ក្រុងគែរ: លោក អ៊ីប្រាហ៊ីម ហាម៉ាតូ គឺជាកីឡាករវាយកូនឃ្លីលើតុ ឬប៉េងប៉ុងពិការដៃទាំងសងខាងជាតិអេហ្ស៊ីបមួយរូបដែលមានទេពកោសល្យមិនចាញ់កីឡាករមានកាយសម្បទាគ្រប់លក្ខណៈប៉ុន្មានឡើយ។
បុរសម្នាក់នេះបានប្រើមាត់សម្រាប់ខាំរ៉ាកែតវាយប៉េងប៉ុងយ៉ាងស្ទាត់ជំនាញ និងគួរឲ្យចង់ទស្សនាយ៉ាងជក់ចិត្តតែម្តង។
លោក អ៊ីប្រាហ៊ីម ហាម៉ាតូ រៀបរាប់ថា៖ «ខ្ញុំមានគ្រោះថ្នាក់រហូតដល់ពិការដៃទាំងពីរកាលមានវ័យ១០ឆ្នាំ តែខ្ញុំស្រឡាញ់កីឡាប៉េងប៉ុងនេះណាស់តាំងពីតូចមក។ បីឆ្នាំក្រោយបន្ទាប់ពីគ្រោះថ្នាក់មកនោះក៏ខ្ញុំនៅតែចូលចិត្ត លេងកីឡានេះដដែល។ ខ្ញុំធ្លាប់សាកប្រើរ៉ាកែតដោយយកដៃពិការគាបវាយកូនបាល់លេងដែរ តែមិនអាចទៅរួចឡើយ។ ក្រោយមកទៀតខ្ញុំបានប្រើមាត់ខាំរ៉ាកែតលេងជំនួសដៃវិញ»។
អ្វី ដែលគួរឲ្យកោតស្ញប់ស្ញែងដល់កីឡាករជនពិការរបស់លោកគឺថាលោកត្រូវ បានគេអញ្ជើញចូលរួមបង្ហាញសមត្ថភាពជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រកួតប្រជែងដណ្តើមជើងឯកពិភពលោកកីឡាវាកូនឃ្លីលើតុនៅឯ ទីក្រុងតូក្យូប្រទេសជប៉ុនឆ្នាំនេះផងដែរ។
ការចូលរួមនោះបុរស ពិការដៃទាំងពីរនេះនឹងលេងសាកល្បងជាមួយនឹងកីឡាករលំដាប់កំពូល ពិភពលោកផងដែរ ដោយយើងមើលទៅពិតជាអស្ចារ្យនឹកស្មានមិនដល់ឡើយ។
លោកបន្ថែម ថា៖ «ទេពកោសល្យដ៏ល្អពិសេសសម្រាប់ជីវិតខ្ញុំនាពេលនេះមានសារៈសំខាន់ ពីរយ៉ាង។ ទីមួយវាសំខាន់សម្រាប់ភរិយា និងរូបខ្ញុំផ្ទាល់។ ទីពីរគឺជ័យជម្នះមកពីកីឡាប៉េងប៉ុងដែលបានធ្វើឲ្យជីវិតខ្ញុំរីករាយបំផុត»៕