ភ្នំពេញ : ខុសប្លែកពីអ្នកលក់បន្លែតាមផ្សារមានតូប កញ្ច្រែង កង់ ម៉ូតូ រ៉ឺម៉ក ខ្លះមានទាំងរថយន្តដឹកជញ្ជូនមើមស្លឹកជាច្រើនមុខរូបភាពបុរសម្នាក់រែកអំរែកបន្លែមានតែខាត់ណា និងខ្ញី ដើរលក់នៅតាមដងផ្លូវ ថ្មីៗនេះបានថ្ពក់ចិត្តអាណិតអាសូរពីអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងក្រាស់ក្រែល។
អ្វីដែលរឹតតែធ្វើឲ្យបុរសរែកអំរែកដើរលក់បន្លែនោះត្រូវបានចែករំលែកពេញបណ្ដាញសង្គមគឺនៅលើអាវពណ៌គគីរស្ទើរប្រផេះ ប្រឡាក់ដីពពាលនោះមានសំណេរពាក្យពេចន៍ដ៏ចាក់ដោតជាប់នឹងខ្នងអាវថា «មិនតូចចិត្តទេ ០១៥ ៩២០- ២៥៥ ជីវិតត្រូវតែតស៊ូ»។
បុរសចាស់សម្បុរស្រអែម សក់ខ្មៅរួញទឹករលកដែលរែកបន្លែលក់ក្បែរផ្សារបឹងកេងកងនោះមានឈ្មោះថា អៀម ថៃ អាយុ ៥៨ ឆ្នាំ។ បុរសដែលមិនមានលទ្ធភាពរៀនសូត្របានជ្រៅជ្រះ និងអាស្រ័យរបរតូចតាចគ្រាន់ចិញ្ចឹមជីវិតរូបនេះបានឲ្យដឹងថា លោកធ្លាប់មានប្រពន្ធម្នាក់មកហើយ ប៉ុន្តែនាងក៏ស្លាប់ទៅ។ លោកទើបតែមានប្រពន្ធម្នាក់ទៀតឈ្មោះ កល្យាណ និងមានកូន ១។
គ្រួសារលោកមានសមាជិក ៤ នាក់រួមទាំងម្តាយក្មេកចាស់ដែលទាំងអស់គ្នារស់អាស្រ័យនៅក្រោមដំបូលផ្ទះជួលក្នុង ១ ខែ ៤០ ដុល្លារស្ថិតនៅម្តុំចាក់អង្រែក្រោម ។
លោក អៀម ថៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីមូលហេតុសុខចិត្តរែកបន្លែលក់ទាំងខ្លួនមានវ័យចំណាស់យ៉ាងដូច្នេះថា៖ «ខ្ញុំអត់មានលុយជួលតូបគេលក់ទេ រកឲ្យតែបានថ្លៃជួលផ្ទះគេ និងរស់ពី ១ ថ្ងៃទៅ ១ ថ្ងៃទៅបានហើយ»។
អ្នករែកបន្លែលក់យ៉ាងកម្សត់នេះបញ្ជាក់ថាលោកត្រូវទៅយកបន្លែពីក្រុងតាខ្មៅដើម្បីយកមកលក់ដោយពីមុនមានម៉ូតូចាស់ ១ គ្រឿងសម្រាប់ជិះទៅមក។ តែឥឡូវម៉ូតូរបស់លោកបានខូច ហើយគ្មានលទ្ធភាពចំណាយជួសជុល ២០ ម៉ឺនរៀលនោះ ទើបលោកត្រូវធាក់កង់ ៣ ទៅក្រុងតាខ្មៅ និងដឹកបន្លែយកទៅដល់ផ្សារបឹងកេងកងសម្រាប់ដើររែកលក់។
បុរសរែកបន្លែបានបរិយាយពីការលក់ដូរថា៖ «ខ្ញុំត្រូវចេញពីផ្ទះតាំងពីព្រឹក ដើម្បីរៀបចំបន្លែឲ្យល្អមុននឹងយកទៅលក់នៅបឹងកេងកង ផ្សារអូរឫស្សី និងកន្លែងផ្សេងៗទៀតរហូតដល់ម៉ោង ៨-៩ យប់ជួនកាលអាចដល់ ១០ យប់ក៏មានទើបបានទៅដល់ផ្ទះវិញ»។
បុរសចំណាស់រូបនេះក៏បានបង្ហើបដែរថា លោកត្រូវចំណាយអស់ ១០ ម៉ឺនសម្រាប់បន្លែដែលទៅទិញយកមកលក់ ហើយក្នុងមួយថ្ងៃលក់បានត្រឹម ៧ ទៅ ៨ ម៉ឺនទេនៅសល់ទុកដើរលក់ថ្ងៃបន្ទាប់ទៀត។ បើសំណាងល្អប៉ះចំថ្ងៃណាលក់ដាច់ខ្លាំង លោកអាចលក់អស់បានប្រាក់ ១៥ ម៉ឺនដោយចំណេញបាន ៥ ម៉ឺនរៀល។
ទោះជារកបានចំណូលខ្សត់ខ្សោយបន្តិចក្ដី ក៏អ្នករែកបន្លែលក់តាមផ្លូវលោក អៀម ថៃ បានអំពាវនាវដល់អតិថិជនទាំងអស់ថា៖ «បើសិនជាឃើញខ្ញុំដើររែកបន្លែលក់ បើអាណិតខ្ញុំ សូមជួយទិញផងត្រឹមកន្លះគីឡូ កន្លះខែជួយទិញម្តងបានហើយ មិនបាច់ឲ្យលុយខ្ញុំទេ សុំត្រឹមជួយទិញមិនបាច់រាល់ថ្ងៃក៏បានខ្ញុំចង់បានតែលុយចំណេញទៅផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណឹងទេ»៕