ក្រុងប៉េកាំង: បុរាណវត្ថុវិទូចិនម្នាក់ ដែលបានកំណត់អត្ដសញ្ញាណរូបសំណាកកងទាហានដីឥដ្ឋបាត់បង់ចំនួន ៨០០០ រូប បានស្លាប់កាលពីថ្ងៃពុធសប្ដាហ៍កន្លងទៅ។ លោក ហ្សាវ បានស្លាប់ក្នុងអាយុ ៨២ ឆ្នាំ។ នេះបើយោងតាមបណ្ដាញផ្សព្វផ្សាយចិន។
លោក ហ្សាវ កាងមីន បានពិនិត្យមើលបំណែករាងកាយអ្នកចម្បាំងបុរាណ ក្នុងឆ្នាំ ១៩៧៤។ ប្រជាកសិករ ដែលរស់នៅចម្ងាយជាង ៣០ គីឡូម៉ែត្រពីទីក្រុងសៀន កំពុងជីកអណ្ដូងទឹក ក៏ស្រាប់តែប្រទះឃើញអំបែងបំណែករូបចម្លាក់។
បុរាណវិទូ ហ្សាវ បានប្រទះឃើញបំណែកក្បាល ម្រាមជើង និងអវយវៈ និងជាអ្នកជួសជុលរូបសំណាកទាំងនោះ។ លោកចាប់ផ្ដើមផ្គុំម្ដងមួយដុំៗរហូតដល់ពេញរូបរាង។ អ្នកចម្បាំងនីមួយៗ មានរូបរាងពេញលក្ខណៈ ខុសតែមុខមាត់ និងទឹកមុខ ព្រមទាំងភាពលម្អិតដែលសូម្បីតែក្រចកដៃ។ ក្រោយៗមក ក្រុមបុរាណវិទូបានរកឃើញចម្លាក់ក្រុមខ្មាន់ធ្នូ ទាំងឈរ និងលុតជង្គង់ ទ័ពថ្មើរជើង កងអាវក្រោះ និងរទេះចម្បាំងមួយឈុត។
រាជាធិរាជចិនដែលបានបង្រួបបង្រួមចិនក្នុងសតវត្សរ៍ទី ៣ មុនគ្រិស្ដសករាជ ស្ដេច គីន ស៊ីហ៊ួង បានបញ្ជាឲ្យសង់ចម្លាក់ទាំងនេះដើម្បីការពារផ្នូរសពរបស់ព្រះអង្គ។ មនុស្សជាង ៧០ ម៉ឺននាក់ បានកសាងចម្លាក់ទាំងនេះរួចបញ្ចុះក្នុងបរិវេណផ្នូរតែម្ដង។ នេះបើតាមការសន្និដ្ឋានរបស់បុរាណវិទូ។
យោងតាម UNESCO ទីកំណាយជិត ៦០០ កន្លែង ចម្ងាយជាង ៣០ គីឡូម៉ែត្រ ត្រូវបានកំណត់គោលដៅ ដែលស្ថិតក្នុងទីតាំងផ្នូរសពដ៏ធំបំផុតក្នុងប្រវត្ដិសាស្ដ្រចិន៕HR