​និយាយ​ថា​៖ «​ខ្ញុំ​មិន​ច្បាស់​ថា តើ​ខ្ញុំ​បាន​បាត់​បង់​ជើង​ពាក់​កណ្ដាល​ឬ​យ៉ាង​ណា​នោះទេ​»។

លោក ម៉ាក​វីលៀមស៍ ត្រូវ​ដេរ​ ៧ ថ្នេរ​ តែ​ប៉ុន្មាន​ខែ​ក្រោយ​ពី​លោក​ត្រូវ​បាន​ខ្លា​ឃ្មុំ​ខ្មៅ​ខ្វាច​ ៩ ក្រចក​លើ​ក្បាល​នៅ​ពេល​បោះ​ជំរំ​រដូវ​ក្ដៅ​កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន​។ យុវជន​កំពូល​ស៊យ​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ទៅ​ខុស​កន្លែង និង​ខុស​វេលា​»។

យ៉ាងណាមិញ ឧប្បត្ដិហេតុ​ទាំង​នេះ​បាន​កើត​ឡើង​តាម​ក្រោយ​ការ​វាយ​ប្រហារ​ពី​សំណាក់​ពស់​ពិស​មួយ​ក្បាល​អំឡុង​ពេល​ឡើង​ភ្នំ​អ៊ូតា​។ យ៉ាង​ណាមិញ លោក​បាន​ប្រាប់ Star Advertiser ថា ពេល​ពស់​ចឹក​នោះ មិន​សូវ​ធ្ងន់​ធ្ងរ​ទេ ហើយ​លោក​គ្រាន់តែ​ដេក​ពេទ្យ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ លោក​បញ្ជាក់​ថា​៖ «​ឪពុក​ម្ដាយ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ដែល​ខ្ញុំ​នៅ​មាន​ជីវិត

​រស់​»៕ AFP/HR