ភ្នំពេញ: បុរស​មាឌ​មាំ ធំ​ក្រអាញ កម្លាំង​ពលំ​ស្វាហាប់ លើកដៃ​ជា​សញ្ញា​ហៅ​ម៉ូយ មិន​ខុស​ពី​អ្នករត់​រ៉ឺម៉កកង់៣​ដទៃ​។ ប៉ុន្ដែ​អ្វី​ដែល​ខុសប្លែក​នោះ​គឺ​លោក គង់ សុវណ្ណារ៉ូ ស្ដាប់​មិនឮ​ភ្ញៀវ​និយាយ និង​មិន​អាច​ឆ្លើយ​តបត​នូវ​តម្រូវការ​ពី​ភ្ញៀវ​ឡើយ​។ មធ្យោបាយ​ល្អ​តែ​មួយ​គត់​របស់​អ្នករត់កង់៣​រូប​នេះ​គឺ​ក្រដាស​ស និង​ប៊ិក​ ១ ​ដើម​សម្រាប់​ឲ្យ​ភ្ញៀវ​សរសេរ​ពី​តម្រូវការ​ឈ្មោះ​ទីតាំង​គោលដៅ ឬ​ការបង្ហាញ​ផែនទី​លើ​ទូរស័ព្ទដៃ​។

អែប​ត្រីចក្រយានយន្ដ​លើ​ចិញ្ចើមផ្លូវ​រង់ចាំ​ហៅ​ម៉ូយ​ម្ដុំ​ផ្សារ​ទួលទំពូង​លោក គង់ សុវណ្ណារ៉ូ ​នៅ​បន្ដ​ពុះពារ​ការលំបាក​នានា​លើ​វិថី​ចរាចរណ៍​ប្រកប​ដោយ​គ្រោះថ្នាក់ ពេល​លោក​ស្ដាប់​អ្វី​មិនឮ និង​មិន​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ ដែល​អ្នក​ខ្លះ​មាន​អារម្មណ៍​ខ្លាចរអា និង​មិន​ហ៊ាន​រួម​ដំណើរ​ជាមួយ​លោក​។

បុរស​អាយុ ៣១ ​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​តាមរយៈ​អ្នក​បកប្រែ​ភាសា​កាយវិការ​ថា ពេល​បើកបរ​តាម​ដងផ្លូវ លោក​អត់​ដឹង​ថា​នរណា​បាន​ហៅ​ជិះ​រ៉ឺម៉ក​ឬ​អត់​នោះ​ទេ​។ ពេល​ឃើញ​សញ្ញា​របស់​ភ្ញៀវ និង​តប​ដោយ​សញ្ញា​វិញ ភ្ញៀវ​ខ្លះ​ក៏​មិន​ចង់​ជិះ រួច​ដើរ​ផុត​ទៅ ភ្ញៀវ​ខ្លះ​ក៏​លុបចោល​ការហៅ​តាម​កម្មវិធី​ទូរស័ព្ទ តែ​ភ្ញៀវ​ខ្លះ ក៏​មាន​ក្ដី​អាណិតអាសូរ​លោក​ដែរ​។

បុរស​គ-ថ្លង់ ដែល​ចាប់​អាជីព​ជា​អ្នករត់​រ៉ឺម៉ក PassApp លោក គង់ សុវណ្ណារ៉ូ និង​ក្រុមគ្រួសារ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក សុវណ្ណារ៉ូ បាន​រំឭក​អំពី​ការចាប់​អាជីព​ជា​អ្នករត់កង់៣​ដំបូង​ថា​៖ «​ខ្ញុំ​ចាំ​បាន​ថា កាល​នោះ​មាន​ភ្ញៀវ​បរទេស​ម្នាក់ គាត់​មក​ជិះ​កង់៣​ខ្ញុំ ខ្ញុំ​ប្រាប់​ថា​ខ្ញុំ​ស្តាប់​អត់​បាន​ទេ ខ្ញុំ​បង្ហាញ​ផែនទី​ទៅ​គាត់ គាត់​ចង្អុល​ប្រាប់​ទីតាំង ហើយ​ខ្ញុំ​ក៏​បាន​ឌុប​គាត់​ទៅ​ដល់​គោលដៅ​។ ចំណែក​ភ្ញៀវ​ខ្មែរ គាត់​ហៅ​អ៊ីចឹង ខ្ញុំ​ប្រាប់​តាម​កាយវិការ​ថា​ខ្ញុំ​ថ្លង់ តែ​ខ្ញុំ​មាន​ក្រដាស​ឲ្យ​គាត់ ពួកគាត់​សរសេរ​ប្រាប់​ទីតាំង​មក ខ្ញុំ​ឌុប​គាត់​ទៅ​»​។

