ក្រុង​សៀមរាបៈ ក្រោយពី​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ជាមួយ​នឹង​ការងារ​ច្នៃ​សំរាម​រួម​មាន​ដូចជា​ស្រកា​ត្រី និង​ថង់​ប្លាស្ទិក ឲ្យ​ទៅ​ជា​វត្ថុ​សិល្បៈ​នានា ប្រើ​ពេល​ជិត ១០ ឆ្នាំ​មក​ហើយ ទើប​តែ​នៅ​ក្នុង​ឆ្នាំ ២០១៨ នេះ បាន​សមិទ្ធផល​កែច្នៃ​ទៅ​ជា​វត្ថុ​សិល្បៈ​ដែល​មាន​តម្លៃ​អាច​ជួយ​លោក រៀម មុនី​ស៊ីឡុង បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន និង​អាច​លក់​ដូរ​រក​ប្រាក់​ចំណូល​បាន​គួរសម ដើម្បី​ចិញ្ចឹម​ជីវិត​គ្រួសារ។

បើទោះបី​កើត​នៅក្នុង​គ្រួសារ​មាន​ជីវភាព​លំបាក​ខ្លាំង​មិនអាច​ឲ្យ​ខ្លួន​បាន​រៀនសូត្រ​ចេះដឹង​ជ្រៅ​ជ្រះ និង​ជំនាញ​វិចិត្រកម្ម​មែន​ក្តី តែ​ទេព​កោសល្យ​ដ៏​ប៉ិន​ប្រសប់ ពី​កំណើត​របស់​លោក​អាច​ប្រើ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​គឺ​ការ​ជ្រើស​យក​សំរាម​មក​ចៃ្ន​ជាវ​ត្ថុ​សិល្បៈ​មាន​តម្លៃ និង​អាច​យក​ទៅ​ប្រើប្រាស់​ធ្វើ​ជា​គ្រឿង​សិល្បៈ​លម្អ ឬ​ជា​រូប​សត្វ នានា​គួរ​ឲ្យ​សរសើរ​ពី​អតិថិជន​ទាំង​ខ្មែរ និង​បរទេស​តែ​ម្តង។

បច្ចុប្បន្ននេះ វត្ថុ​សិល្បៈ​ទាំងឡាយ ដែល​ប្រើ​វត្ថុធាតុដើម​ពី​សំរាម​នានា​រួមមាន​ស្រកាត្រី ថង់​ប្លាស្ទិក សម្បក​កំប៉ុង​ភេសជ្ជៈ សម្បក​កង់​ឡាន និង​វត្ថុ​ផ្សេងៗ​ទៀត អាច​ជួយ​ឲ្យ​បុរស​មាន​គំនិត​ស្រឡាញ់​សិល្បៈ​កែច្នៃ នៅ​ខេត្ត​សៀមរាប លោក រៀម មុនី​ស៊ីឡុង មាន​ពន្លឺ​ជីវិត​ហើយ​ដែល​ជា​ការ​តប​ស្នង ចំពោះ​ការ​ខិតខំ​តស៊ូ​ជាមួយ​ការ​បង្កើត​ស្នាដៃ​សិល្បៈ​ដ៏​កម្រ​តាំង​ពី​ឆ្នាំ ២០០៩ មក។

លោក រៀម មុនី​ស៊ីឡុង រើសយក​ថង់​ប្លាស្ទិក​ទៅ​ច្នៃ​។ សហការី

លោក រៀម មុនី​ស៊ី​ឡុង ដែល​បាន​រៀន​តែត្រឹម​ថ្នាក់​ទី ៤ នៅ​សាលា​បឋម​សិក្សា ខណៈ​មាន​វ័យ ១៤ ឆ្នាំ ទើប​ចូល​រៀន​ព្រោះ​តែ​ជីវភាព​គ្រួសារ​ក្រីក្រ​លំបាក​ពេក ហើយ​ឧស្សាហ៍​ផ្លាស់ប្តូរ​លំនៅឋាន​ទៀត​នោះ បាន​រៀប​រាប់​ពី​ដើម​ទង​នៃ​ការ​កើត​គំនិត​កែច្នៃ​សំរាម​ឲ្យ​ទៅ​ជា​គ្រឿង​វត្ថុ​សិល្បៈ​នានា​ដោយ​ប្រើ​ពេល​រហូត​ដល់​ជិត ១ ទសវត្សរ៍ ទើប​គេ​មើល​ឃើញ​អំពី​គុណ​តម្លៃ​ស្នាដៃ​របស់​លោក ប្រាប់​ថា៖ «ការ​នឹក​ឃើញ​ច្នៃ​របស់​ពី​សំរាម​ទៅ​ជា​វត្ថុ​សិល្បៈ​ទាំង​នេះ ខ្ញុំ​ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០០៩ មក ហើយ​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​មិន​មាន​អ្នក​ណា​គេ​ចាប់​អារម្មណ៍​នឹង​ស្នាដៃ​នេះ​គឺ​ទើប​តែ​មក​ដល់​អំឡុង​ឆ្នាំ ២០១៥-២០១៧ ចុង​ក្រោយ​នេះ ទើប​មាន​អ្នក​គេ​ស្គាល់ និង​ចាប់​អារម្មណ៍​ស្នាដៃ​កែច្នៃ​ពី​សំរាម​របស់​ខ្ញុំ»។

លោក បាន​បន្តថា៖ «ការច្នៃ​សំរាម​ជា​វត្ថុ​សិល្បៈ​នេះ តាំងពី​ចាប់ផ្តើម​មកដល់​ឆ្នាំ ២០១៦-២០១៧ គឺ​មិន​បាន​ជួយ​រក​ប្រាក់​ចំណូល​ឲ្យ​ខ្ញុំ​អាច​ចិញ្ចឹម​ជីវិត​គ្រួសារ​បាន​ទេ គឺ​ទើប​តែ​នៅ​ឆ្នាំ ២០១៨ នេះ ទើប​អាច​ចូល​រួម​ចំណែក​នៅ​ក្នុង​ជីវភាព​គ្រួសារ​ខ្ញុំ​បាន ដោយ​ខ្ញុំ​អាច​លក់​វត្ថុ​ច្នៃ​តូច​តម្លៃ​ទាប​បំផុត ចាប់​ពី ៥ ដុល្លារ រហូត​ដល់​តម្លៃ​ថ្លៃ​បំផុត​ជាង ៣ ០០០ ដុល្លារ​ផង​ដែរ។ តាមសេចក្តី​ប្រាថ្នា​តទៅ​ថ្ងៃមុខនោះ ខ្ញុំ​ក៏​ចង់​មាន​សាលមន្ទីរ​សម្រាប់​តាំង​វត្ថុ​កែច្នៃ​ទាំងនេះ ហើយ​ក៏​ចង់​មាន​វិចិត្រសាល​ផ្ទាល់​ខ្លួន​ដែរ»៕​