សៀមរាប៖ ពេល​មក​ដល់​កម្ពុជា​ដំបូង​ក្នុង​ឆ្នាំ ​២០១៤ លោក កៃ គូរ៉ាម៉ូតុ បាន​ឃើញ​ផ្ទាល់​ភ្នែក និង​ឮ​ពេញ​ត្រចៀក​ថា កម្ពុជា​គឺ​ជា​ដែន​ដី​ដ៏​ស្រស់ស្អាត​ទាំង​សម្រស់​ធម្មជាតិ និង​ស្នាម​ញញឹម​របស់​ពលរដ្ឋ​ខ្មែរ​។ ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ទើស​ចិត្ដ​នោះ ​គឺបញ្ហា​សំរាម​ប្លាស្ទិក​រាយ​ប៉ាយ​នៅ​លើ​ដង​វិថី​។

លោក កៃ បាន​ឲ្យ​ដឹង​ថា​៖ «សម្ដី​ទូទៅ​​ដែល​ខ្ញុំ​បាន​ឮ​ពី​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​គឺ​ថា វា​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត តែ​ជួប​បញ្ហា​កខ្វក់​ចំពោះ​សំរាម និង​ប្លាស្ទិក​។ ខ្ញុំ​ចង់​ស្វែងរក​វិធី​ឲ្យ​ភ្ញៀវ​ទេសចរ​រីករាយ​ការ​ទស្សនា​ប្រាង្គប្រាសាទ​ វាល​ស្រែ ​វាល​ស្រូវ ទន្លេ​បឹង​បួ ទំនាក់​ទំនង​ជាមួយ​អ្នក​ស្រុក និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​កម្ពុជា​មាន ដោយ​មិន​មាន​មតិ​អវិជ្ជមាន​ភ្ជាប់​មក​ជាមួយ​»។

លោក​បន្ត​ទៀត​ថា៖ «ថង់​ប្លាស្ទិក​ទំនង​ជា​ដើម​ចម​បង្ក​ផល​​ប៉ះ​ពាល់​ចំពោះ​បរិស្ថាន​ធំ​បំផុត​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ដូច្នេះ យើង​ព្យាយាម​ស្វែងរក​ដំណោះ​ស្រាយ​ចីរភាព​ចំពោះ​បញ្ហា​នេះ​»។

ការ​លុប​បំបាត់​ប្លាស្ទិក​​តែ​ម្ដង ​គឺ​ជា​គោល​ដៅ​ចុង​ក្រោយ តែ​វា​មិន​ទាន់​អាច​អនុវត្ដ​ភ្លាមៗ​ទាំង​ស្រុង​​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ​ ពី​ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ជំនួញ​ខ្នាត​តូច​របស់​ពលរដ្ឋ​ខ្មែរ​។ ដូច្នេះ ដំណោះស្រាយ​ជម្រើស​មួយ​ទៀត ​គឺ​ថង់​ដែល​ងាយ​​រលាយ​ ត្រូវ​បាន​​​ផ្ដួច​ផ្ដើម​​​ក្រុមហ៊ុន​ Cleanbodia។

ថង់​នឹង​រលាយ​ពី ២ ទៅ ៦ឆ្នាំ បើធៀប​នឹង​ថង់ប្លាស្ទិក២០០ឆ្នាំ​​​។ រូបថត សហការី

កូន​កាត់​ជប៉ុន​-​អាមេរិក​ វ័យ ៣៩ ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា៖ «​Cleanbodia ត្រូវ​បាន​បង្កើត​ឡើង​​ឆ្នាំ ​២០១៥​ ជា​គម្រោង​តូច​មួយ​បំណង​ស្ទាប​ស្ទង់​ថា តើ​ថង់​ងាយ​រលាយ​នេះ​អាច​ដើរ​ក្នុង​ទីផ្សារ​កម្ពុជា​ឬ​ក៏​អត់​? យើង​បាន​​ស្រាវជ្រាវ ឌីហ្សាញ សិក្សា​ទីផ្សារ និង​ចែកចាយ​លក់​ថង់​ងាយ​រលាយ​នៅ​ទូទាំង​ប្រទេស ​កម្ពុជា ព្រម​ទាំង​ពិភព​លោក​»។

