ក្រុង​ម៉ុមបៃ: ក្រោយ​សម្អាត​ស្បែក​ងាប់​នៅ​លើ​ផ្ទៃ​មុខ និង​ធ្វើ​ក្រចក​ លោក ឡាក់សាយ ណារូឡា បន្ដ​ជ្រើស​យក​សេវាកម្ម​ថែសម្ផស្ស​ផ្សេង​ៗ​ទៀត ដោយ​ការ​លាប​ក្រែម​ជម្រុះ​រោម​លើ​ដើមទ្រូង​ ជា​ទង្វើ​ដែល​ប៉ះពាល់​ដល់​ភាព​ជា​បុរស​ក្នុង​សង្គម​ឥណ្ឌា។

យក​លំនាំ​តាម​តារា​ភាពយន្ដ​បូលីវូដ និង​កំពូល​កីឡាករ​គ្រីឃីត បុរស​ឥណ្ឌា​ពេញ​និយម​ផលិតផល​សម្អិត​សម្អាង​កាយ​ និង​ព្យាយាម​បំបែក​រនាំង​ប្រពៃណី​ ដែល​តែងតែ​យល់​ឃើញ​ថា​ ប្រទេស​ត្រូវ​គ្រប់​គ្រង​ដោយ​​​បុរស។

ពិធីករ​ទូរទស្សន៍​នៅ​ក្រុង​ម៉ុមបៃ​ ណារូឡា បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​ចំណាយ​ពេល​ ១៥ នាទី​លើ​តែ​សក់​ និង​រៀបចំ​មួយ​ថ្ងៃ​មុន​ពេល​ថត​ ខ្ញុំ​សម្អាត​ស្បែក​ងាប់​លើ​ផ្ទៃ​មុខ និង​ប្រើ​កញ្ចប់​ឱសថ​បុរាណ​»។

ប្រពៃណី​ឥណ្ឌា មាន​ទស្សនៈ​ថា បុរស​ជា​អ្កកដឹកនាំ​ត្រូវ​តែ​រឹងមាំ ដូច​ជា​រោម​ខ្លួន​ប្រាណ និង​បែក​ញើស​កក្លាក់​តាមធម្មជាតិ​បុរស​។ រូបថត AFP

បុរសវ័យ​ ២៩ ឆ្នាំ បាន​ប្រាប់ទីភ្នាក់ងារ AFP ​ថា​៖ «​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់​សង្ហារ។ ខ្ញុំ​ជា​បុរស​ម្នាក់ ហើយ​ខ្ញុំ​ធ្វើ​បែប​នេះ​សម្រាប់​ជីវិត​ខ្ញុំ​ ដែល​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង»។

លោក​បន្ថែម​ថា វា​ជា​វេលា​ត្រូវ​ទម្លាក់​ទស្សនៈ​ថា «បុរស​គ្រប​ឥទ្ធិពល​លើ​ស្ដ្រី​» ចោល​ហើយ។

ចាប់​ពី​ការបិទ​ម៉ាស​​​ធ្យូង​លើ​ផ្ទៃ​មុខ រហូត​ដល់​លាប​ប្រេង​ពុក​ចង្កា​ ដើម្បី​រំលេច​នូវ​ពណ៌​ព្រឿង​ៗ​ បុរស​​ឥណ្ឌា ចាប់ផ្ដើម​​គិតគូរ​ពី​ការ​សម្អិត​សម្អាង​កាយ ខុស​ពី​ទម្លាប់​អតីតកាល។

បណ្ដាញ​សង្គម​គឺជា​សមរភូមិ​សំខាន់​សម្រាប់​ជំរុញ​​ទស្សនៈ​ថ្មី ដោយ​បុរស​ក៏ត្រូវ​ចេះ​សម្អិត​សម្អាង​កាយ ដូច​តារា​បូលីវូដ​សម័យ​ថ្មី។ រូបថត AFP

ជាមួយ​ទំនោរ​ថែ​ទាំ​សម្រស់​បុរស​សម័យ​ថ្មីនេះ ​ក្រុមហ៊ុន​ឥណ្ឌា​រំពឹង​ថា ​នឹង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប្រុស​ឥណ្ឌា​កាន់តែ​ច្រើន​ឲ្យ​ងាក​មក​គិតគូរ​​រឿង​រូបរាង និង​​សម្ផស្ស​ ដូចជា រូប​លោក ណារូឡាដែរ​។

ដោយ​ជន​ជាតិ​ឥណ្ឌា​ម្នាក់​ចំណោម ៤ នាក់​មាន​ស្មាន​ហ្វូន ហើយ​​ភាគ​ច្រើន​ជា​បុរស។

បណ្ដាញ​សង្គម​គឺជា​សមរភូមិ​សំខាន់​សម្រាប់​ជំរុញ​​ទស្សនៈ​ថ្មី គ្របដណ្ដប់​​លើ​វប្បធម៌​បុរស​ជា​ធំ​ ដូចជា ភាពយន្ដ​វីរ​បុរស​បូលីវូដ ទសវត្សរ៍​ឆ្នាំ​១៩៩០ ដែល​សុទ្ធ​តែ​​ពោរពេញ​ដោយ​​ញើស និង​ភាព​កខ្វក់​លើ​រាងកាយ។

