ក្រុង​ណាស្កាបានចា៖ ព្រឹល​ខែ​ធ្នូ​គ្រប​ដណ្ដប់​ពាស​ពេញ​ប្រទេស ​ស៊ែប​ តែ​មិន​អាច​បញ្ឈប់​លោក អាឡេក សានដា តានីក ពី​ការ​ប្រមូល​ផល​ដំណាំ​រដូវ​ក្ដៅ​ ជា​ម្ទេស​កន្ដឹបកន្ដុប ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ម្ទេស​ហឹរ​បំផុត​នៅ​លើ​ភព​ផែន​ដី​នោះ។

នៅ​ឯ​ជើង​ភ្នំ​​ភាគ​ខាង​ត្បូង​ស៊ែប លោក តានីក បេះ​ម្ទេស​ក្រហម លឿង និង​ទឹក​ក្រូច​ពី​រង​បន្លែ​ក្នុង​ដំបូល​បៃតង​ដែល​មាន​តង់​គ្រប​ការពារ​ព្រឹល​។ ក្នុង​ចំណោម​ដំណាំ​ម្ទេស មាន​ម្ទេស​ Carolina Reaper ធាត់​កណ្ដៀន និង​​រម៉ិករម៉ក់ ត្រូវ​បាន​ចាត់​ទុក​ជា​ម្ទេស​ហឹរ​បំផុត​។ នេះ​បើ​យោង​តាម​កំណត់ត្រា​ហ្គីនណេស​ពិភព​លោក​។

ដោយ​ត្រូវ​បាន​ដាំ​ដំបូង​នៅ​រដ្ឋ​ការ៉ូលីណា​ខាង​ត្បូង វា​បង្កើន​កម្រិត​ជាតិ​ហឹរ​ ១,៦ លាន​ ស្កូវីល​ ដែល​ផ្ដោត​លើ​សមាសធាតុ​គីមី​ធ្វើ​ឲ្យ​ម្ទេស​ហឹរ​ ខាបសៃស៊ីន​។ ទោះបី​ជា​រដូវ​រងា​នៅ​ស៊ែប​ចុះ​ត្រជាក់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​លោក តានីក និយាយ​ថា លោក​គ្មាន​បញ្ហា​ក្នុង​ការ​ដាំ​ម្ទេស​នៅ​តាម​ជើង​ភ្នំ Mount Koritnyak នៃ​ក្រុង​ណាស្កបានចា​ នោះ​ទេ។

លោក អាឡេក សានដា តានីក ដាំ​ស្ដេច​ម្ទេស​នៅតំបន់​ជើង​ភ្នំ​ដ៏​ត្រជាក់​​​។ រូបថត AFP

អតីត​ជាង​អគ្គិសនី​អាយុ ៣៦ ឆ្នាំ បាន​និយាយ​​ថា​៖ «​ទី​នេះ​មាន​សីតុណ្ហភាព​ល្អ​។ ខ្ញុំ​មិន​ដឹង​ថា​ វា​មក​ពី​មូលហេតុ​​អ្វី​ឡើយ​ តែ​ម្ទេស​កាន់​តែ​ល្អ​ និង​ថ្លោស​ជាង​មុន​ ហើយ​ក៏​ប្រហែល​ជា​ហឹរ​ខ្លាំង​ជាង​មុន​ទៀត​ផង​»។

លោក តានីក ចាប់​ផ្ដើម​ស្រាវជ្រាវ​ដំណាំ​ម្ទេស​ដំបូង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​ក្ដី​ស្រឡាញ់​ចូលចិត្ដ​ការ​ចម្អិន​អាហារ និង​ម្ហូប​ហឹរៗ​។ ដោយ​មាន​ជំនួយ​ពី​ឪពុក​ ស្វេទីស្លាវ និង​មិត្ដភ័ក្ដិ​ម្នាក់​ទៀត លោក តានីក ពេល​នេះ​កំពុង​ដាំ​ម្ទេស​ ១៥ ប្រភេទ​ រួម​ទាំង​ពូជ Trinidad Moruga Scorpio ដែល​មាន​កម្រិត​ហឹរ​ ១,២ លាន​ស្កូវីល​ ខណៈ​ម្ទេស​ទូទៅ​មាន​កម្រិត​ហឹរ​តែ​ ៣ ០០០ ទៅ ៨ ០០០ ស្កូវីល។

ក្នុង​បន្ទប់​តូច ​១​ ជាទី​កន្លែង​ដែល​លោក​សម្ងួត​ម្ទេស ក្លិន​ឆួល​បាន​ភាយ​ឡើង​យ៉ាង​ខ្លាំង ​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ដក​ដង្ហើម​។

ពេល​សីតុណ្ហភាព​វិល​ទៅ​កាន់​រដូវ​ក្ដៅ​វិញ លោក​គ្រោង​ដាក់​តាំង​ម្ទេស​ដោយ​មាន​រៀបចំ​ការ​ប្រកួត​ទទួល​ទាន​ម្ទេស​ដែល​អាច​ចម្អិន​អណ្ដាត​ និង​ធ្វើ​ឲ្យ​គាំង​បេះដូង​អ្នក​មាន​សមត្ថភាព​ខ្សោយ​៕ AFP/HR