ក្រុងហ្សាការតា៖ ចរាចរណ៍​​​ណែន​ណាន់​តាន់​តាប់​នៅ​​ឥណ្ឌូនេស៊ី ល្បី​ធ្វើ​ឲ្យ​អ្នក​ដំណើរ​កាន់​តែ​ឈឺ​ក្បាល​។ តែ​បុរស​ម្នាក់​បាន​សម្រេច​ចិត្ដ​ហោះហើរ​ឲ្យ​ផុត​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ ដោយ​ការ​ផលិត​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​។

លោក ជូជុន ជូណែឌី បាន​ចំណាយ​ពេល​​​ទំនេរ​នៅ​ទីធ្លា​ក្រោយ​ផ្ទះ​សម្ងំ​ផលិត​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​ ដោយ​​​មើល​វីដេអូ​ណែនាំ​ ខណៈ​លោក​សុបិន​ចង់​ហោះហើរ​លើ​ដង​វិថី​ជន់​ដោយ​យាន​ជំនិះ​នៃ​​ក្រុង​កំណើត​ស៊ូកាប៊ូមី​។

បុរស​អាយុ ៤២ ឆ្នាំ និយាយ​ពី​បញ្ហា​ការ​កក​ស្ទះ​ចរាចរណ៍​ចម្ងាយ​ប្រមាណ ១១០ គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​​ ក្រុង​ហ្សាការតា​​ថា​៖ «​វា​ធ្វើ​ឲ្យ​យើង​ធុញ​ថប់​អារម្មណ៍​ខ្លាំង​ណាស់​។ ទីបំផុត យើង​មាន​ការ​ខឹង​សម្បា​ចំពោះ​ការ​ចំណាយ​​លើ​កំណាត់​ផ្លូវ​ដ៏​សែន​ជិត​»។

ការ​ទិញ​គ្រឿង​បន្លាស់ និង​ការ​ប្រើប្រាស់​តួ​ដែក​ពី​រោង​ជាង​ជួសជុល​រថយន្ដ​របស់​ខ្លួន លោក ជូណែឌី បាន​និយាយ​ថា លោក​បាន​ចំណាយ​ប្រាក់​ប្រមាណ ៣០ លាន​រូពី (២ ១០០ ដុល្លារ) លើ​ការ​ផលិត​យន្ដហោះ​ តាំង​ពី​ចាប់​ផ្ដើម​ដំបូង​ ១៨ ខែ​មុន​។

ភរិយា​លោក​បារម្ភ​ថា​ ការ​​ធ្វើ​ឧទ្ធម្ភាគចក្រ​អាច​ធ្វើឲ្យគ្រួសារ​ដាច់បាយ។ រូបថត AFP

កូន​ប្រុស​របស់​លោក ជូណែឌី និង​អ្នក​ជិត​ខាង​បាន​ស្រាក់​ដៃ​គ្នា​ជួយ​ផលិត​​ឧទ្ធម្ភាគចក្រ​ប្រើ​សាំង​ប្រវែង ៨ ម៉ែត្រ​ ដែល​យាន​នេះ​មិន​​ទាន់​បាន​ហោះ​​សាកល្បង​ម្ដង​នៅ​ឡើយ​ទេ​។

លោក​បាន​និយាយ​ថា​៖ «​ដរាប​ណា​​ឧទ្ធម្ភាគចក្រ​អាច​ហោះហើរ​បាន ទើប​ខ្ញុំ​ពេញ​ចិត្ដ​មែន​ទែន​»។

ការ​ខិតខំ​របស់​លោក​ទំនង​ជា​អាច​សម្រេច​លទ្ធផល​ល្អ​ តែ​លោក ជូណែឌី មិន​មែន​ជា​បុគ្គល​ដំបូង​ដែល​បាន​ព្យាយាម​ និង​ផលិត​យន្ដហោះ​ធុន​តូច​នេះ​។ កាល​ពី ២ ឆ្នាំ​មុន បុរស​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់ បាន​ប្រើ​ដែក​ស័ង្កសី និង​ដែក​ចាស់ៗ​ដទៃ​ទៀត​ផលិត​ឧទ្ធម្ភាគចក្រ​ប៉ូលិស​ចម្លង​។ នេះ​បើ​យោង​តាម​របាយការណ៍​ផ្សព្វផ្សាយ​ក្នុង​ស្រុក​។

លោក ជុណែឌី បាន​ចំណាយប្រាក់ជាង ២​ ពាន់ដុល្លារ​លើ​ការ​ទិញគ្រឿង​ផ្គុំ។ រូបថត AFP

កសិករ​ម្នាក់​ក្នុង​ប្រទេស ​ចិន ​ក៏​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ឆ្នាំ ​២០១៦ ក្រោយ​ពី​លោក​ចំណាយ​ពេល ៣ ឆ្នាំ ​ព្យាយាម​ និង​បរាជ័យ​ក្នុង​ការ​ផលិត​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​ដែរ។

មិន​ថា​គម្រោង​របស់​លោក ជូណែឌី អាច​ទទួល​ជោគជ័យ​ សុវត្ថិភាព​នៃ​ការ​ហោះហើរ​ហាក់​មិន​សូវ​ពិបាក​ដូច​បន្ទុក​ការ​ចំណាយ​ឡើយ​។

ភរិយា​​លោក​ឈ្មោះ យេទី បាន​​ត្អូញ​​ថា​៖ «​គាត់​ចាយ​ប្រាក់​ច្រើន​សន្ធឹក​​​ទិញ​​ម៉ាស៊ីន និង​​ស្លាប​ ​ហើយ​បើ​ប្រាក់​ទាំង​​អម្បាល​ម៉ាន​យក​ទៅ​ចាយ​លើ​ឧទ្ធម្ភាគចក្រ​នេះ យើង​មុខ​ជា​​ដាច់​បាយ​មិន​ខាន​»៕ AFP/HR