The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​ក្វាតេម៉ាឡា​ដុត​នំ​ភីហ្សា​លើ​កម្អែ​ភ្នំភ្លើង​កំពុង​ផ្ទុះ​ផ្អើល​អស់អ្នក​រង់ចាំ​ភ្លក្ស




បុរស​ក្វាតេម៉ាឡា​ដុត​នំ​ភីហ្សា​លើ​កម្អែ​ភ្នំភ្លើង​កំពុង​ផ្ទុះ​ផ្អើល​អស់អ្នក​រង់ចាំ​ភ្លក្ស

Content image - Phnom Penh Post
លោក ដាវីន ហ្គាស្យា ប្រើប្រាស់​កម្អែ​ភ្នំភ្លើង​ដែល​ហូរ​តាម​ជម្រាលភ្នំ​ធ្វើជា​ចង្ក្រាន​ចម្អិន​នំ​ភីហ្សា។ AFP

បុរស​ក្វាតេម៉ាឡា​ដុត​នំ​ភីហ្សា​លើ​កម្អែ​ភ្នំភ្លើង​កំពុង​ផ្ទុះ​ផ្អើល​អស់អ្នក​រង់ចាំ​ភ្លក្ស

ក្រុងក្វាតេម៉ាឡា៖ ភ្នំភ្លើង​ប៉ាស្យាយ៉ា នៃ​ប្រទេស​ក្វាតេម៉ាឡា បាននិង​កំពុង​តែ​ផ្ទុះ​តាំងពី​ខែកុម្ភៈ ដោយ​ធ្វើឱ្យ​សហគមន៍​ក្នុង​ស្រុក និង​អាជ្ញាធរ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់។

ប៉ុន្ដែ​សម្រាប់​លោក ដាវីន ហ្គាស្យា បានឱ្យដឹងថា កម្អែ​ភ្នំភ្លើង​ដែល​ហូរ​តាម​ជម្រាលភ្នំ​បានក្លាយ​ជា​ចង្ក្រាន​ភ្លើង​ដ៏ក្ដៅគគុក​របស់លោក​ទៅវិញ។
លោក ហ្គាស្យា ជា​គណនេយ្យករ អាយុ ៣៤ ឆ្នាំ​បាន​បម្រើ​មុខម្ហូប «ភីហ្សា ប៉ាស្យាយ៉ា» ចម្អិន​លើក​ម្អែ​ភ្នំភ្លើង​ដល់​ភ្ញៀវទេសចរ និង​អ្នកស្រុក​ចង់​សាក​ចង់​ភ្លក្ស។

លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ AFP ពី​តំបន់ភ្នំ ដែល​ឆ្ពោះ​ទៅកាន់​ភ្នំភ្លើង​ប៉ាស្យាយ៉ា និង​ជាទី​ដែល​លោក​ប្រើ​ជា​ចង្ក្រាន​ដុត​នំ​ថា៖ «មនុស្ស​ជាច្រើន​នៅពេលនេះ​កំពុងតែ​រីករាយ​នឹង​បទពិសោធ​ទទួលទាន​នំ​ភីហ្សា​ដុត​ចេញពី​ចង្ក្រាន​ភ្នំភ្លើង»។

នៅឯ​ចង្ក្រាន​បណ្ដោះអាសន្ន​នោះ លោក ហ្គាស្យា បាន​ពង្រាយ​នំ​ម្សៅ​លើ​ថាស​ដែក​មួយ​ដែល​អាច​ទ្រាំទ្រ​នឹង​កម្ដៅ​រហូតដល់ ១០០ អង្សាសេ រួច​ស្រោច​ទឹក​ប៉េងប៉ោះ​លើ បន្ថែម​ឈីស និង​សាច់​ថែមទៀត។

ស្លៀក​ឈុត​ការពារ​កម្ដៅ​ចាប់ពី​ក្បាល​ដល់​ចុងជើង​តាម​បែបផែន​ទាហាន លោក ហ្គាស្យា បានដាក់​នំ​ភីហ្សា​លើ​កម្អែ​ភ្នំភ្លើង។

លោក​បាន​និយាយ ១០ នាទី​ក្រោយ​ថា៖ «រួចជាស្រេច ទុកឱ្យ​ឈីស​រលាយ​បន្ដិច»។

Content image - Phnom Penh Post
ទៅដល់​តំបន់​ភ្នំភ្លើង លោក​រៀបចំ​ម្សៅ​សម្បក​នំ​ភីហ្សា​មុននឹង​ថែមថយ​គ្រឿងផ្សំ​ដាក់​លើ​ថាស។ AFP

ភ្ញៀវទេសចរ​ម្នាក់​បាន​ស្រែកប្រាប់​ពេល​ឈីស​ក្ដៅ​ចេញ​ពពុះ​ថា៖ «នំ​ភីហ្សា​មួយ​នោះ​ទំនង​ឆ្ងាញ់​ណាស់​ហើយ»។

