ភ្នំពេញៈ យុវតីដែលមានដុងសិល្បៈតាំងពីកុមារភាពដោយចេះនិពន្ធបទចម្រៀងច្រៀងខ្លួនឯង និងអាចលេងឧបករណ៍តន្រ្តីដូចជា វីយូឡុង និងព្យ៉ាណូ នៅចន្លោះវ័យ ៩ ឆ្នាំទៅ ១៣ ឆ្នាំ បុស្បា ប៉ាន់ នឹងត្រឡប់មកកាន់ស្រុកខ្មែរនៅព្រឹកថ្ងៃនេះ [ទី១២ ខែកក្កដា] ជាមួយនឹងក្រុមនិស្សិតសិក្សាផ្នែកសិល្បៈបរទេសចំនួន ១៤ រូបមកពី ៥ ប្រទេសផ្សេងៗគ្នា ក្រោមការដឹកនាំដោយលោកបណ្ឌិត អ៊ុង ឈីណារី (Ung Chinary) ជាអ្នកនិពន្ធចម្រៀងខ្មែរជំនាន់ចាស់មួយរូប នៅក្នុងកម្មវិធីឈ្មោះថា «Nimita Composition Institute»។
គេនៅចាំមិនភ្លេចទេថា យុវតីរូបនេះ ធ្លាប់បានធ្វើឲ្យក្រុមអ្នកផ្នែកតូរ្យតន្ត្រីមកពីបស្ចិមប្រទេសកោតសរសើរមិនដាច់ពីមាត់ពីស្នាដៃនិពន្ធបទពណ៌នាពីមន្តស្នេហ៍ទេសភាពនៃផ្ទះឈើនៅក្នុងតំបន់ជនបទមានចំណងជើងថា «The Enchanted Pavilion» និងបានចាកចេញពីកម្ពុជាទៅសិក្សាសាលាសិល្បៈដ៏ល្បីនៅអាមេរិក Walnut Hill School for the Arts (WHS) លើជំនាញច្រៀង និងនិពន្ធចម្រៀង ពីខែមេសា ឆ្នាំ ២០១៣។
បុស្បា ប៉ាន់ ទើបតែមានរូបឆោមលោមល្អក្នុងវ័យ ១៧ ឆ្នាំខណៈនាងទើបសិក្សាបញ្ចប់ឆ្នាំទី ១ នៅសាកលវិទ្យាល័យសិល្បៈ New England Conservatory នៅទីក្រុងបូស្តុន សហរដ្ឋអាមេរិក។
ពេលសាកសួរថាតើ បុស្បា អាចប្រៀបធៀបអំពីការសិក្សាសិល្បៈនៅកម្ពុជា និងសាលា WHS បានដែរឬទេ? យុវតីរូបនេះប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ការអប់រំជំនាញសិល្បៈបែបនេះ នៅមិនទាន់មាននៅកម្ពុជាទេ។ ដូច្នេះទើបបានជាត្រូវចាកចេញមកសិក្សានៅសាលា WHS ដែលមានកម្រិតស្តង់ដារអន្តរជាតិ និងមានការបណ្តុះបណ្តាលឲ្យក្លាយទៅជាសិល្បករលំដាប់ពិភពលោក។ ខ្ញុំគិតថានៅស្រុកខ្មែរដូចជាពុំទាន់មានប្រភពគ្រប់គ្រាន់សម្រាប់ការអប់រំជំនាញសិល្បៈតូរ្យតន្ដ្រីនេះទេ»។
បុស្បា ប៉ាន់ បន្តថា៖ «បើតាមការសិក្សានាប៉ុន្មានបួនប្រាំសតវត្សរ៍ចុងក្រោយនេះ ឯបស្ចិមប្រទេស គេបានអភិវឌ្ឍការតែងនិពន្ធ ស្វែងយល់ពីការស្តាប់និងវិភាគលើប្រវត្តិនៃតូរ្យតន្រ្តីដោយពន្យល់លម្អិតពីអ្នកជំនាញតូរ្យតន្ដ្រីទាំងជារបស់បស្ចិមប្រទេស ឬមិនមែន។បើមិនទាន់មានលក្ខណៈច្បាស់លាស់ទេ គេនឹងបន្តការស្រាវជ្រាវបន្ថែមឲ្យសព្វគ្រប់។ ដោយឡែក កម្ពុជាមានវប្បធម៌ល្អផូរផង់ណាស់ តែមិនទាន់មានការសិក្សាលម្អិត ខណៈការស្រាវជ្រាវក៏ពុំទាន់មានគុណភាពល្អគ្រប់គ្រាន់ដែរនិងអាចបណ្តាលមកពីក្រុមតន្ដ្រីករខ្មែរយើងនៅពុំទាន់មានទំនោរ ងាករកការសរសេរ និងអភិរក្សឧបករណ៍តន្រ្តីខ្លួនទុកឲ្យអ្នកជំនាន់ក្រោយបានស្វែងយល់បន្ត»។
យុវតី បុស្បា ប៉ាន់ ហាក់មានគម្រោងគោលដៅសម្រាប់អនាគតខ្លួនរួចហើយ បន្ទាប់ពីរៀនចប់នោះ។
នាង បង្ហើបថា៖ «ខ្ញុំមានបំណងចង់ឲ្យប្រជាជនខ្មែរស្គាល់សិល្បៈតូរ្យតន្ដ្រីបស្ចិមប្រទេសតាមរយៈសៀវភៅបកប្រែ និងវីដេអូអប់រំផ្នែកតន្រ្តីសម្រួលជាភាសាខ្មែរឲ្យពួកគាត់យល់ដឹងផងដែរ»៕