ក្រុងប៉ារីស :ស្ថិត​នៅ​ជ្រុង​ម្ខាង​នៃ​ផ្លូវ​មួយ​​ក្បែរ​​ដែន​កោះ Corsica ជា​ទី​ដែល​ក្សត្រ ណាប៉ូឡេអុង បូណាផាតេ ប្រសូត​ដែល​ជា​សារមន្ទីរ​តូច​មួយ​​ស្វាគមន៍​ភ្ញៀវ​​ក្មេងៗ​ឲ្យ​មក​ទស្សនា​​ពី​រឿងរ៉ាវ​របស់​អធិរាជ​បារាំង​តាមរយៈ​ឈុត​ឆាក​ត្រូវ​បាន​រៀបចំ​សម្ដែង​ជា​​រូបតុក្កតា​តូចៗ Playmobil រាប់រយ​តួអង្គ​។

លោក Frederic Pierrot ជា​សហគ្រិន IT វ័យ ៥៣ ឆ្នាំ​បាន​លើក​យក​គំនិត​នេះ​មក​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​​ ដើម្បី​ជា​ការ​គោរព​ចំពោះ​រាជបុត្រ​ដ៏ល្បីល្បាញ​បំផុត​ នៅ​លើ​ទីកំណើត​​នៃ​ដែនសមុទ្រ​ មេឌីទែរ៉ាណេ​ ខណៈ​ដែល​លោក​ខិតខំ​ស្រោច​ស្រង់​កេរ​តំណែល​​​ប្រវត្តិសាស្ត្រ​ឡើងវិញ​ តាំងពី​ពេល​លោក​អាយុ​ទើប ១០ ឆ្នាំ។

លោក​បាន​និយាយ​សំដៅ​ដល់​សារមន្ទីរ ណាប៉ូរ៉ាម៉ា នៅ​​ទីក្រុង​ដែន​កោះ អាចាកស៊ីយ៉ូ ថា៖ «​ខ្ញុំ​ចង់​បាន​គំនិត​ដើម​ដែល​មិន​ពាក់ព័ន្ធ​នឹង​បច្ចេកវិជ្ជា​ឌីជីថល​ទំនើប​​អ្វី​ទាំងអស់»។

ដោយ​បាន​ប្រើប្រាស់​​រូបតុក្កតា​ Playmobil ដែល​លោក​ប្រមូល​ទុក​ ​​លោក​ Pierrot ចាប់ផ្តើម​តុបតែង​សម្លៀក​បំពាក់​ក្រដាស ខ្សែ​ធាង​ដូង និង​ថែម​ទាំង​គ្រឿង​លម្អ​កាយ​ច្នៃ​ដោយ​ដៃ​ផ្ទាល់​ ដើម្បី​រំលេច​ជា​ឈុត​សម្លៀក​បំពាក់​បុរាណ​ពិតៗ​។

ក្នុង​តម្លៃ ២០ អឺរ៉ូ (ជិត ១០ ម៉ឺន​រៀល​) អ្នក​និយម​តុក្កតា​នេះ​អាច​ទិញ​តុក្កតា​​ស្តេច ​ណាប៉ូឡេអុង​ ឬ ​មហេសី ចូសេពីន​។

ចំពោះ​ដំណើរ​ទេសចរណ៍​ លោក Pierrot បាន​ធ្វើឲ្យ​​ភ្ញៀវ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជាមួយ​​ការរៀបរាប់​រឿង​និទាន​ខ្លីៗ ​អំពី​ព្រឹត្តិការណ៍​ដែល​កើតឡើង​ក្នុង​ប្រវត្តិសាស្ត្រ។

រូប​តុក្កតា​តំណាង​ស្ដេចណាប៉ូឡេអុង ជិះ​សេះ​បញ្ជា​ទ័ព​៕ រូប​ថត​ AFP

លោក​ថ្លែង​ថា៖ «ពេល​ទ្រង់​ព្រះជន្ម​ ១៣ វស្សា​ ស្តេច​ ណាប៉ូឡេអុង​បាន​រៀបចំ​ក្បួន​ចម្បាំង​ បាល់​ព្រឹល​ រយៈពេល ៣ ថ្ងៃ​នៅឯ​សាលា​យោធា Brienne នៅ​ភាគ​ឦសាន​ប្រទេស​បារាំង។ ចំពោះ​ប្រវត្ដិ​វិទូ វា​ជា​និម្មិតរូប​គំរូ​សម្រាប់​តួអង្គ​មេដឹកនាំ​អនាគត​»​។

