ភ្នំពេញៈ តារាស្រី​សាច់​សខ្ចី​កំពុង​លេចធ្លោ​មាន​និស្ស័យ​គ្រប់​ទម្រង់​សិល្បៈ​កញ្ញា បេប៊ី ក្រោយពី​ចាប់​អាជីព​ជា​តារាចម្រៀង Original មួយរយៈ​ខ្លី​ក៏​ចាប់​បាន​ឱកាស​ហក់​ចូល​ទៅ​ទ្រនំ​ផលិតកម្ម​ថោន​បង្កើន​ភាព​ល្បី​លើ​វិថី​សិល្បៈ​កាន់តែ​ខ្លាំង​ឡើង​នឹង​កំពុង​ត្រៀម​បទចម្រៀង​ថ្មីៗ​បំពេ​អារម្មណ៍​ប្រិយមិត្ត​អ្នកគាំទ្រ​ខ្លួន​ភ្លាមៗ​ដែរ​។

តារាចម្រៀង​ស្រី​ជា​ចំណូល​ថ្មី​ទ្រនំ​ថោន​ដែល​វិវឌ្ឍ​ខ្លួន​ពី​តំណែង​ជា​ពិធីការិនី មាន​ភាព​ក្រមិចក្រមើម និង​ជា​តារាសម្តែង​រូប​នេះ​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​ប្រិយមិត្ត​ដោយ​មាន​អំណោយផល​សម្រស់​ផូរផង់​រួមទាំង​សមត្ថភាព​រាំ​បទ​ញាក់​ស័ក្តិសម​ទៅ​នឹង​ទឹកដម​សំឡេង​។

ពិធីការិនី និង​ជា​សមាជិក​ថ្មី​ទ្រនំ​ថោន​កញ្ញា បេប៊ី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​មូលហេតុ ដែល​លះបង់​ពី​អាជីព​ជា​តារាចម្រៀង Original ទៅ​ជា​តារាចម្រៀង​មាន​ទ្រនំ​ជ្រក​ដូច​គេឯង​ថា​៖ «​កាល​ដែល​ខ្ញុំ​សម្រេចចិត្ត​ចូល​ក្នុង​ផលិតកម្ម ថោន​ដោយសារ​តែ​ថោន​គឺជា​ផលិតកម្ម​មួយ​ដែល​បងប្អូន​ទទួល​ស្គាល់​ច្រើន និង ជា​ផលិតកម្ម​ធំ​មួយ​ហើយ​អ្នកធ្វើ​ការផលិតកម្ម​នេះ​ទៀត​ពួកគាត់​សុទ្ធតែ​ជា​មនុស្ស​ល្អៗ​»​។

ស្រី​ស្រស់​សាច់​សខ្ចី​រាង​ខ្ពស់ ឈ្មោះ​ ពិត ជុំ រចនាពេជ្រ ហៅ បេប៊ី ក៏​បាន​បង្ហើប​ថា​ខ្លួន​បាន​ចូល​ក្នុង​ផលិតកម្ម​ថោន ព្រោះ​តែ​ខាង​ផលិតកម្ម​មើលឃើញ​ពី​សម្ទុះ​ក្នុង​បទចម្រៀង «​អំណាច​លុយ​» និង​មើលឃើញ​ពី​សមត្ថភាព​របស់​នាង ទើប​ផលិតកម្ម​ទាក់ទង និង​ចរចា​ចុះ​កុងត្រា​​ចូល​ជា​សមាជិក​ថ្មី​របស់​ផលិតកម្ម​។

ដោយ​មើលឃើញ​ថា​ផលិតកម្ម​ថោន​ក៏​មាន​ការផលិត​រឿង​ច្រើន ទើប​ស្រី​ស្រស់​រូប​នេះ​ដូចជា​មិន​ខ្លាច​បាត់បង់​អាជីព​សម្តែង​ឡើយ​ដោយ​តារា​ស្រី​រូប​នេះ​បញ្ជាក់ថា ៖ «​ចំពោះ​ការចុះ​កុងត្រា​ធ្វើ​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោន មិន​មាន​បញ្ហា​ដល់​ការងារ​ជា​ពិធីការិនី​នៅ​ទូរទស្សន៍​ស៊ីធីអិន​នោះ​ទេ ដោយសារ​បាន​ចរចា​គ្នា​រួច​ហើយ ពី​បញ្ហា​នេះ​។ ប៉ុន្តែ​បើ​ទាក់ទង​ទៅ​លើ​ការសម្តែង​វិញ​ខ្ញុំ​មិន​ហ៊ាន​សម្រេចចិត្ត​នោះ​ទេ លុះត្រា​តែ​ខាង​ផលិតកម្ម​អនុញ្ញាត​» ។

កញ្ញា បេប៊ី ក៏​បាន​បន្ថែម​ឲ្យ​ដឹង​ពី​ការត្រៀម​ខ្លួន​ចេញ​បទចម្រៀង​ថ្មី​នៅ​ផលិតកម្ម​ថ្មី ដើម្បី​បំពេ​អារម្មណ៍​ប្រិយមិត្ត​ខ្លួន​ផង​ដែរ​ថា​៖ «​ចាប់​តាំងពី​នាង​ខ្ញុំ​ចូល​ថោន​បាន​ជាង​ ១ ​ខែ​មក ខ្ញុំ​បាន​ថត​ចម្រៀង​ចំនួន ៤ ​បទ​ហើយ​។ នាង​ខ្ញុំ​ក៏​មិន​សូវ​ជា​ច្បាស់​ដែរ​ថា​មាន​បទចម្រៀង​ញាក់ ៣ បទ ឬ ២ បទ​នោះ​ទេ ព្រោះ​ថា​រាល់ថ្ងៃ​គឺ​នាង​ខ្ញុំ​រៀន​ម្តង​ ១ ​បទ​ហើយ​ដឹង​ត្រឹម​តែ​ថា មាន​ចម្រៀង​ទាំង​បទ​ញាក់ និង​មាន​ទាំង​បទ Slow ចំនួន ៤ ​បទ​។

នាង​ខ្ញុំ​ក៏​ត្រៀម​ចម្រៀង ២ បទ​ទៀត​ដែរ​សម្រាប់​ចេញ​នាឱកាស​នៃ​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​របស់​យើង​ខាង​មុខ​នេះ​តែ​ម្តង​»៕