The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បូព្រឹក្ស និង G-Devith កក្រើក​រឿង​ស្នេហ៍​ជាថ្មី

បូព្រឹក្ស និង G-Devith កក្រើក​រឿង​ស្នេហ៍​ជាថ្មី

Content image - Phnom Penh Post
រូប​ស្និទ្ធស្នាល​ បូព្រឹក្ស និង G-Devith ។ អុីនស្តាក្រាម

បូព្រឹក្ស និង G-Devith កក្រើក​រឿង​ស្នេហ៍​ជាថ្មី

ភ្នំពេញៈ ចាប់តាំង​ពីបាន​ចាប់​ដៃគូ​ច្រៀង​ជាមួយ​នឹង​គ្នា នៅឯ​ផលិតកម្ម​ហង្សមាស និង​មហាជន​ក៏ឧស្សាហ៍​ប្រទះ​ឃើញ​បង្ហាញ​ភាព​ស្និទ្ធស្នាល​គ្នា​នៅ​ក្រៅ​ឆាក​សិល្បៈ​មក​រវាង​តារា​ចម្រៀង​មួយគូ ដែល​ស្ថិតនៅ​រួម​ទ្រនំ​តែ​មួយ​គឺ​កញ្ញា ទេព បូព្រឹក្ស និង​លោក ងួន ចាន់ដេវីត មក​នោះ ក៏លេច​ឮល្ហិច​ល្ហៀង​ជាព័ត៌មាន​ខ្សឹបខ្សៀវ​ជះទៅ​ដួង​តារា​ទាំងពីរ​សា​ជាថ្មី​ថា ពួកគេ​កំពុងតែ​បង្កាត់​ភ្លើង​ស្នេហ៍​នឹងគ្នា​លើស​ពីមិត្ត​ធម្មតា​ក្នុង​សិល្បៈ។

ផ្ទុយ​ពីការ​សង្ស័យ​ខាង​លើ​នេះ តារា​ចម្រៀង​ស្រី​ជ្រក​ក្រោម​ទ្រនំ​ហង្សមាស ដែល​ទើបតែ​ទទួល​បាន​ងារជា​តំណាង​ទូត​សុច្ឆន្ទៈ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ជាមួយ​នឹង​កំពូល​តារា​ចម្រៀង​ប្រុស​ប្រចាំ​ផលិតកម្ម​សាន់ដេ​គឺលោក ខេមរៈ សិរីមន្ត កាល​ពីចុង​សប្តាហ៍​កន្លង​មក​នេះ​ដែរ កញ្ញា ទេព បូព្រឹក្ស បកស្រាយ​លាយឡំ​ទាំង​សំណើច​ផងថា៖ «ជា​រឿង​ធម្មតា​ទេ សម្រាប់ការ​មើល​ឃើញ​របស់​មហាជន​នាពេល​បច្ចុប្បន្ន​នេះ កាលណា​ឃើញ​អ្នកសិល្បៈ​ជាដៃគូ​ចម្រៀង​នឹង​គ្នា និង​ថែមទាំង​មានភាព​ស្និទ្ធស្នាល​ទៀត​នោះ ច្បាស់​ជាម៉ៃ​ថា អ្នក​ទាំងពីរ​ស្រឡាញ់​គ្នា​មែនទែន​ហើយ។

តែតាម​ការពិត​ទៅ នាង​ខ្ញុំ និង​លោក ដេវីត គ្រាន់តែ​ជា​ដៃគូ​ច្រៀង​ចម្រៀង​ជាមួយ​គ្នា​ដែល​មាន​ទំនាក់ទំនង​ល្អ​នៅក្នុង​ការងារ​សិល្បៈ​តែប៉ុណ្ណោះ មិនមាន​អ្វី​លើស​ដូចជា​ការសង្ស័យ​របស់​បងប្អូន​នោះ​ទេ»។