បន្ទាប់​ គឺ​ការកសាង​ឡើង​វិញ​ដោយ​ផ្ដើម​ចម្បាំង Siege of Toulon ឆ្នាំ ១៧៩៣ ​ដែល​មេទ័ព​វ័យក្មេង​បាន​បង្ហាញ​អំពី​សមត្ថភាព​រៀប​ក្បួន​​យុទ្ធសាស្ត្រ​ហើយ​នៅ​ចុងបញ្ចប់​ទ្រង់​ត្រូវ​បាន​​អភិសេក​ជា​ស្តេច​នៅ​ឆ្នាំ ១៨០៤។

លោក Pierrot បាន​លើក​ឡើង​ដោយ​សំដៅ​លើ​គម្លាត​អាយុ​រវាង​ប្រធានាធិបតី​បារាំង និង​លោកស្រី​ទី​មួយ​ដោយ​ខុស​គ្នា​រហូត​ដល់ ២៥ ឆ្នាំ​ថា៖ «វា​ហាក់​ដូចជា​រឿង​គួរ​ឲ្យ​​អស់​សំណើច​នាពេល​បច្ចុប្បន្ន​នេះ ​នៅពេល​ដែល​យើង​ឃើញ​លោក (អេម៉ានូលអែល) ម៉ាក្រុង​ និង​ភរិយា​»។

លោក​បញ្ជាក់​ថា៖ «ប៉ុន្តែ​ សម្រាប់​អាពាហ៍ពិពាហ៍​ ជនស៊ីវិល​លោកស្រី Josephine de Beauharnais បាន​ប្រកាស​ប្រាប់​ពី​ក្មេង​ជាង​អាយុ​ពិត​ ៥ ឆ្នាំ​ខណៈ​ស្តេច​ ណាប៉ូឡេអុង បែរ​ជា​ប្រកាស​អាយុ​ពិត​ចាស់​ជាង​រហូត​ដល់ ៦ ឆ្នាំ​»។

ដើរ​ចូល​ទៅ​កាន់​សារមន្ទីរ​ដែល​បាន​បើក​ដំណើរការ​កាល​ខែ​កក្កដា​ឆ្នាំ ២០១៦ ភ្ញៀវ​ត្រូវ​ចំណាយ ៣ អឺរ៉ូ​ (១៤០០០ រៀល) ទិញ​សំបុត្រ​ចាប់​ពី​​​ ១០ ឆ្នាំ​ឡើង​ដែល​ធ្វើឲ្យ​លោក Pierrot អាច​​ជួយ​ទប់ទល់​នឹង​ការ​ចំណាយ​ ១ ម៉ឺន​អឺរ៉ូ (ជិត ៥០ លាន​រៀល​)។

លោក​ថ្លែង​ថា៖ «​ក្រុមហ៊ុន Playmobil បាន​អនុម័ត​យល់ព្រម​គម្រោង​របស់​ខ្ញុំ​ ប៉ុន្តែ​ពួកគេ​មិន​បាន​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​គម្រោង​នេះ​ទេ»៕ NS

លោក Frederic Pierrot រៀប​រាប់​អំពី​តួអង្គ​តុក្កតា​ច្នៃសម្លៀក​បំពាក់​សម័យ​ស្ដេច​ណាប៉ូឡេអុង​ដល់​កុមារ​បាន​ស្គាល់​ពី​ប្រវត្ដិ​ក្សត្រ​ក្នុង​ប្រទេស​បារាំង​៕ រូប​ថត AFP

លោក Frederic Pierrot រៀប​រាប់​អំពី​តួអង្គ​តុក្កតា​ច្នៃសម្លៀក​បំពាក់​សម័យ​ស្ដេច​ណាប៉ូឡេអុង​ដល់​កុមារ​បាន​ស្គាល់​ពី​ប្រវត្ដិ​ក្សត្រ​ក្នុង​ប្រទេស​បារាំង​៕ រូប​ថត AFP