ដោយ​បាន​ផ្លាស់ប្ដូរ​មុខរបរ​ពី​កូនកាំបិត​តាម​ភោជនីយដ្ឋាន និង​បន្ដ​ជា​អ្នក​ស៊ីឈ្នួល​កាប់​ឈើ​មួយ​រយៈ​ជាមួយ​អនាគត​ផ្លូវ​ជីវិត​ដ៏ស្រពេចស្រពិល បុរស​រូបនេះ​តែងតែ​ជួប​រឿង​បរាជ័យ​ក្នុង​ការព្យាយាម​ស្វះស្វែងរក​ការងារ​នៅ​ភ្នំពេញ​ជាច្រើន​លើក​ច្រើនសា​។

រហូត​ដល់​ថ្ងៃ​ ១ ​រយៈពេល ៥ ឆ្នាំ​អ្នក​ម្ដាយ​របស់​លោក​ដែល​មាន​អាជីព​ជា​អ្នក​រត់រ៉ឺម៉កកង់៣​ស្ដ្រី​ស្រាប់ ក៏​ដាច់ចិត្ដ​បង្រៀន​ជំនាញ​នេះ​ដល់​កូនប្រុស ទោះ​វា​អាច​ប្រឈម​នឹង​ហានិភ័យ​លើ​ចរាចរណ៍​ខ្វាត់ខ្វែង​យ៉ាង​ណា​ក៏ដោយ​។

លោក សុវណ្ណារ៉ូ បាន​បន្ដ​ថា​៖ «​នៅ​ឆ្នាំ​ ២០១៤ ខ្ញុំ​រៀន​ស្គាល់​ពី​លេខ​ផ្លូវ និង​អាសយដ្ឋាន​តាម​ឪពុក​របស់​ខ្ញុំ ហើយ​រៀន​បើក​កង់៣​ពី​ម្តាយ​ខ្ញុំ​។ ពេល​ចេះ​ច្បាស់ ទើប​ខ្ញុំ​ចេញ​ទៅ​រត់​កង់៣»​។

ប្រពន្ធ និង​កូនប្រុស​លោក គង់ សុវណ្ណារ៉ូ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

យ៉ាងណា​មិញ​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​តាមរយៈ​ការហៅ​រ៉ឺម៉ក​លើ​កម្មវិធី​ទូរស័ព្ទ បាន​ជួយ​សម្រួល​ដល់​កិច្ចការ​របស់​បុរស​គថ្លង់​រូបនេះ​យ៉ាង​ច្រើន ខណៈ​ការទំនាក់ទំនង​ភាគច្រើន​ស្ថិត​នៅ​លើ​អេក្រង់​ទូរស័ព្ទ​។

ក្នុង​ឆ្នាំ​ ២០១៨ ពេល​ភរិយា​ជា​ស្ដ្រី​គ​ថ្លង់​ដែរ​នោះ​សម្រាល​កូន​បាន ៣ ​ខែ​លោក សុវណ្ណារ៉ូ ក៏​សម្រេច​ចិត្ដ​ខ្ចីបុល​ធនាគារ​ទិញ​រ៉ឺម៉ក​ឥណ្ឌា​បំពាក់​កម្មវិធី (App) ដើម្បី​ដឹកជញ្ជូន​ភ្ញៀវ​កាន់តែ​ងាយស្រួល​។

បច្ចុប្បន្ន​នេះ​របរ​រត់​រ៉ឺម៉ក​របស់​បុរស​គ​ថ្លង់ គង់ សុវណ្ណារ៉ូ បាន​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទាំងមូល​រួមមាន ឪពុក ម្ដាយ ម្ដាយធំ ភរិយា រួមទាំង​កូនប្រុស​ដ៏គួរ​ឲ្យ​បារម្ភ​ដែល​ប្រាកដ​ថា កូនប្រុស​របស់​ពួកគេ​មិន​ជួប​រឿង​អកុសល​ពី​កំណើត​នោះឡើយ​។

