ក្រុង​តៃប៉ិក៖ តួអក្សរ​ចិន និង​គំនូរ​រចនាប័ទ្ម​កុលសម្ព័ន្ធ​ត្រូវ​បាន​​​សិល្បករ​ចំណាស់ វូ រ៉ុងប៊ី រចនា​លើ​ដុំថ្ម​​លក់​ជា​វត្ថុ​អនុស្សាវរីយ៍​នៅ​តាម​ដង​វិថី​នៃ​ក្រុង​តៃប៉ិ​អស់​រយៈពេល​ជាង ៤០ ឆ្នាំ​មក​ហើយ។

ជាមួយ​រហស្សនាម «ពូ​ដុំថ្ម» បុរស​តៃវ៉ាន់​វ័យ ៦៤ ឆ្នាំ​រូប​នេះ​បាន​ចាប់​ផ្ដើម​​គូរ​​គំនូរ​លើ​ដុំ​ថ្ម​តូចៗ ជា​វត្ថុ​អនុស្សាវរីយ៍​ជូន​កូន​សិស្ស​របស់​លោក​​ក្នុង​ថ្ងៃ​បុណ្យ​គ្រិស្តស្មាស់ គ្រា​ដែល​លោក​​​​​ធ្វើ​​ជា​គ្រូ​បង្រៀន។

គំនិត​លក់​វត្ថុ​​សិល្បៈ​នេះ​បាន​ផុស​ឡើង​នៅ​ពេល​ដែល​លោក​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ដាក់​តាំង​ស្នាដៃ​តាម​ដង​វិថី​ក្រុង​តៃប៉ិ។ លោក វ៉ូ បាន​ចាត់​ទុក​ គំនូរ​​លើ​ដុំ​ថ្ម​របស់​លោក​ថា​ជា​វត្ថុ​​​នាំ​ពរជ័យ​ដល់​អ្នក​ទិញ​យក​ទៅ​​រក្សា​ទុក ឬ​ធ្វើ​ជា​អំណោយ​ជូន​មនុស្ស​ជា​ទី​ស្រឡាញ់។

លោក វូ បាន​​រៀបរាប់​ប្រាប់​ទីភ្នាក់ងារ AFP ថា «ខ្ញុំ​តែង​តែ​រៀបរាប់​ប្រាប់​អតិថិជន​ពី​ភាព​វិជ្ជមាន​នៃ​គំនូរ​​ចម្រុះ​ពណ៌​នីមួយៗ​​​នៅ​លើ​ដុំ​ថ្ម​ដ៏​រលោង​ទាំង​​នេះ។ ខ្ញុំ​សង្ឃឹម​ថា​ ពួក​គេ​នឹង​ទទួល​បាន​អំណោយ​នាំ​សំណាង និង​រឿង​ល្អៗ​ដល់​ជីវិត​​របស់​ពួក​គេ»។

អតីតគ្រូបង្រៀន​រហស្សនាម​ ពូ​ដុំថ្ម អង្គុយលក់ដុំថ្ម​​សិល្បៈ។ រូបថត AFP

ក្នុង​ចំណោម​គំនូរ​លើ​ដុំ​ថ្ម​ទាំង​​​នោះ រូប​ស្លឹក​ត្រចៀក​ក្រាញ់ ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ​ពី​អតិថិជន ជាមួយ​ជំនឿ​ថា​វា​នាំ​លាភ​សុភមង្គល។

ដុំ​ថ្ម​ដទៃ​ទៀត​មាន​រូប​ត្រី​ ជា​និមិត្តរូប​នៃ​​ភាព​សម្បូរ​រុងរឿង​តាម​វប្បធម៌​ចិន។ រីឯ​គំនូរ​​បែប​កុលសម្ព័ន្ធ​ ក៏​ពេញ​និយម​សម្រាប់​អ្នក​ដែល​ស្វែង​រក​អំណោយ​ចម្រុះ​វប្បធម៌។

លោក វូ បាន​និយាយ​ថា៖ «វប្បធម៌​កុលសម្ព័ន្ធ​នៅ​ជុំវិញ​ពិភព​លោក​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា ហើយ​ខ្ញុំ​ប្រើប្រាស់​គំនូរ​នេះ​​​តំណាង​​ឲ្យ​សារៈសំខាន់​នៃ​ជីវិត​​​​លើ​ផែនដី»។

ដុំថ្ម​មានគំនូរ​តាមរចនាប័ទ្ម​កុលសម្ព័ន្ធ​ជនជាតិ​ដើម​។ រូបថត AFP

ប្រជាជន​សរុប​នៅ​តៃវ៉ាន់ ភាគ​ច្រើន​ជា​ជនជាតិ​ចិន ដើម​កំណើត​​ហាន ដោយ​ក្នុង​នោះ​មាន​តែ ២ ភាគរយ​​ជា​កុល​សម្ព័ន្ធ​​ជនជាតិ​ដើម​។

អ្នក​ប្រាជ្ញ​ជា​ច្រើន​បាន​ចាត់​ទុក​​តៃវ៉ាន់ និង​ផ្នែក​មួយ​ចំនួន​នៃ​អាស៊ីអាគ្នេយ៍​ថា ​ជា​ប្រភព​​ដើម​កំណើត​របស់​ប្រជាជន​អូស្ត្រូណេស៊ី ដោយ​រាប់​បញ្ចូល​អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ នូវែលសេឡង់ ម៉ៅរីស និង​ប៉ូលីណេស៊ី​ នៅ​ហាវ៉ៃ។

មិន​ខុស​ពី​សហគមន៍​ជនជាតិ​ដើម​​នៅ​ជុំវិញ​ពិភព​លោក​នោះ​ទេ កុលសម្ព័ន្ធ​​នៅ​កោះ​តៃវ៉ាន់​បាន​ប្រឈម​នឹង​បញ្ហា​វប្បធម៌ និង​សេដ្ឋកិច្ច​​​ចាប់​តាំង​ពី​​ការ​មក​ដល់​នៃ​ជនជាតិ​ហាន​នៅ​​​សតវត្សរ៍​ទី ១៧៕ AFP