Cleanbodia គឺ​ជា​ក្រុមហ៊ុន​ដែល​កំពុង​ព្យាយាម​នាំ​យក​ដំណោះ​ស្រាយ​ស្ទួយ​បរិស្ថាន​ដល់​ប្រជាជន​ខ្មែរ និង​ពិភព​លោក​ទាំង​មូល​។

លោក កៃ គូរ៉ាម៉ូតុ កូន​កាត់​ជប៉ុន​-​អាមេរិក រស់នៅ​ក្បែរ​ទីក្រុង​ឈីកាហ្គោ សហរដ្ឋ​អាមេរិក​។ លោក​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ University of Richmond- Robins School of Business ហើយ​ការងារ​ចុង​ក្រោយ​របស់​លោក​មុន​ពេល​ហោះ​មក​កាន់​ទឹក​ដី​កម្ពុជា លោក ​គឺ​ជា​នាយក​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​នៃ​ការ​រៀបចំ​សន្និសីទ និង​សន្និបាត​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​។

ដំបូង​ឡើយ លោក​ក៏​មិន​ដឹង​ថា​ត្រូវ​ប្រើ​ដំឡូងមី ​ដើម្បី​ផលិត​ថង់​នោះ​ទេ ដោយសារ​ប្លាស្ទិក​រលាយ (Bioplastics) អាច​ត្រូវ​បាន​ផលិត​ឡើង​ពី​រុក្ខជាតិ​ខុសៗ​គ្នា។ តែ​គ្រឿង​ផ្សំ​សំខាន់​គឺ ម្សៅ​ដែល​ដំឡូង​មី​សម្បូរ​សារធាតុ​នេះ​ច្រើន​។

ជាមួយ​រូបរាង​​ថង់​ស្ដើង និង​ទម្ងន់​ស្រាល មិន​ខុស​ពី​ថង់​ប្លាស្ទិក​ធម្មតា តែ​ងាយ​រលាយ​​​ ម្ចាស់​យីហោ «ថង់​ផលិត​ពី​រុក្ខជាតិ​» រូប​នេះ បាន​អះអាង​ថា៖ «​មិន​មែន​ដោយសារ​វា​ងាយ​រលាយ​ វា​ងាយ​ផុយ​រហែក​​នោះទេ​។ ចំពោះ​ការ​ដាក់​ទឹក​ស៊ុប​ និង​ផលិតផល​ក្ដៅ​ ថង់​ស្ទួយ​បរិស្ថាន​នេះ​មាន​ភាព​រឹង​មាំ​ដូច​ថង់​ប្លាស្ទិក​ទូទៅ​អ៊ីចឹង​»។

ថង់ Cleanbodia អាច​កុម្ម៉ង់​ការ​រចនា​ទៅ​តាម​ចិត្ត​ចង់របស់អតិថិជន។ រូបថត សហការី

យ៉ាង​ណា​មិញ លោក កៃ មិន​មាន​មហិច្ឆតា​ចូល​ខ្លួន​​មក​ជំនួស​ថង់​ជ័រ​ប្លាស្ទិក​ទូទៅ​ទាំង​ស្រុង​នោះ​ទេ​ ដោយ​​លោក​ប្រាថ្នា​ចង់​​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ដ៏​​គ្រោះ​ថ្នាក់​ដល់​បរិស្ថាន​បន្តិច​ម្ដងៗ​។

លោក​បាន​ពន្យល់​ថា៖ «ថង់​ងាយ​រលាយ​របស់​យើង​មាន​ភាព​ល្អ​ប្រសើរ​ជាង​ដោយសារ​វា​ផលិត​ឡើង​ពី​រុក្ខជាតិ​ មិន​ដូចជា​ការ​ប្រើ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ឡើយ​។ ថង់​ទាំង​នេះ​នឹង​រលាយ​ក្នុង​រយៈ​ពេល ៦ ឆ្នាំ​ ដែល​យ៉ាង​ហោច​ណាស់​លឿន​ជាង​ថង់​ប្លាស្ទិក​ទូទៅ ២០០ ឆ្នាំ​ឯណោះ​»។

