ភ្នំពេញ៖​ ដោយសារ​តែ​ការ​រីក​រាល​ដាល​របស់​ជំងឺ​​កូវីដ ១៩ ​ពុំ​ទាន់​អាច​អំណោយ​ផល​ល្អ​នៃ​ការ​ជួបជុំ​​​ក្នុង​ពិធី​​​ជប់​លៀង ឬ​មង្គល​ការ​​នៅ​​ឡើយ​នោះ ទើប​បាន​ជំរុញ​ឲ្យ​​ពិធីការិនី​ កំពុង​​តែ​​​មាន​ប្រជាប្រិយភាព​កញ្ញា ប៉ែន ស្រីពេជ្រ ត្រូវ​​ពន្យារ​​ចូល​រោង​ជ័យ​ទៅ​ដល់​ឆ្នាំ ​២០២១ ក្រោយ​ពី​​​បាន​​ភ្ជាប់​ពាក្យ ​កាល​ពី​​ចុង​ខែ​មេសា ឆ្នាំ ​២០២០ ​កន្លង​​មក​នេះ។

កាល​​ពី​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០ ​កន្លង​ផុត​ទៅ​ថ្មីៗ តារា​សម្ដែង និង​ជា​ពិធីការិនី​កំពុង​តែ​​លេចធ្លោ​​ប្រចាំ​ប៉ុស្ត៍​ទូរទស្សន៍​​ហង្សមាស កញ្ញា ប៉ែន ស្រី​ពេជ្រ បាន​​ភ្ជាប់​ពាក្យ​ហើយ​ជាមួយ​បុរស​សង្ហា​ម្នាក់ ក្រោយ​ពី​​បាន​​ស្គាល់​គ្នា និង​មើល​ចិត្ត​មើល​​​ថ្លើម​​អស់​រយៈពេល ៥ ឆ្នាំ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ប្រកប​ដោយ​ភាព​រីករាយ​គ្រប់ៗ​គ្នា។

ក្រោយ​ពី​បាន​ភ្ជាប់​ពាក្យ​រួច​​​​ភ្លាម​ ខណៈ​​ពេល​ឡើង​​ឆាក​​តន្រ្តី​​​​ម្តង​ៗ មហាជន​​​សង្កេត​​​ឃើញ​ថា ពិធីការិនី​ដែល​ឧស្សាហ៍​ចាប់​ដៃ​គូ​​ជាមួយ​​​លោក រ៉ាស៊ី លោក ជា វិបុល និង​លោក​ វិសាល ជា​ដើម​កញ្ញា ប៉ែន ស្រី​​ពេជ្រ ​ហាក់​មាន​ភាព​ស្រស់ស្រាយ​ និង​មាន​​ការ​ដូរ​​ស្ទីល​​តុប​តែង​​ខ្លួន​​កាន់​តែ​ស្រស់​ស្អាត​ ដោយ​មាន​​អ្នក​គាំទ្រ​នាំ​គ្នា​លើក​​ឡើង​ថា៖ «​យ៉ី!​ ប៉ុន្មាន​ថ្ងៃ​​ឃើញ ស្រី​​​ពេជ្រ បាន​ម៉ូដ​សក់​​មើល​ទៅ​ពិត​ជា​​ស្អាត​​ប្លែក និង​ទាក់ទាញ​​ដល់​ហើយ រហូត​​​ចេះ​លេង​ស្ទីល​ឡើង​ឃ្យូតៗ​​ហ្មង​ បង​ពេជ្រ! ស្អាត​ណាស់​ដាក់​ម៉ូដ​សក់​​អ៊ីចឹង​ទៅ​ក្មេង​ជាង​មុន​ទៀត​!»។​

