ក្រុងសិង្ហបុរី: បុរសចំណាស់ចិនម្នាក់ប្រើម្រាមចង្អុលដៃរឹងដូចដែកចោះផ្លែដូងបួនផ្លែដោយប្រើពេលមិនដល់១នាទីផង។
ពិតជាអស្ចារ្យមែន! លោក ហ៊ូ អេងហ៊ីវ បុរសចំណាស់ជាតិចិនម្នាក់ដែលចេះក្បាច់គុនកុងហ៊្វូបានបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈការប្រើតែម្រាមចង្អុលដៃរឹងដូចដែកចោះផ្លែ ដូងយកទឹកផឹកបានដោយមិនចាំបាច់ប្រើកាំបិត ឬដែកចោះឡើយ។ ម្រាមចង្អុលដៃរបស់គាត់ពិតជារឹងនិងមុតដូចកាំបិតអ៊ីចឹង។
ដោយប្រើម្រាមដៃចង្អុលរាងកោងរបស់គាត់ លោក ហ៊ូ អេងហ៊ីវ បានប្រើវាចោះលលាដ៍ដូងយកទឹកផឹកបានដោយងាយ។
លោក បានប្រាប់ថា៖ «ម្រាមចង្អុលដៃនេះក៏ជាឧបករណ៍មួយសម្រាប់ជួយឲ្យខ្ញុំប្រើជា មធ្យោបាយសម្រាប់ចិញ្ចឹមគ្រួសារបានទៀតផង»។
លោកបានចាប់ផ្តើម សម្តែងទេពកោសល្យនូវស្នៀតម្រាមចង្អុលដៃដែករបស់លោកជូនភ្ញៀវទេសចរមើលកាលពីពេលលោករស់នៅតំបន់ម៉ាឡាកាប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ កាលពីខែមិថុនាឆ្នាំ២០០៩លោកបានប្រើម្រាមចង្អុលដៃនោះចោះដូង ចំនួនបួនផ្លែត្រឹមតែរយៈពេល៣០,៨១វិនាទីប៉ុណ្ណោះ ហើយធ្វើឲ្យលោកជាប់កំណត់ត្រាហ្គីណេសពិភពលោក។
ឆ្នាំ២០១១លោកក៏បានបំបែកឯតទគ្គកម្មចាស់ខ្លួនដោយបានចោះដូងបួនផ្លែដូចមុនតែត្រឹមរយៈ១២,១៥វិនាទីប៉ុណ្ណោះ។
ទោះបីមានវ័យ៥៨ឆ្នាំទៅហើយក្តី ក៏បុរសចំណាស់មានម្រាមចង្អុលដៃដែករូបនេះមានបំណងចង់រកឯតទតគ្គកម្មថ្មីមួយថែមទៀតមុននឹងខ្លួនចូលនិវត្តន៍។ លោកនិយាយបន្ថែមថា៖ «ខ្ញុំមានបំណងចង់ប្រើពេលវេលាត្រឹមតែ១០វិនាទីសម្រាប់ការសកសម្បក និងចោះផ្លែដូងទាំងបួនផ្លែនោះម្តងទៀត»៕