ភ្នំពេញៈ ខណៈ​សម្ព័ន្ធ​ស្នេហ៍​ដំណើរការ​យ៉ាង​រលូន​ល្អ​ចាស់ទុំ​ទាំង​សងខាង​ដឹងឮ​ថែម​ទាំង​ប្រើពាក្យ​ហៅ​គ្នា​ថា បង និង​អូន ពេញៗ​មាត់​ប្រៀប​ដូច​ប្តី​ប្រពន្ធ​រៀបការ​ថ្មីថ្មោង​ទៅ​ហើយ តារាចម្រៀង​ដែល​កាន់តែ​សិចស៊ី និង​កែខៃ​រាងកាយ​កាន់តែ​ប្លែក​កញ្ញា ទេព បូព្រឹក្ស និង​តារាចម្រៀង​ប្រុស​រាង​ខ្ពស់​ស្រឡះ​ដែល​ចេះ​និពន្ធ​ទាំង​ទំនុក​ច្រៀង និង​ទំនុកភ្លេង​លោក ងួន ចាន់ដេវីត ត្រៀម​នាំ​គ្នា​ទៅ​ថត Pre-Wedding នៅ​ប្រទេស​ម៉ាឌីវ​ដើម​សប្តាហ៍​ក្រោយ​នេះ​។

ដំណឹង​នេះ​លេចចេញ​ខណៈ​ពេល​តារាចម្រៀង​ស្រី​វ័យ ២៤ ​ឆ្នាំ​ដែល​ជ្រក​ក្រោម​ទ្រនំ​ហង្សមាស​រួម​កញ្ញា ទេព បូព្រឹក្ស បង្ហើរ​សារ​តាម​បណ្តាញ​សង្គម​ថា​៖ «​អើយ ជិត​ដល់​ថ្ងៃ​ថត Pre-Wedding ហើយ​មាន​អារម្មណ៍​ស្រឡាញ់​ណាស់​!​យ៉ាង​ម៉េច​ដែរ Idol កំហូច G-Devith!»​។

ថ្លែង​ទាំង​មាន​សម្តី​ម៉ឺងម៉ាត់ តារាចម្រៀង​ស្រី​ពូកែ​ខាង​ចាក់​ក្បាច់​រាំ​សម​ជាង​បង្ហើរ​សំនៀង​ដែល​រងគ្រោះ​ដោយសារ​ការ​ជះ​ស្រាបៀរ​ពី​ភ្ញៀវ​នៅ​ហាង​បៀរហ្គាឌិន​កាល​ចុង​ឆ្នាំ​មុន និង​ទើប​តែ​ឮដំណឹង​ចចាម​អារ៉ាម​ថា​ក៏​ឈប់​ពី​ផលិតកម្ម​ហង្សមាស​នា​ដើម​ឆ្នាំ​នោះ​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ចាស​បង​! គ្រាន់តែ​ជា​គម្រោង​ថត​ទុក​ខណៈ​ពួកយើង​ជិត​ទៅ​ដើរលេង​ក្រៅ​ប្រទេស​គឺ​ប្រទេស​ម៉ាឌីវ​នៅ​ថ្ងៃ​ទី​ ១៨ ខែ​មីនា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​ដែល​ត្រូវ​សម្រាក​ដើរលេង​នៅ​ទី​នោះ​ប្រមាណ​ជា​ ៣-៤ ​ថ្ងៃ​។ គិត​ថា​ឆ្លៀតពេល​ទៅ​ដើរលេង​ក៏​ថតរូប ឬ​វីដេអូ ដើម្បី​សន្សំទុក Pre-Wedding តែ​ម្តង​ទៅ​ព្រោះ​ថា​ជា​វេលា​ល្អ ហើយ​ក៏​កម្រ​នឹង​បាន​ទៅ​ទៀត​»​។

តាម​ការសង្កេត​ឃើញ​ថា​មាន​ភាពចុះ​សម្រុង​គ្នា​គឺ​ចាប់​តាំងពី​ផលិតកម្ម​ហង្សមាស​ផ្តល់​ឱកាស​ឲ្យ​អ្នក​ទាំង​ ២ ​ផលិត​បទចម្រៀង​រួម​គ្នា​មក​កញ្ញា ទេព បូព្រឹក្ស និង​ ងួន ចាន់ដេវីត មិន​ត្រឹម​តែ​ជា​ដៃគូ​ចម្រៀង​ស៊ីចង្វាក់​គ្នា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ហួស​ទៅ​ផ្សារភ្ជាប់​បេះដូង​យ៉ាង​ស៊ីជម្រៅ​រហូត​ក្លាយ​ជា​គូស្នេហ៍​ដ៏ស្អិតល្មួត​ទៀត​ផង​។ តែ​ដោយសារ​នៅ​វ័យក្មេងៗ​នៅ​ឡើយ ទើប​ចង់​បន្ត​សម្ព័ន្ធភាព​ត្រឹម​ជា​គូស្នេហ៍​នេះ​សិន មិន​ទាន់​ចង់​កំណត់​វេលា​ចូល​រោង​ជ័យ​នៅឡើយ​។

កញ្ញា ទេព បូព្រឹក្ស ក៏​បាន​បញ្ជាក់​ថា​៖ «​ក្រោយពី​ពួកយើង​បាន​ស្រឡាញ់​គ្នា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​មាន​ចាស់ទុំ​ដឹងឮ​ទាំង​សងខាង​ហើយ​ឈាន​មក​ក្លាយជា​គូសង្សារ​យល់​ចិត្ត​គ្នា​មក យើង​សុខចិត្ត​រក្សា​នៅ​ត្រឹម​ជា​គូស្នេហ៍​សិន​គឺ​មិន​ទាន់​ចង់​រហ័ស​ទៅ​រៀបការ​នោះ​ទេ​។ ម្យ៉ាងទៀត​យើង​ទាំង​ ២ សុទ្ធតែ​នៅ​មាន​វ័យក្មេងៗ​ផង​គឺ​ត្រឹម​ជាង ២០ ឆ្នាំ ដែរ​នោះ​គិត​ថា​ចង់​ទុក​ពេល​ស្វែងយល់​គ្នាច្រើន​ឆ្នាំ​សិន​ចាំ​សម្រេច​រឿង​រៀបការ​»​។

កញ្ញា ទេព បូព្រឹក្ស ក៏​មន្ទិល​ថា​នាង​ចេញ​ពី​ហង្សមាស​ដែរ​ថា​៖ «​ខ្ញុំ​នៅ​មាន​កុងត្រា​យូរ​ទៀត​ជាមួយ​ហង្សមាស​មិន​បាន​ឈប់​ទេ​។ មាន​តែ Devith ទេ​ដែល​ឈប់ ខណៈ​ពេល​នេះ​គាត់​ច្រៀង និង​ធ្វើ​បទ​ឲ្យ​ក្រុមហ៊ុន​ស្មាត​»៕