ក្រុងញូវដែលី៖ ម្ចាស់ដីនៅឥណ្ឌាម្នាក់ សុខចិត្ដចែករំលែកដីភាគច្រើនរបស់ខ្លួនដល់សត្វដំរី ២ ក្បាល នូវអ្វីដែលលោកបាននិយាយថា ពួកវាបានសង្គ្រោះជីវិតរបស់លោកពីមច្ចុរាជ ក្រោមស្នាដៃឧក្រិដ្ឋជនប្រដាប់អាវុធ។ ការសម្រេចចិត្តធ្វើបែបនេះ ធ្វើឲ្យប្រពន្ធនិងកូនៗអាក់អន់ស្រពន់ចិត្ត។
លោក អេកថា អ៊ីម៉ាំមកពីភូមិមួយនៅភាគខាងកើតរដ្ឋប៊ីហារ បាននិយាយថា លោកនឹងកែបណ្ដាំមរតកនូវផ្ទៃដី ២,៥ ហិកតា ទៅឲ្យសត្វដំរីដ៏ស្លូតបូត ដែលមានឈ្មោះថា ម៉ូទី (គុជ) និង រ៉ានី (រាជនី)។
លោក អ៊ីម៉ាំ អាយុ ៥០ ឆ្នាំ បានប្រាប់ AFP ខណៈកំពុងងូតទឹកឲ្យដំរីនេះថា៖ «ខ្ញុំមិនចង់ឲ្យម៉ូទីនិងរ៉ានី ជួបការលំបាកទេ ពីព្រោះពួកវាក៏សំខាន់ដូចក្រុមគ្រួសារខ្ញុំផងដែរ។ ខ្ញុំមិនចង់ឲ្យដំរីរបស់ខ្ញុំធ្លាក់ខ្លួនជាសត្វកំព្រីកំព្រា ឬជាសត្វចិញ្ចឹមត្រូវបានបោះបង់ចោលដែលស្លាប់នៅតាមដងផ្លូវ ឬវាលខ្សាច់ដោយសារតែខ្វះការថែទាំត្រឹមត្រូវទេ»។
លោក អ៊ីម៉ាំ ដែលបានបើកអង្គការអភិរក្សសត្វព្រៃមួយ បានចិញ្ចឹមដំរី ម៉ូទី អាយុ ២០ ឆ្នាំ និងរ៉ានី អាយុ ១៥ ឆ្នាំ ចាប់តាំងពីពេល ពួកគេចាប់កំណើតពីពោះមេ ដែលក្រោយមកបានស្លាប់តែម្ដង។
ដំរីនីមួយៗមានហ្មពីរនាក់ ចាំថែទាំទាំងយប់និងថ្ងៃ ហើយពួកវាអាចដើរហើរនៅក្នុងបរិវេណដីរបស់លោកដោយសេរី។
លោកបាននិយាយថា សេចក្ដីស្រឡាញ់របស់លោកសម្រាប់ដំរីមួយគូនេះ កាន់តែមានស្អិតរមួត នៅពេលដែលពួកវាបានជួយជីវិតលោកពីឧក្រិដជនខ្មាន់កាំភ្លើង ដែលប៉ុនប៉ងចង់សម្លាប់គាត់ កាលពីឆ្នាំមុន អំឡុងពេលទទួលទានដំណេក។
លោក អ៊ីម៉ាំ បានអះអាងថា៖ «ខ្ញុំមានជីវិតរស់ ដោយសារតែដំរីទាំងពីរដែលបានដើរតួជាអង្គរក្សក្នុងការការពារខ្ញុំ»។
លោកបានបន្តថា លោកក៏បានប្រគល់ដីមួយចំណែកតូចនិងផ្ទះ ដល់ប្រពន្ធនឹងកូនៗរបស់លោក ប៉ុន្ដែពួកគេនៅតែមិនសប្បាយចិត្ត។
គាត់បានបន្ថែមទៀតថា៖ «ចិត្តលោភរបស់មនុស្សគ្មានទីបញ្ចប់ បើទោះជាអ្នកប្រគល់ពិភពលោកទាំងមូលអោយក៏គ្មានពាក្យថាគ្រប់គ្រាន់ដែរ»៕ AFP/RS