ដោយសារ​តែ​ការ​ផលិត​ថង់​ងាយ​រលាយ​មាន​ភាព​ស្មុគស្មាញ​ និង​តម្រូវ​ឲ្យ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​មាន​តម្លៃ​ថ្លៃ​ ព្រម​ទាំង​ទាមទារ​សមត្ថភាព​ជំនាញ​ពី​ក្រុម​វិស្វករ​ លោក គូរ៉ាម៉ូតុ មិន​បាន​ប្រាប់​ប្រទេស​ផលិត​ថង់​រុក្ខជាតិ​នេះ​ឡើយ ដោយ​គ្រាន់​តែ​បង្ហើប​ថា វា​នៅ​មិន​ឆ្ងាយ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ទេ។​

លោក​បាន​បង្ហើប​ប្រាប់​ថា៖ «ថង់​រុក្ខជាតិ​ទាំង​នេះ​មិន​ត្រូវ​បាន​​ផលិត​ឡើង​ក្នុង​ប្រទេស ​កម្ពុជា ​ឡើយ​ តែ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ឯង​»។

លោក​បញ្ជាក់​ដែរ​ថា៖ «យើង​បាន​សិក្សា​ជ្រាវជ្រាវ​ពី​លទ្ធភាព​កសាង​រោងចក្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​កំពុង​សិក្សា​ស្វែងរក​វិធីសាស្ដ្រ​ល្អ​បំផុត​​ជាមួយ​ដៃ​ដ៏​ត្រឹមត្រូវ​»។

លោក​រំពឹង​ថា ​ចង្វាក់​ផលិតកម្ម​នៅ​ក្នុង​ស្រុក​នឹង​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ហើយ​មិន​បាច់​ខ្វល់​ពី​ការ​ផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​ ដែល​មាន​ភាព​សម្បូរ​បែប​ស្រាប់​នៅ​ទី​នេះ​។

លោក កៃ បន្ត​​ថា៖ «វា​អាច​ជា​​ផលិតផល​នាំ​ចេញ​ដ៏​ល្អ​​សម្រាប់​​​កម្ពុជា​ ពេល​​យើង​ទទួល​ការ​កុម្ម៉ង់​ពី​ជុំវិញ​ពិភព​លោក​ដែល​ត្រូវ​ការ​ប្រើ​ថង់​ស្ទួយ​បរិស្ថាន​នេះ​។ ខ្ញុំ​គិត​ថា នេះ​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​គួរ​តែ​មាន​មោទនភាព​»។

ថង់​ Cleanbodia មាន​ ៣ ទំហំ​ និង​គ្រោង​បន្ថែម​ ២ ទំហំ ព្រម​ទាំង​រចនា​ទៅ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន ដែល​បញ្ជា​​ទិញ​ចាប់​ពី ៥០០ គីឡូក្រាម​ឡើង​។ បច្ចុប្បន្ន លោក​ក៏​បាន​ផលិត​ថង់ ​២ ​ប្រភេទ ​គឺ​ថង់​ biodegradable លាយ​ប្លាស្ទិក រលាយ​រយៈ​ពេល ៦ឆ្នាំ​ និង compostable អត់​ផ្ទុក​​ប្លាស្ទិក​ រលាយ​រយៈ​ពេល ២ ឆ្នាំ​។

លោក កៃ បាន​និយាយ​ថា​៖ «យើង​ត្រូវ​តែ​ផ្លាស់ប្ដូរ​ទម្លាប់​ចំពោះ​​ការ​ប្រើប្រាស់​ប្លាស្ទិក​។ វា​មិន​ស្ថិតស្ថេរ​នោះ​ទេ ដោយសារ​វា​ជា​ធនធាន​មិន​អាច​ប្រើប្រាស់​ជា​ថ្មី​បាន​ ហើយ​វា​កំពុង​តែ​បំផ្លាញ​សមុទ្រ​ហើយ​។ ប៉ុន្ដែ​ការ​ផ្លាស់​ប្ដូរ​ធ្វើ​ទៅ​លឿន​ ឬ​ក៏​យឺត វា​អាស្រ័យ​លើ​យើង​ទាំង​អស់​គ្នា​»។

លោក​បន្ដ​ទៀត​​ថា​៖ «​ពេល​នេះ យើង​កំពុង​ស្វែងរក​ដៃគូ​ក្នុង​ការ​កសាង​រោងចក្រ​ផលិត​នៅ​ក្នុង​ស្រុក​»។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​ទៅ​កាន់​វេបសាយ htt​ps://www.cleanbodia.com ឬ​ទំព័រ​ហ្វេសប៊ុក @cleanbodia​៕