សៀមរាប: ក្នុងវ័យ ៥៨ ឆ្នាំ បុរសអូស្ត្រាលី ម៉ាកូស ស្កា បានរត់ក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ដោយចំណាយរយៈពេលមួយសប្តាហ៍ ពីទីក្រុងភ្នំពេញ មកដល់ដែនដីអង្គរ ក្នុងបំណងកៀរគររកជំនួយជួយទៅដល់ប្រជាពលរដ្ឋខ្មែរដែលមានជំងឺពិការភ្នែក។
ជាមួយពាក្យស្លោក «វិថីឆ្ពោះទៅរកអាណាចក្រខ្មែរបុរាណ» កម្មវិធីរត់ប្រណាំងដើម្បីរៃអង្គាសថវិកា ផ្តើមនៅថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី ២ ខែធ្នូ ថ្មីៗនេះត្រូវបានរៀបចំឡើងដោយ គ្លូបលលីមីតកម្ពុជា ដែលធ្លាប់មានបទពិសោធធ្វើព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិធំៗនៅប្រទេសស្រីលង្កា ប៊ូតង់ និងកម្ពុជា ជាដើម។ នេះក៏ជាព្រឹត្តិការណ៍មួយសម្រាប់ការ រៃអង្គាសថវិកាដល់ មូលនិធិ ហ្រ្វេតហូឡូ ក្នុងគោលបំណងស្វះស្វែងរកជំនួយជួយក្នុងការវះកាត់ភ្នែកចំនួន ២២០ ករណីផងដែរ។
កម្មវិធីនៃការរត់ប្រណាំងបានចាប់ផ្តើមរត់ចេញពីភាគខាងជើងក្រុងភ្នំពេញ ឆ្ពោះទៅកាន់ ខេត្តកំពង់ធំ និងបញ្ចប់ដំណើររត់នៅត្រឹមខាងមុខប្រាសាទអង្គរវត្តដែលប្រើរយៈពេលមួយសប្តាហ៍។
លោក ម៉ាកូស បាននិយាយថា៖ «គោលបំណងដែលខ្ញុំរត់នេះ ខ្ញុំនឹងយកមកធ្វើរបាយការណ៍ផ្ញើជូនប្រជាពលរដ្ឋនៅអូស្ត្រាលីឲ្យពួកគេបានដឹងថា តើខ្ញុំរត់ពីទីតាំងណាទៅទីតាំងណា រត់ប៉ុន្មានថ្ងៃ ហើយរត់បានចំនួនប៉ុន្មានគីឡូម៉ែត ដើម្បីឲ្យពួកគេឧបត្ថម្ភថវិកាជួយការវះកាត់ជំងឺភ្នែក»។
លោកនិយាយយ៉ាងមុតមាំថា៖ «ខ្ញុំរត់បានចម្ងាយ ២២០ គីឡូម៉ែត.ខ្ញុំសង្ឃឹមថា យ៉ាងហោចណាស់ ខ្ញុំអាចនឹងជួយទៅដល់ប្រជាពលរដ្ឋដែលមានភាពពិការភ្នែកចំនួន ២២០ នាក់ផងដែរ»។

ការរៃអង្គាសថវិកាដោយលោក ម៉ាកូស ស្កា ក្នុងនាមជាបុគ្គលិករបស់មូលនិធិ ហ្រ្វេតហូឡូ ប្រចាំ ក្រុងស៊ីដនី នឹងធ្វើការចូលរួមចែករំលែកដល់មូលនិធិ ហ្រ្វេតហូឡូ នៅកម្ពុជា ដែលផ្តើមអនុវត្តការងារតាំងពីឆ្នាំ ១៩៩៨ មក និងបានចូលរួមធ្វើឲ្យអត្រាភាពពិការភ្នែករបស់ប្រជាជនបានធ្លាក់ចុះពី ១,២ មកនៅត្រឹម ០,៣៨%។
ប្រធានមូលនិធិ លោកស្រី ហ្គាប៊ី ហូឡូ បាននិយាយថា ជាង ៩០% នៃប្រជាជនកម្ពុជាដែលពិការភ្នែក គឺអាចចៀសវាងបានពីភាពពិការដែលមានដើមចមចម្បងគឺជំងឺភ្នែកឡើងបាយ ដោយជំងឺនេះអាចព្យាបាលបានដោយប្រើពេលវះកាត់ត្រឹមតែរយៈពេល ២០ នាទីប៉ុណ្ណោះ ជាមួយការចំណាយទាបបំផុតត្រឹមតែ ២៥ ដុល្លារ។
មន្ទីរពេទ្យភ្នែកតំបន់ខេត្តសៀមរាបបានដាក់សម្ពោធឲ្យប្រើប្រាស់អគារថ្មីនៅក្នុងឆ្នាំ ២០១១ ដើម្បីជួយសម្រួលដល់ការវះកាត់ និងបណ្តុះបណ្តាលជំនាញវះកាត់។ ចាប់តាំងពីការសម្ពោធមក មានអ្នកជំងឺជាង ២០០០ នាក់បានទទួលជោគជ័យក្នុងការវះកាត់ភ្នែក និង ២០ នាក់ ដែលជាចក្ខុបណ្ឌិតបានទទួលការបណ្តុះបណ្តាលបន្ថែមលើជំនាញនៃការវះកាត់។
លោក ម៉ាកូស និយាយថា៖ «ខ្ញុំមានគម្រោងថា នាពេលខាងមុខ បើទោះមានការរត់ម៉ារ៉ាតុងនៅសៀមរាបក៏ដោយ នៅភ្នំពេញក៏ដោយ នៅកន្លែងណាក៏ដោយនាថ្ងៃអនាគត ខ្ញុំនឹងចុះឈ្មោះរត់ ដើម្បីបន្តរៃអង្គាសប្រាក់ ជួយទៅដល់អ្នកពិការភ្នែកក្នុងប្រទេសកម្ពុជាតទៅទៀត»។
ដើម្បីចូលរួមគាំទ្រលោកសូមចូលទៅកាន់គេហទំព័រ https://give.everydayhero.com/au/ruu4vision-2016#/?_k=dpe3im៕