មិន​តែ​ប៉ុណ្ណោះ​ គេ​ក៏​ឃើញ​ពិធីការិនី​ ពូកែ​សម្តី​ញ៉ែតៗ​រូប​នេះ​​​​សរសេរ​នៅ​លើ​ហ្វេសប៊ុក​​ផ្សាយ​​ដំណឹង​ល្អ​ខ្លួន​ដល់​ប្រិយមិត្ត​​បាន​ដឹង​ដែរ​ថា៖ «ពីធី​ភ្ជាប់​ពាក្យ​ខ្ញុំ ​ជាមួយ​ បង​ នេត្រា ​ថ្ងៃ​ទី​ ២៧ ខែ មេសា ឆ្នាំ ២០២០ ​រយៈពេល​ ៥ ឆ្នាំ​ ​ហើយ ​ដែល​យើង​បាន​​​ស្គាល់​គ្នា ហើយ​ថ្ងៃ​នេះ​​ ហើយ​ដែល​​យើង​ក្លាយ​ជា​គូ​ដណ្ដឹង​​​នឹង​គ្នា។ អរគុណ​​អ្នក​មាន​​​គុណ​ទាំង​ ​៤ ធ្វើ​​ឲ្យ​កូន​​ទាំង ​២ មាន​ថ្ងៃ​នេះ។ កូន​ទាំង ​២ សូម​ជូនពរ​ ឲ្យ​លោក​អ្នក​មាន​គុណ​​ និង​​ក្រុម​គ្រួសារ​ទាំង​សង​ខាង ទទួល​​បាន​​នូវ​​សេចក្ដី​​សុខ​ និង​​សេច​ក្ដី​​​​ចម្រើន​​​គ្រប់​ក្រុម​​គ្រួសារ»។

រំពេច​នោះ​មិត្ត​សិល្បៈ និង​អ្នក​គាំទ្រ​តារា​សម្ដែង និង​ជា​ពិធី​ការិនី​ប្រចាំ​​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្ស មាស កញ្ញា ប៉ែន ស្រីពេជ្រ ​ក៏​​​​​​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​នឹង​ពិធី​ភ្ជាប់​ពាក្យ​របស់​កញ្ញា​ដែរ​ ហើយ​​ចង់​ដឹង​ពី​ថ្ងៃ​​ចូល​រោង​​ជ័យ​របស់​​នាង​ដែរ ក្រោយ​ពី​​​ភ្ជាប់​ពាក្យ​ជាមួយ​​​​កូន​ប្រុស​អ្នក​ជំនួញ​ម្នាក់​​ ដែល​​បាន​ស្រឡាញ់​មើល​​ចិត្ត​​ថ្លើម​គ្នា​អស់​រយៈពេល ​៥ ឆ្នាំ​​មក​​នេះ។

បើ​​តាម​ការ​បង្ហើប​ពី​កញ្ញា​ ប៉ែន ស្រីពេជ្រ កូន​កំលោះ​​​មាន​​ឈ្មោះ​​ថា ឆេង ពន្លកនេត្រា គឺ​​ជា​អ្នក​ធ្វើ​ការ​ផ្នែក​ទីផ្សារ ហើយ​ជា​កូន​មន្ត្រី​រាជការ​​ម្នាក់​ ហើយ​កញ្ញា ប៉ែន ស្រីពេជ្រ ក៏​បាន​ប្រាប់​​​ថា ​​នឹង​​គ្រោង​​ចូល​រោង​ជ័យ​នៅ​​ឆ្នាំ ​២០២១ ហើយ​​ចំពោះ​ថ្ងៃ និង​ខែ ជាក់​លាក់​សិន ​គឺ​ឪពុក​​ម្ដាយ​សង​ខាង​នឹង​​ពិភាក្សា​គ្នា​​ពេល​ក្រោយ​​​​។ ពិធីការិនី​​កាន់​តែ​​ស្រស់​ស្អាត​នៅ​​ប៉ុស្តិ៍​ហង្ស​មាស​​​រូប​​នេះ គ្រាន់​តែ​បាប​បង្ហើប​​​ថា​៖ «បើ​យើង​ចង់​គិត​​គូរ​​ភ្លាមៗ​ក្នុង​ឆ្នាំ​​នេះ ​ក៏​​មិន​​កើត​ដែរ​ ព្រោះ​​រឿង​​កូវីដ ១៩ ហើយ​​នៅ​ឆ្នាំ​ក្រោយ​ហ្នឹង ក៏​​ចាំ​មើល​​ម៉ែ​ឪ​ ​ទាំង​សង​ខាង ​ពិភាក្សា​​គ្នា​ទៀត​​សិន»៕​