ក្រុង​ដាល់ស្ត្រុម៖ លោក Vernon Kruger បាន​អង្គុយ​ក្នុង​ធុង​ឈើ ដោត​លើ​បង្គោល​កម្ពស់ ២៥ ម៉ែត្រ​ពី​ដី អស់​រយៈពេល​ជាង ២ ខែ​មក​ហើយ។

អង្គុយ​ខ្ពស់​សន្លឹម​ សម្លឹង​មើល​ទីក្រុង​ដាល់ស្ត្រុម​​ទាំង​ញញឹម បុរស​វ័យ ៥២ ឆ្នាំ​រូប​នេះ​ បាន​បំបែក​កំណត់ត្រា​ចាស់​របស់​ខ្លួន​កាល​ពី​ឆ្នាំ ១៩៩៧ ដោយ​សកម្មភាព​រស់នៅ​ធុង​ឈើ​​ស្ទើរ​តែ​ពេញ ​១ ខែ។

បុរស​ដែល​មាន​របរ​ជា​អ្នក​បើកបរ​រថយន្ត​អាជីព​រូប​នេះ​បាន​ពោល​ថា៖ «ដេក ដើរ​ ឈរ​ អង្គុយ ក្នុង​ធុង​ឈើ​នេះ វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ»។

លោក​រៀបរាប់​ទៀត​ថា៖ «វា​តូច ហើយ​ពិបាក​ឲ្យ​យើង​ងើប​ចុះ​ឡើង សូម្បី​តែ​រើ​ខ្លួន​ឲ្យ​ស្រួល​ក៏​មិន​អាច​ដែរ។ ការ​គេង​ក៏​ត្រូវ​គេង​ដូច​ទារក​ក្នុង​ផ្ទៃ»។

លោក Kruger ​បាន​ចាត់​ទុក​ធុង​ឈើ​ជា​ផ្ទះ​របស់​លោក​នៅ​​លើ​អាកាស​ដោយ​វា​មាន​បំពាក់​ប្រព័ន្ធ​លូ សម្រាប់​បង្ហូរ​កាក​សំណល់​ផង​ដែរ។

ធុង​ឈើ​​កម្ពស់ ២៥ ម៉ែត្រ​ពីដី បីដូចជាផ្ទះ​បណ្ដោះអាសន្ន​របស់លោក។ រូបថត AFP

រយៈពេល​ជាង ២ ខែ​មក​នេះ លោក​បាន​ងូត​ទឹក​តែ​ ២ ដង​គត់​​​ក្នុង ​១ ​សប្ដាហ៍។ ម្ហូប​​របស់​លោក​ត្រូវ​បាន​ក្រុម​ការងារ​ស្ទូច​ទម្លាក់​ជា​រៀង​រាល់​ពេល ដោយ​ប្រើ​កន្ត្រក​យោង។

គំនិត​យក​ធុង​ឈើ​​ធ្វើ​ជា​ផ្ទះ​បណ្ដោះ​អាសន្ន​លើ​មេឃា​នេះ ត្រូវ​បាន​លោក​នឹក​ឃើញ​ពេល​ដែល​លោក​ឡើង​ដើម​ដូង នៅ​កោះ​មួយ​ក្នុង​ដំណើរ​វិស្សមកាល​​ច្រើន​ឆ្នាំ​កន្លង​មក។

លោក Vernon Kruger បាន​រំឭក​ថា៖ «មាន​គេ​ប្រាប់​ខ្ញុំ​ថា ម៉េច​ក៏​មិន​សាក​​បំបែក​កំណត់ត្រា​អង្គុយ​លើ​ដើម​ឈើ​រាប់​សិប​ថ្ងៃ​ទៅ។ ដំបូង​ឡើយ ខ្ញុំ​គិត​ថា វា​ដូច​ជា​កំប្លែង​ពេក​ទេ​ដឹង តែ​ក្រោយ​មក​ខ្ញុំ​ស្រាប់​តែ​ចង់​ធ្វើ​រឿង​នេះ ​ដើម្បី​យក​ឈ្នះ​មិត្ត​របស់​ខ្ញុំ»។

ក្រោយ​ពី​ធ្វើ​ការ​ស្រាវជ្រាវ​បន្តិច លោក​បាន​រក​ឃើញ​បុរស​ឥណ្ឌូនេស៊ី​ម្នាក់​ធ្លាប់​បង្កើត​ឯតទគ្គកម្ម​អង្គុយ​លើ​ដើម​ឈើ​រយៈពេល ២៨ ថ្ងៃ។

លោក​បាន​សាកល្បង​​​ដោយ​ប្ដូរ​ជា​ធុង​ឈើ​វិញ ហើយ​កាល​ពី​ឆ្នាំ ១៩៩៧ លោក​ជោគជ័យ​អាច​ឆ្លង​កាត់​បាន​រយៈពេល​ជាង ៥០ ថ្ងៃ។ បើ​ទោះ​ជា​មាន​បញ្ហា​ចុករួយ​បន្តិច​មែន ប៉ុន្តែ​លោក​ប្រាថ្នា​ចង់​បំបែក​ឯតទគ្គកម្ម​ខ្លួន​ឯង​នៅ​ជាង ២ ទសវត្សរ៍​បន្ទាប់។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ លោក​បាន​រស់នៅ​ក្នុង​ធុង​ឈើ​ចំនួន ៦៧ ថ្ងៃ ក្រោម​ការ​ផ្ដល់​បាយ​ទឹក​ដោយ​មិត្តភក្ដិ។

ប៉ន្តែ​ពួក​គេ​កំពុង​តែ​បារម្ភ​ដោយសារ​លោក Vernon Kruger ពុំ​ទាន់​មាន​គម្រោង​បញ្ចប់​ការ​ស្នាក់នៅ​ធុង​ឈើ​កម្ពស់ ២៥ ម៉ែត្រ​ពី​ដី​នោះ​នៅ​ឡើយ​ទេ៕ AFP