ថ្លែង​ទាំង​ទឹកភ្នែក​ស្រក់​រលីងរលោង ម្តាយ​បុរស​រត់​កង់៣ អ្នកស្រី គី ចាន់ធូ អាយុ​ជាង​​ ៥០ ​ឆ្នាំ​បាន​រំឭក​ពី​អារម្មណ៍​នៅពេល​ដែល​ដឹងថា កូនប្រុស​មិន​អាច​ស្តាប់ និង​និយាយ​បាន​ថា​៖ «​នៅ​អាយុ​​ ៩ ​ខែ កូន​ខ្ញុំ​ឈឺ​ដាក់​សេរ៉ូម ខ្ញុំ​ងក់ក្បាល គាត់​សើច​ដាក់​។ ប៉ុន្តែ​យើង​ហៅ​ពី​ចំហៀង គាត់​អត់​ឮ​ទេ​។ អ៊ីចឹង​ទើប​ខ្ញុំ​ដឹងថា កូន​ខ្ញុំ​គ​ថ្លង់​។ ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ខ្ញុំ​អត់​ចង់​រស់​ទេ ខ្ញុំ​អាណិតកូន​។ នាពេល​ក្រោយ​មក ខ្ញុំ​កាត់ចិត្ត ខ្ញុំ​គិត​ថា​គ្រាន់​បើ​ជាង​ខ្វាក់ខ្វិន ខ្ញុំ​តស៊ូ​ចិញ្ចឹម​កូន​មក​»​។

សម្រាក​នៅ​ផ្ទះ​លក់ដូរ​បន្តិចបន្តួច និង​នៅ​មើលថែ​ចៅប្រុស​អាយុ​ទើប​តែ ៣ ​ខែ​ស្ដ្រី​ធ្លាប់​រត់​រ៉ឺម៉ក​រូប​នេះ​តែងតែ​បារម្ភ​ពី​កូនប្រុស​ខ្លាច​ជួប​ប្រទះ​នឹង​គ្រោះថ្នាក់​ផ្សេងៗ​នៅពេល​ចេញ​ទៅ​រត់​កង់៣​ម្តងៗ​ដែល​អ្នកស្រី​តែងតែ​បន់ស្រន់​សុំ​ឲ្យ​កូន​ជួប​តែ​សេចក្តីសុខ​តាម​ផ្លូវ​។

កាលពី​កុមារភាព​លោក សុវណ្ណារ៉ូ ជា​ក្មេង​ដែល​ចូលចិត្ត​រៀនសូត្រ ប៉ុន្តែ​លោក​មិន​អាច​សម្រេច​បំណង​នេះ​បាន​ព្រោះ​លោក​មិន​អាច​ស្តាប់ឮ និង​យល់​ពី​អ្វី​ដែល​អ្នក​នៅ​ជុំវិញ​ខ្លួន​លោក​និយាយ​។ រហូត​ដល់​ឆ្នាំ​ ១៩៩៩ ​ទើប​លោក​បាន​ចូលរៀន​នៅ​សាលា​របស់​អង្គការ​គ្រួសារ​ថ្មី​ដែល​ជា​ពេល​មួយ​ធ្វើឲ្យ​លោក​អាច​សិក្សា​ភាសា​សញ្ញា និង​អក្សរសាស្ត្រ​ខ្មែរ និង​ជា​កន្លែង​ដំបូង​ដែល​លោក​បាន​ជួប​ភរិយា​កាល​វ័យ​កុមារ​។

ទាក់ទង​ការតស៊ូ​តាំងពី​កុមារ​រហូត​មក​ដល់​បច្ចុប្បន្ន សុវណ្ណារ៉ូ ក៏​បាន​បញ្ជាក់​តាមរយៈ​អ្នក​បកប្រែ​ថា​៖ «​ខ្ញុំ​អត់​ដែល​គិត​ចង់​សម្លាប់​ខ្លួន​ទេ ព្រោះ​ខ្ញុំ​គិត​ថា ជីវិត​ខ្ញុំ​សំខាន់ ខ្ញុំ​នឹង​តស៊ូ និង​ស្វែងរក​ការងារ​ធ្វើ ឬ​រត់​កង់៣​ហ្នឹង​រហូត​ដើម្បី​ចិញ្ចឹម​គ្រួសារ និង​នៅពេល​កូន​ខ្ញុំ​ធំ មាន​ការងារ​ធ្វើ​»​។

អ្នករត់​ត្រីចក្រយានយន្ដ​រូបនេះ សុំ​សំណូមពរ​ដល់​ភ្ញៀវ​ទាំងអស់​កុំ​រើសអើង​ជនពិការ សូមជួយ​គាំទ្រ​ជនពិការ​ក៏​ដូចជា​ជិះ​កង់៣​របស់​លោក​ដែល​អាច​ទាក់ទាក់​តាម​ហ្វេសប៊ុក #kongsovannaro និង​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៥ ២២៦ ០៩៥៕

វីដេអូ៖