ភ្នំពេញៈ តារាចម្រៀង​ស្រី​ជា​ចំណូល​ថ្មី​នៃ​ទ្រនំ​ផលិតកម្ម​ថោន​ដែល​អភិវឌ្ឍ​ខ្លួន​ចេញពី​អាជីព​ជា​ពិធីការិនី​ទូរទស្សន៍ និង​ធ្លាប់​ធ្វើ​ជា​តារាចម្រៀង​អូរីជីណល​មួយ​ស្របក់​ខ្លី​កញ្ញា បេប៊ី ស្រាប់តែ​ចេញ​ចម្រៀង​ថ្មី​ដែលជា​ចង្វាក់​ញាក់​មាន​ចំណងជើង​ថា «​ប្រពន្ធ​កាច​» ហើយក៏​រំពឹងថា​នឹង​ផ្ទុះ​ការគាំទ្រ​មិន​ចាញ់​បទ «​មាន់​ស្រែ​» របស់​តារាស្រី​រលក​មុន​កញ្ញា រាប៊ី​។

តារាស្រី​សាច់​សខ្ចី​កំពុង​តែ​លេចធ្លោ​មាន​និស្ស័យ​គ្រប់​ទម្រង់​សិល្បៈ​កញ្ញា បេប៊ី ក្រោយពី​ចាប់​អាជីព​ជា​តារាចម្រៀង Original ក៏​ចាប់បាន​នូវ​ឱកាស​ហក់​ចូលទៅ​ទ្រនំ​ផលិតកម្ម​ថោន​បង្កើន​ភាពល្បី​នៅលើ​វិថី​សិល្បៈ​កាន់តែ​ខ្លាំង​ឡើង និង​កំពុង​ត្រៀម​បទ​ចម្រៀង​ថ្មីៗ បំពេអារម្មណ៍​ប្រិយមិត្ត​អ្នកគាំទ្រ​មុន​ពេល​បុណ្យចូលឆ្នាំថ្មី​ចូលឆ្នាំ​ខ្មែរ​នេះ​។

ក្រោយពី​ចុះកិច្ចសន្យា​ជា​តារាចម្រៀង​ផលិតកម្ម​ថោន​ប្រមាណ​ជាង ១ ឆ្នាំ​មក ពិធីការិនី និង​ជា​តារាសម្ដែង​ស្រី​ស្រស់​សាច់​សខ្ចី​ឈ្មោះ ពិត ជុំ រចនាពេជ្រ ហៅ បេប៊ី ដែល​វិវត្ត​ខ្លួន​ក្លាយជា​តារាចម្រៀង​ចេញ​បទចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍ ខណៈ​ ចម្រៀង​នេះ​កំពុង​អង្រួន​ដួងចិត្ត​មិត្ត​យុវវ័យ​ខ្លាំង និង​ចង្វាក់ភ្លេង​ពីរោះ​ស្តាប់​ហើយ​គួរ​ឲ្យ​ចង់​រាំ​តែម្ដង​។

បទថ្មី​ដែល​កញ្ញា បេប៊ី ទើបតែ​ចេញ​ក្ដៅៗ​នៅក្នុង​ផលិតកម្ម​ថោន​មាន​ចំណងជើង ថា «​ប្រពន្ធ​កាច​» នេះ​គ្រាន់តែ​ស្ដាប់​សាច់ភ្លេង ក៏មាន​ភាព​គួរ​ឲ្យ​ចាប់អារម្មណ៍​ចង់​រាំ​ផងដែរ ស្របពេល​ដែល​ស្រី​ស្អាត​ជា​ម្ចាស់​បទ​នេះ​ក៏​បង្ហាញ​ក្បាច់​រាំ​រស់រវើក​ទាក់ភ្នែក​ឲ្យ​ត្រូវ​នឹង​សាច់​ភ្លេង​ល្អ ហើយ​បទ​នេះដែរ​ក៏​វា​ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង និង Melody ដោយ​អ្នកនិពន្ធ​ដែល​ធ្លាប់​និពន្ធ​បទ​ភ្លេង​ឲ្យ​តារា​ស្រី​រលក​មុន​នៅ​ទ្រនំ​ថោន​កញ្ញា រ៉ាប៊ី ដែរ​គឺ «​មាន់​ស្រែ​» កាល​ដើមឆ្នាំ​ ២០១៩ ​នោះ​។

ទោះ​ជា​យ៉ាងណា​កញ្ញា បេប៊ី ហាក់​មិនទាន់​ហ៊ាន​រំពឹង​ខ្លាំង​ថា​បទ​ «​ប្រពន្ធ​កាច​» របស់ខ្លួន​នឹង​ផ្ទុះ​ភាព​កក្រើក​ជំនួស​បទ «​មាន់​ស្រែ​» របស់​កញ្ញា រាប៊ី ដែល​ធ្លាប់​ល្បី​កក្រើក​កាលពី​ចូល​ឆ្នាំមុន​នៅឡើយ​ដែរ​នោះទេ ដោយ​នាង​ត្រឹមតែ​អះអាង​ថា​៖ «​នាង​ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ចម្រៀង​របស់ខ្លួន ផ្ទុះ​ការគាំទ្រ​ខ្លាំង​ផងដែរ​»​។

ដោយឡែក​ប្រព័ន្ធ​ទូរស័ព្ទ​របស់​នាង​ក៏​មិនអាច​ទាក់ទង​បានទេ​ទើប​មិនអាច​សុំ​ការបញ្ជាក់​បកស្រាយ​ពី​កញ្ញា បេប៊ី​។ ខណៈពេល​ចេញ​បទ​នេះ​ភ្លាម តារាចម្រៀង​ស្រី ស្រីស្រស់ សាច់​សខ្ចី​កញ្ញា បេប៊ី ក៏បាន​បង្ហោះ​សារ​ចេញពី​ហ្វេសប៊ុក​នាងផ្ទាល់​ដើម្បី​សុំ​ការគាំទ្រ​ពី​ប្រិយមិត្ត​ថា​៖ «​ថា​មើល​បង​ប្អូនសុំ 1 M បាន​អត់​បងប្អូន​សម្រាប់​បទ​ «​ប្រពន្ធ​កាច​» ​នេះ​៕