ទោះបី​មានការ​បដិសេធ​យ៉ាងនេះ​ក្តី ក៏មាន​ការ​ទម្លាយ​តាម​ប្រភព​ចចាម​អារ៉ាម​បន្លឺឡើង​ថា គេធ្លាប់​បាន​ឃើញ​អ្នក​ទាំងពីរ​បណ្តើរគ្នា​នៅក្រៅ​កិច្ចការងារ​សិល្បៈ​ដូចជា​គូស្នេហ៍​ថ្មោង​ថ្មី ទាំង​នៅពេល​ថ្ងៃ និង​ទាំង​នៅ​ពេល​យប់​ទៀតផង ជាពិសេស​នាពេល​ទៅ​ចូលរួម​កម្មវិធី​ប្រគំ​តន្ត្រី។

តែ​តារា​ចម្រៀង​ស្រី​ដែល​និយម​តែ​ច្រៀង​បទ​កូនកាត់​ជា​ភាសា​ខ្មែរ​មាន​លាយឡំ​នឹង​ភាសា​អង់គ្លេស​មិនសូវ​ច្បាស់​កញ្ញា ទេព បូព្រឹក្ស បាន​បកស្រាយ​យ៉ាង​ទំនង​ថា៖ «មាន​ពេល​ខ្លះ យើង​ទាំង​ពីរបាន​ទៅណា​មក​ណា​ជាមួយ​គ្នា​ដូចជា​គូស្នេហ៍​ដែល​បងប្អូន​ម៉ៃ​មែន ព្រោះ​យើង​ជាដៃគូ​ចម្រៀង​នឹងគ្នា ហើយ​ក៏ត្រូវ​ការ​ពេលវេលា​ខ្លះ​ដែរ​ដើម្បី​ពិភាក្សា​គ្នា​រឿង​បទ​ចម្រៀង​របស់​យើង។

ម្យ៉ាង​នៅក្នុង​នាម​ជាដៃគូ​ចម្រៀង បើ​មិនមាន​ភាព​ស្និទ្ធស្នាល​នោះទេ វា​ក៏មិន​សម​ដែរ ហើយ​កន្លង​មក ក៏មាន​អ្នកគាំទ្រ​យើង​ធ្លាប់​បាន​ផ្គូផ្គង​លេង​រវាង​នាងខ្ញុំ និង​លោក ដេវីត ដែរ​ថា នាងខ្ញុំ​គឺ​ដូចជា​តារា​ចម្រៀង​ស្រី​កូរ៉េ​នាង CL ឬហៅ​នាង​ខ្ញុំថា CL ខ្មែរ ចំណែកឯ​លោក ងួន ចាន់ដេវីត គឺ​ដូចជា​តារា​ចម្រៀង​ប្រុស​កូរ៉េ G-Dragon ឬ ហៅថា G-Dragon ខ្មែរ​នោះឯង​រួច​ម្តង​មក​ហើយ​ដែរ»។

ទោះជា​យ៉ាងណា ដែល​និយម​ច្រៀង​បទ​ចម្រៀង​បែប​កូនកាត់​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដែល​មហាជន​រអ៊ូរ​ថា​ច្រៀង​បែប​បន្លំៗ​ព្រោះ​ស្តាប់​មិនបាន​កញ្ញា ទេព បូព្រឹក្ស ក៏មាន​ការព្រលយ​ពាក្យ​ស្រប​នឹងការ​លេងសើច​បង្អាប់​លលេង​របស់​មហាជន​ដែរ​ថា ធម្មតា​ទេ​ស្រមោច និង​ស្ករ វាលែង​អីស្រមោច មិនចេះ​ស៊ីស្ករ​នោះ ឬនិយាយ​ថា​មាន​ពេលខ្លះ​ភាព​ស្និទ្ធអាច​ស្អិត​ក្លាយជា​ក្តីស្រឡាញ់​នៅ​ថ្ងៃក្រោយ​នាពេល​ណាមួយ​មិនខាន​នោះ​ទេ។

កញ្ញា ទេព បូព្រឹក្ស បាន​ព្រលយ​ពាក្យ​បែប​លេង​សើច​ថា៖ «ប្រសិន​បើយើង​ស្រឡាញ់​គ្នា​មែន​នោះ នឹង​បង្ហោះ​រូបប្រាប់​បងប្អូន​ឲ្យ​ដឹង​មិន​ខាន។ សម័យ​នេះហើយ គ្រាន់តែ​ស្រឡាញ់គ្នា​សោះ ដូចជា​មិនមាន​អីត្រូវ​លាក់កំបាំង​នោះ​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