ក្រុងដាម៉ាស: គ្រង​ឈុត​ពណ៌​លឿង​តាំងពី​ក្បាល​ដល់​ចុងជើង​លោក អាប៊ូ ហ្សាកកួរ ត្រូវ​បាន​ចាត់ទុក​ជា​ផ្នែក​មួយ​នៃ «​កេរដំណែល​» ប្រចាំ​ក្រុង​អាឡិបប៉ូ ភាគ​ខាង​ជើង​ស៊ីរី​រួម​ទាំង​បន្ទាយ​យុគសម័យ និង​ទីផ្សារ​បុរាណ​របស់​ក្រុង​ផងដែរ​។

អស់​រយៈពេល​ជិត ៣៦ ​ឆ្នាំ​បុរស​ចំណាស់​វ័យ ៧០ ​ឆ្នាំ​នៅ​តែ​អនុវត្ដ​របៀបរបប​រស់នៅ​ដោយ​គ្រង​ឈុត​ពណ៌​តែ​មួយ​ដែល​រំលេច​នូវ​ឈុត​សម្លៀកបំពាក់​ពណ៌​លឿង​ស្រស់​រួមទាំង​គ្រឿង​តុបតែង​ខ្លួន​ថែម​ទៀត​។

បុរស​រហស្សនាម «​មនុស្ស​លឿង​» ប្រចាំ​ក្រុង​អាឡិបប៉ូ​បាន​និយាយ​ថា​លោក​មាន​បំណង​ចង់គ្រង​កំណត់ត្រា​ហ្គីនណេស​ពិភពលោក​។

លោក អាប៊ូ ហ្សាកកួរ បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​បាន​ស្លៀកពាក់​ខោអាវ​ពណ៌​លឿង​សុទ្ធ​តាំងពី​ឆ្នាំ​ ១៩៨៣​។ សម្ភារ​ប្រើប្រាស់​ទាំងអស់​សុទ្ធតែ​លឿង​រួម​ទាំង ខោអាវ ទូរស័ព្ទ ខ្នើយ និង​នាឡិកា​»​។

ទូ​របស់​លោក​ផ្ទុក​សុទ្ធតែ​ខោអាវ និង​របស់​ប្រើប្រាស់​ពណ៌​លឿង​សុទ្ធ​។ រូបថត AFP

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ត្រូវ​ចំណាយពេល​ជាង ៤ ម៉ោង​ឆ្លងកាត់​ផ្លូវ​ជិត​ ១ ​គីឡូម៉ែត្រ​ពីព្រោះ​មនុស្សម្នា​ជាច្រើន​សុំ​ខ្ញុំ​ថតរូប​»​។

បុរស​ពោះម៉ាយ​ដែល​មាន​កូន ៣ នាក់​រស់នៅ​ឯកា​តែឯង​ក្នុង​អាផា​មិន​តូច​មួយ​នៅ​ទីក្រុង​រូបភាព​ពណ៌​លឿង​ច្រាល​មាន​គ្រប់​ទីកន្លែង​។ ខោអាវ​ទ្រនាប់​ពណ៌​លឿង​ព្យូរ​តាម​រានហាល​។ ក្នុង​ផ្ទះ​ស្បែកជើង កៅអី និង​តុ​បង្កើត​បាន​ជា​បរិយាកាស​ភ្លឺ​ស្រឡះ​ភ្នែក​។ សូម្បីតែ​ទូ​ខោអាវ​របស់​លោក​ក៏​រំលេច​នូវ​ពណ៌​លឿន​ផង​ដែរ​។

លោក​និយាយ​ពេល​បើកទ្វារ​ទូ​ថា​៖ «​ខ្ញុំ​មាន​សម្លៀកបំពាក់​រាប់រយ​ឈុត​សុទ្ធតែ​ពណ៌​លឿង រួមទាំង ខោ មួក អាវ វ៉ែនតា និង​ក្រវាត់ក​»​។ យ៉ាង​ណា​មិញ​ប្រជាប្រិយភាព​របស់​លោក​មិន​សុទ្ធតែ​ស័ក្ដិសម​នោះ​ទេ​។

លោក​បន្ដ​ថា​ពេល​ភាគ​ខាង​កើត​ក្រុង​អាឡិបប៉ូ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ឧទ្ទាម​ចន្លោះ​ឆ្នាំ​ ២០១២ និង​ឆ្នាំ​ ២០១៦ លោក អាប៊ូ ហ្សាកកួរ ត្រូវ​បាន​ក្រុម​សកម្មប្រយុទ្ធ​ឃុំ​ខ្លួន​ពី​បទ​មាន​ផែនការ​សម្ងាត់​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​។

ទោះ​ជួប​បទពិសោធ​លំបាក​យ៉ាងណា​ក៏​បុរស​រូប​នេះ​មិន​ដោះ​សម្លៀកបំពាក់​ពណ៌​លឿង​ចោល​ឡើយ​។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​នឹង​បន្ដ​ស្លៀកពាក់​ខោអាវ​ទាំង​នេះ​រហូត​ដល់​ថ្ងៃ​ស្លាប់​»៕ HR