ក្រុង​ស៊ាងហៃ៖ បុរស​ចិន​ម្នាក់​ឡើង​បង្គោល​ភ្លើង​ហាត់​កាច់​ក្បាល​ពោះ​ដ៏​ខ្ពស់​ ដែល​ធ្វើ​ឱ្យ​អ្នក​ឈរ​មើល​ស្រៀវ​ឆ្អឹង​ខ្នង​ និង​បង្ក​ឱ្យ​ដាច់​ចន្ដរ​អគ្គិសនី​រាប់​ពាន់​ផ្ទះ។

People''s Daily បាន​រាយ​ការណ៍​ថា បុរស​អត់​ស្គាល់​អត្ដសញ្ញា​ម្នាក់​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្មភាព​ដ៏​ឆ្កួត​លីលា​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​នៅ​ជាយ​ក្រុង​ភាគ​នីរតី​ទីក្រុង​ឈិនឌូ។

ទីភ្នាក់ងារ​ព័ត៌មាន​បាន​បង្ហោះ​វីដេអូ​ឃ្លីប​លើ​បណ្ដាញ​សង្គម​ Weibo ដោយ​បង្ហាញ​រូបភាព​បុរស​ម្នាក់​ឡើង​បង្គោល​ភ្លើង​កម្ពស់ ១០ ​ម៉ែត្រ ដើម្បី​ធ្វើ​ការ​ហាត់​ប្រាណ​កាច់​ក្បាល​ពោះ។

កាសែត People''s Daily បាន​ឱ្យ​ដឹងថា​៖ «​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​ក្នុង​ស្រុក​បាន​សម្រេច​កាត់​ផ្ដាច់​ចន្ដរ​អគ្គិសនី​បន្ទាន់​ ដែល​ប៉ះពាល់​ដល់​អ្នក​ប្រើ​ប្រាស់​រាប់​ពាន់​ផ្ទះ​សម្បែង​»។

យោងតាម The Paper ក្នុង​ក្រុង​ស៊ាងហៃ បាន​ផ្សាយ​ថា សេវាកម្ម​សង្គ្រោះ​បន្ទាន់ រួម​ទាំងអង្គភាព​សុខាភិបាល បាន​នាំ​គ្នា​ទៅ​ដល់​កន្លែង​​កើត​ហេតុ។

មិន​ច្បាស់​មូលហេតុ​បាន​ជា​បុរស​រូប​នោះ​បាន​នឹក​ឃើញ​ឡើង​ហាត់​ប្រាណ​លើ​បង្គោល​ តែ​បណ្ដាញ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​ព្រមាន​ប្រជាជន​កុំ​ប្រព្រឹត្ដិ​ដូច​បុរស​រូប​នេះ។

សារព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា​៖ «​ទង្វើ​​របស់​បុរស​រូប​នេះ​ពិ​តជា​គ្រោះ​ថ្នាក់​»។

ឧប្បត្ដិហេតុ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​លើ​បណ្ដាញ​សង្គម​ចិន ដោយ​មាន​អ្នក​ចូល​ទស្សនា​ជាង ១,៧​ លាន​ដង។

អ្នក​ប្រើ​ប្រាស់ Weibo បាន​ឱ្យ​ដឹង​ថា​៖ «​ពិត​ជា​រំខាន់​មែន​ ដោយ​ត្រូវ​កាត់​ផ្ដាច់​ភ្លើង​ទៀត​ ហើយ​ពេល​ខ្ញុំ​ឃើញ​ព័ត៌មាន​នេះ និង​បាន​ដឹង​ការពិត ខ្ញុំ​មាន​អារម្មណ៍​ជ្រេញ និង​ចង់​តែ​សើច​»។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​ម្នាក់​ទៀត​មិន​យល់​ថា វាជា​ទង្វើ​គួរ​ឱ្យ​អស់​សំណើច​ឡើយ។ រូប​គេ​បាន​សរសេរ​ថា​៖ «​ការ​កាត់​ផ្ដាច់​អគ្គិសនី​ធ្វើ​ឱ្យ​ខាត​ចំណូល​យ៉ាង​ខ្លាំង​ និងអាច​បង្ក​​​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ថែម​ទៀត​»។

ប៉ូលិស​មូលដ្ឋាន​មិន​បាន​ផ្ដល់​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​នៅ​ឡើយទេ​៕ AFP/HR