ផ្ទះបាយ​របស់លោក ហ្គាស្យា បាន​ក្លាយជា​មេដែក​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​រីករាយ​នឹង​អាហារ​ទាន់ចិត្ដ​ក្រោយ​ការឡើង​ភ្នំភ្លើង ដែល​ភ្នំ​មួយ​ក្នុងចំណោម​ភ្នំ ៣ កំពុង​ផ្ទុះ​ដ៏នឿយហត់ ដែលមាន​ចម្ងាយ​ប្រមាណ ២៥ គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង។

ដំបូង​លោក​ចាប់ផ្ដើម​ដុត​ភីហ្សា​នៅតាម​ជើងភ្នំ​ក្នុង​ឆ្នាំ ២០១៣ ក្នុង​ល្អាង​តូច​មួយ ដែល​លោក​បាន​រកឃើញ​នៅក្រោម​ថ្ម។

លោក ហ្គាស្យា ដែលមាន​ភាពល្បីល្បាញ​ខ្លាំង​នៅលើ​បណ្ដាញ​សង្គម​បាន​បន្ដថា៖ «ខ្ញុំ​លក់​មិនសូវ​បាន​ច្រើន​ទេ​កាលពី​ប៉ុន្មាន​ថ្ងៃ​ដំបូង»។

Content image - Phnom Penh Post
ដោយ​គ្រង​នូវ​ឈុត​ការពារ​បែប​ទាហាន លោក​ស្វែងរក​កន្លែង​ដែល​អាចដាក់​ចម្អិន​ថាស​ភីហ្សា។ AFP

ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ជាមួយ​ភ្នំភ្លើង​ប៉ាស្យាយ៉ា តែងតែ​បង្ហូរ​កម្អែ លោក​ចាប់ផ្ដើម​ដុត​នំ​ភីហ្សា​ដោយផ្ទាល់​លើ​រងើកភ្លើង ដោយពេល​ខ្លះ វា​បាន​ហូរ​មក​ក្បែរ​តំបន់​លំនៅឋាន​ពលរដ្ឋ​ទៀតផង។

ទោះ​មាន​ហានិភ័យ លោក ហ្វេលីព ងាល់ដាណា ជា​ភ្ញៀវទេសចរ​ដែល​បាន​ភ្លក្ស​ភីហ្សា​ភ្នំភ្លើង បាន​និយាយថា៖ «ការដុត​នាំនៅ​លើ​កម្អែ​ភ្នំភ្លើង​ពិតជា​ចម្លែក និង​អស្ចារ្យ​ក្នុង​ពិភពលោក»។

ដោយ​មើលឃើញ​នៅក្នុង​ហ្វេសប៊ុក​លោក​គិតថា៖ «ខ្ញុំ​ត្រូវតែ​មក​ទទួលយក​បទពិសោធ​នេះ»។

ភ្ញៀវទេសចរ​ហូឡង់ Kelt Van Meurs បាន​និយាយថា៖ «គួរឱ្យ​អស់សំណើច​ដែល​គិតថា​យើង​នឹង​ញ៉ាំ​អ្វីដែល​ចម្អិន​លើក​ម្អែ​ភ្នំភ្លើង តែ​ជា​អ្វីដែល​យើង​អាចមក​រកបាន​នៅ​ក្វាតេម៉ាឡា​នេះ»៕ HR

Content image - Phnom Penh Post
ថាស​ភីហ្សា​ត្រូវបាន​រក្សាទុក​លើក​ម្អែ​ភ្នំភ្លើង​ដែល​ប្រើប្រាស់​ជំនួស​ឡ​ចង្ក្រាន​ចម្អិន។ AFP

Content image - Phnom Penh Post
ភ្ញៀវទេសចរ​រីករាយ​នឹង​បទពិសោធ​ទទួលទាន​នំ​ភីហ្សា​ចម្អិន​ដោយ​កម្អែ​ភ្នំភ្លើង។ AFP

Content image - Phnom Penh Post
អ្នកទេសចរ​មកកាន់​តំបន់ភ្នំ​ភ្លើង ដើម្បី​ភ្លក្ស​រសជាតិ​នំ​ភីហ្សា​ចម្អិន​ដោយ​កម្អែ​ធម្មជាតិ។ AFP

Content image - Phnom Penh Post
ភ្នំភ្លើង​ប៉ាស្យាយ៉ា នៃ​ប្រទេស​ក្វាតេម៉ាឡា បាននិង​កំពុង​តែ​ផ្ទុះ​តាំងពី​ខែកុម្ភៈ។ AFP

អត្ថបទគួរចាប់អារម្មណ៍