បច្ចុប្បន្ន ភាពយន្ដ​ឥណ្ឌា​តែងតែ​បង្ហាញ​រូបភាព​តារា​ អត់​មាន​រំលេច​រោម​ដូច​ស្វា​ សូម្បីតែ​ពួកគេ​ត្រូវ​វាយ​តប់​ជាមួយ​តួ​អង្គ​អាក្រក់​យ៉ាង​ណា​ក៏ដោយ។

បុរស​ឥណ្ឌា​បិទ​ម៉ាស​មុខ ថែរក្សា​សម្រស់ ដែល​ផ្ទុយ​ពី​ទម្លាប់​បុរស​កាលពី​អតីតកាល។ រូបថត AFP

ជែលលាប​សម្រាប់​​លេង​ម៉ូដ​សក់​ ដែល​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ ដូច​តារា​បូលីវូដ​ Ranveer Singh ​គឺជា​ជំហាននាំ​ឲ្យ​បុរស​​ចេះ​​តាក់តែង​កាយ​ខុស​ពី​មុន។

យោងតាម​​ក្រុមហ៊ុន​​ស្រាវជ្រាវ​ Euro​ Monitor International ឧស្សាហកម្ម​សម្អាង​កាយ​បុរស​នៅ​ឥណ្ឌាបាន​កើន​ឡើង ១០ ភាគរយ ​រវាង​ឆ្នាំ​២០១៧ និង ២០១៨ ជាមួយ​ការ​លក់​ឡើង​ដល់តម្លៃ​​ ១,៤ ពាន់​លាន​ដុល្លារ។

នាយក​ប្រតិបត្ដិ​ផ្នែក​ទំនាក់​ទំនង​នៅក្រុង​ម៉ុមបៃ លោក ​ស៊ូរ៉ាក បាឡាគ្រីស្នាន់ អាយុ ៣០ ឆ្នាំ ដែល​មានរបៀប​របប​​ថែ​​រក្សា​សម្រស់​​ រួមមានការ​លាប​ប្រេង​លើ​ពុក​ចង្កា រាង​កាយ និង​សក់​ បាន​ប្រាប់ទីភ្នាក់ងារ ​​AFP ថា​៖ «​ការ​សម្អិត​សម្អាង​កាយ​ជួយ​បុរស​ៗ​ទទួល​បាន​ការងារ​ល្អ មាន​ភាព​រ៉ូមេនទិក​ ឬ​គាប់​ភ្នែក​នារី​ៗ​ក្នុង​ក្លិប​រាត្រី»។

ឧស្សាហកម្ម​គ្រឿង​សម្អាង​បុរសនៅឥណ្ឌាបានកើនឡើង ១០ ភាគរយ រវាងឆ្នាំ២០១៧ និង ២០១៨ ជាមួយការលក់ឡើងដល់តម្លៃ ១,៤ ពាន់លានដុល្លារ។ រូបថត AFP

បុរស​ដែលចេះ​តាក់តែង​កាយ​​ស្អាត​​ភ្លឹង​រូបនេះ បាន​​​លើក​ឡើង​ទៀត​ថា៖ «នៅពេល​មាន​រាង​កាយ​ស្អាត យើង​ក៏​មាន​អារម្មណ៍​ស្រស់​ស្រាយ ដោយ​រូប​រាង​សម្អិត​សម្អាង​សម​សួន​ រួម​ជាមួយ​ការ​ស្លៀក​ពាក់​បែប​ទាន់​សម័យ​»។

មិន​ខុស​ពី​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ដែល​ជំរុញ​ទីផ្សារ​សម្រាប់​ផលិតផល​ថែ​សម្ផស្ស​បុរស ឧស្សាហកម្ម​សម្អិត​សម្អាង​កាយ​នៅ​ឥណ្ឌា​ស្ថិត​ក្នុង​កម្រិត​ពុះពារ​រនាំង​ប្រពៃណី​ដ៏​អាសោច​ចំពោះ​ទំនៀម​ទម្លាប់​បុរស​ជា​ធំ​​។

លោក បាឡា​ គ្រីស្នាន់ បាន​និយាយ​ថា​៖ «​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ផ្លាស់​ប្ដូរ។ ការ​សម្អិត​សម្អាង​កាយ​មិន​មែន​មាន​ន័យ​ថា យើង​ផ្លាស់​ប្ដូរ​អត្ដចរិក​ទាំង​ស្រុង​ឯណា។ អន្ដរកាល​ត្រូវការ​ពេល​វេលា​»៕ AFP/HR

បុរស​ឥណ្ឌា​​សម័យ​ថ្មី លែង​សូវ​មានរោម​​មុខ និង​រាងកាយ ដូច​កាលពីអតីតកាល។ រូបថត AFP

ទម្លាប់​ប្រចាំ​ថ្ងៃ មាន​​ការ​កក់ និង​អប់​សក់ រួច​ផ្ដុំ​​លាប​ជែល លេង​ម៉ូដ​យ៉ាង​មាន​សណ្ដាប់ធ្នាប់។ រូបថត AFP