ក្រុងញូវដែលី៖ បុរសឥណ្ឌាម្នាក់បាននិយាយថា លោកចំណាយប្រាក់ប្រមាណ ៤ ពាន់ដុល្លារ ទិញម៉ាស់មាសដើម្បីការពារខ្លួនពីវីរុសកូរ៉ូណាដែលកំពុងញាំញីប្រទេសរបស់លោក។
អ្នកជំនួញ សាន់កា គួរហាដេ មកពីភាគខាងលិចក្រុងពូន បាននិយាយថា របាំងការពារមាត់ និងច្រមុះមានទម្ងន់ ៦០ ក្រាម និងធ្វើឲ្យជាងទងចំណាយពេលផលិត ៨ ថ្ងៃ។
លោក សាកា បានប្រាប់ AFP ថា៖ «វាជាម៉ាស់ស្ដើង និងមានរន្ធតូចៗសម្រាប់ឲ្យខ្ញុំដកដង្ហើម។ ខ្ញុំមិនច្បាស់ថា តើវាមានប្រសិទ្ធភាពការពារខ្ញុំពីជំងឺកូវីដ ១៩ បានកម្រិតណានោះទេ តែខ្ញុំគ្រាន់តែចង់រិះរកវិធីការពារខ្លួនបែបប្លែកប៉ុណ្ណោះ»។
ពេលចេញក្រៅ បុរសអាយុ ៤៩ ឆ្នាំ បាននិយាយថា លោកពេញចិត្ដខ្លួនឯង ដែលពាក់ម៉ាស់មាសដ៏ឆ្អិនឆ្អៅទម្ងន់ ១ គីឡូក្រាមនេះ រួមទាំង កងដៃ ខ្សែក និងចិញ្ចៀនពាក់លើម្រាមនីមួយៗនៃដៃស្ដាំ។
លោក គួរហាដេ ដែលមានក្រុមហ៊ុនសង់ឃ្លាំង បានបន្ថែមថា លោកមានគំនិតបង្កើតម៉ាស់មាសក្រោយពីឃើញបណ្ដាញសង្គមផ្សព្វផ្សាយអំពីបុរសម្នាក់ពាក់ម៉ាស់ផលិតពីប្រាក់។
លោកនិយាយថា៖ «មនុស្សម្នានាំគ្នាសុំខ្ញុំថតសែលហ្វ៊ី។ ពួកគេមានការពេញចិត្ដ នៅពេលឃើញខ្ញុំពាក់ម៉ាស់មាសដើរតាមផ្សារ»។
ប្រទេសឥណ្ឌា បានណែនាំឲ្យពលរដ្ឋរបស់ខ្លួនពាក់ម៉ាស់រាល់ការចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានៅទូទាំងប្រទេស ដែលបច្ចុប្បន្នមានករណីឆ្លងប្រមាណ ៦៥ ម៉ឺនករណី និងមានចំនួនស្លាប់ជាង ១៨ ៦០០ នាក់៕ AFP/HR