ក្រុង​ម៉ូស្គូ៖ ក្រសួង​មហាផ្ទៃ​រុស្ស៊ី​បាន​ប្រកាស​ថា រថយន្ដ​​កែច្នៃ ​១ ​គ្រឿង ​​ដែល​ស្រដៀង​នឹង​យានជំនិះ​ «Batmobile» ក្នុង​ភាពយន្ដ​ហូលីវូដ​ល្បី ​មនុស្ស​ប្រចៀវ​ត្រូវ​បាន​រឹប​អូស​នៅ​ភាគ​កណ្ដាល​ក្រុង​ម៉ូស្គូ​។

ប៉ូលិស​ចរាចរណ៍​បាន​អូស​យក​រថយន្ដ​ពណ៌​ខ្មៅ​ក្រឹប​ ដែល​បំពាក់​កង់​ធំ​ៗ​ ខណៈ​វា​បាន​ធ្វើ​ដំណើរ​តាម​ដង​វិថី​សំខាន់​មួយ​នៅ​កណ្ដាល​ក្រុង​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​។ ពួក​គេ​បាន​រក្សា​រថយន្ដ​មនុស្ស​ប្រចៀវ​នេះ​ទុក​ ដែល​ត្រូវ​បាន​ផលិត​ឡើង​តាម​លំនាំ​យានជំនិះ​​របស់​កំពូល​វរជន​ក្នុង​ភាពយន្ដ​ និង​ជា​កម្មសិទ្ធិ​របស់​យុវជន មូស្កូវីត អាយុ ៣២ ឆ្នាំ​។

ម្ចាស់​រថយន្ដ​កែច្នៃ «​Batmobile» ប្រឈម​នឹង​ការ​ផាក​ពិន័យ​ពី​បទ​បំពាន​​ជា​ច្រើន​ករណី​មុន​ពេល​ត្រូវ​បាន​ប្រគល់​រថយន្ដ​ឲ្យ​វិញ​។

ប៉ូលិស​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា យាន​ជំនិះ​នេះ​ផលិត​នៅ​សហរដ្ឋ​អាមេរិក និង​ត្រូវ​បាន​កែច្នៃ​នៅ​រោង​ជាង​ឯកជន​មួយ​​នៅ​​រុស្ស៊ី​ក្នុង​​រោង​ជាង​ ដែល​មិន​បាន​ចុះ​បញ្ជី​ជា​យានយន្ដ​ពិត​ប្រាកដ និង​មិន​បាន​អនុវត្ដ​​ស្ដង់ដា​សុវត្ថិភាព​ចរាចរណ៍​ ព្រម​ទាំង​មិន​គោរព​គោលការណ៍​រថយន្ដ​ស្ដង់ដា​ប្រវែង ៦ ម៉ែត្រ​។

រោង​ជាង​នោះ​បាន​កែច្នៃ​រថយន្ដ​ទៅ​តាម​សណ្ឋាន​យាន​ជំនិះ​​ក្នុង​ភាពយន្ដ​ហូលីវូដ​ឆ្នាំ ​២០១៦ នៃ​រឿង «Batman v Superman: Dawn of Justice»។ រថយន្ដ​ចម្លង​នេះ​ត្រូវ​បាន​ដាក់​លក់​នៅ​ប្រទេស ​រុស្ស៊ី ​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ក្នុង​តម្លៃ ៨៤២ ១០០ ដុល្លារ​។

វា​ត្រូវ​បាន​បំពាក់​កាវ​ក្រោះ កាមេរ៉ា​មើល​ពេល​រាត្រី កាមេរ៉ា​ស្គេន​កម្ដៅ ឧបករណ៍​ឡាស៊ែរ ​កាំភ្លើង​និម្មិត​ និង​​​សំឡេង​ស៊ីផ្លេ​ដូច​​​ផ្ទុះ​​គ្រាប់​កាំភ្លើង​បាញ់​​ប្រហារ​ពិតៗ​៕ AFP/HR