ភ្នំពេញ៖ ក្នុង​ស្បៃ​រាត្រី​នៃ​ព្រៃ​ដ៏​ងងឹត ​ស្រមោល​មនុស្ស​ក្នុង​ឯកសណ្ឋាន​សិស្ស​​​ដៃ​កាន់​សៀវភៅ ហាក់​កំពុង​​គេច​ដុំ​ភ្លើង​ឆាប​​ឆេះ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​លំបាក​ផ្នែក​​សិក្សា​អប់រំ​​ក្នុង​តំបន់​នោះ​នា​សម័យ​​សាធារណរដ្ឋ​ខ្មែរ។

នេះ​ជា​ស្នាដៃ​​ ​១ ចំណោម​រូបថត​​ ៦ សន្លឹក ​របស់​​​លោក ប៉ៃ ប៊ុនណារ័ត្ន ក្នុង​​ពិព័រណ៍ ​«រំឭក» ឯ​វិចិត្រសាល​ទទឹម។

រំឭក​ជា​ពិព័រណ៍​ដែល​ចូលរួម​ដោយ​ក្រុម​សិល្បៈ​សុភីលីន និង​លោក​ ប៉ៃ ប៊ុនណារ័ត្ន ដែល​បង្ហាញ​ពី​ស៊េរី​រូបថត​សិល្បៈ​សហសម័យ​ក្នុង​​គោល​​បំណង​រំឭក​​ឡើង​វិញ​នូវ​​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត និង​សោកនាដកម្ម ​​មុន និង​អំឡុង​ពេល​​របប​ខ្មែរ​ក្រហម​។

អ្នក​ថតរូប​ឯករាជ្យ​ ប៊ុនណារ័ត្ន​ ដែល​បញ្ចប់​ថ្នាក់​រូបថត​​សហសម័យ និង​បែប​ឯកសារ​នៅ​គម្រោង​សិល្បៈ​ស-ស ឆ្នាំ ២០១៨ បាន​នាំ​នូវ​ស្នាដៃ​ទាក់ទង​​​នឹង​ប្រវត្តិសាស្រ្ត​កម្ពុជា។

លោក ប៊ុនណារ័ត្ន បាន​និយាយ​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖​ «អ្នក​ខ្លះ​ធ្វើ​អំពី​បម្រែបម្រួល​អាកាសធាតុ ឬ​បម្រែបម្រួល​ការ​អភិវឌ្ឍ​ ខ្លះ​ធ្វើ​អំពី​រូបភាព​ឯកសារ ខ្លះ​ទៀត​ធ្វើ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​ និង​មាន​ប្រធាន​ខុសៗ​គ្នា​ច្រើន​ទៀត។​ សម្រាប់​ខ្ញុំ​បាន​ជ្រើសរើស​យក​អំពី​ឯកសារ​ក្នុង​តំបន់​រំដោះ ដែល​សិ្ថត​នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ខ្មែរ មក​ផលិត​​ជា​រូបភាព​ឯកសារ​សម្រាប់​គម្រោង​មួយ​នេះ»។

លោក​បាន​បន្ត​ថា៖ «ដោយសារ​តែ​មិន​សូវ​មាន​ឯកសារ​គ្រប់គ្រាន់​ទាក់ទង​​ទៅ​នឹង​តំបន់​រំដោះ ទើប​ធ្វើ​ឱ្យ​ខ្ញុំ​សម្រេច​ចិត្ត​យក​ប្រធានបទ​នេះ​ឡើង ដើម្បី​ឱ្យ​អ្នក​ទស្សនា​បាន​យល់​ដឹង​ពី​តំបន់​មួយ​នេះ​ផង​ដែរ»។

សម្រាប់​រូប​លោក ការ​ថតរូប​មិនមែន​​ឱ្យ​មាន​ម៉ាស៊ីន​ថត​អាច​ថត​រូប​ឱ្យ​មាន​អត្ថន័យ និង​ស្អាត​បាន​នោះ​ទេ។​ វា​ទាមទារ​ឱ្យ​មាន​ការ​សិក្សា ហ្វឹកហាត់ អនុវត្ត និង​ស្វែង​យល់​ឱ្យ​ស៊ី​ជម្រៅ។​

អ្នកថ​ត​រូប​សហសម័យ​លោក ​ប៉ៃ ប៊ុនណារ័ត្ន អាយុ ៣១ ឆ្នាំ​។ រូបថត សហ​ការី

អ្នក​ថតរូប​ឯករាជ្យ ​ដែល​​ប្រកាន់​ខ្ជាប់​នូវ​ទម្រង់​​រូបថត​​សហសម័យ​រូប​នេះ បាន​រៀប​រាប់​ពី​ការ​ចាប់​ផ្ដើម​អាជីព​ថត​នេះ​ថា៖ «​ដោយសារ​តែ​កាល​​នៅ​ពី​ក្មេង​នៅ​ផ្ទះ​របស់​ខ្ញុំ​មាន​កាមេរ៉ា ​១ ​គ្រឿង​ ហើយ​ខ្ញុំ​តែងតែ​យក​វា​មក​លេង និង​មើល​ជា​ប្រចាំ។ ណាមួយ​ពេល​ដែល​ខ្ញុំ​ធំ​មក​អត់​មាន​រូបថត​ឯកសារ​ដូចគេ ទើប​ធ្វើ​ឱ្យ​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​ថតរូប»។

លោក​បន្ត​ទៀត​ថា៖ «ខ្ញុំ​បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​ថតរូប​តាំង​ពី​ឆ្នាំ ២០១៤ ​មក ហើយ​ចាប់​ផ្ដើម​ប្រឡូក​ខ្លាំង​នៅ​ប្រមាណ​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ធ្លាប់​គិត​ថា ចង់​ឈប់​ និង​បោះបង់​ចោល ដែល​កាល​ពី ​១ ​ឆ្នាំ​ដំបូង​ ប៉ុន្តែ​ពេល​ឃើញ​រូបភាព​ស្អាតៗ​ចាប់​ផ្ដើម​មាន​កម្លាំង​ចិត្ត​ដើរ​ទៅ​មុខ​តទៀត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ»។

ជា​កូន​ពៅ​ក្នុង​គ្រួសារ ដែល​ជីវភាព​មាន​សភាព​មិន​ធូរធារ និង​រស់នៅ​បែក​បាក់​គ្នា លោក ប៊ុនណារ័ត្ន បាន​សម្រេច​​ចិត្ត​ចាប់​អាជីព​ថតរូប​ ក្រោយ​ពី​លោក​បាន​ចាកចេញ​ពី​ទី​កំណើត​​ឯ​ខេត្ត​បាត់ដំបង មក​រស់​នៅ​រាជធានី​ភ្នំពេញ​តែ​ម្នាក់​ឯង។

អ្នក​ថតរូប​វ័យ ៣១ ឆ្នាំ ធ្លាប់​បោះបង់​ចោល​​នូវ​ក្ដី​ស្រមៃ​​លើ​វិថី​រូបថត ដោយសារ​តែ​កង្វះខាត​សម្ភារ និង​កាមេរ៉ា។ ប៉ុន្តែ​ទម្ងន់​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​ថត​រូបបាន​រុញ​ច្រាន​ឱ្យ​លោក​ តស៊ូ​ជម្នះ​រហូត​​សព្វ​ថ្ងៃ​នេះ។

លោក ប៊ុនណារត្ន័ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ «ចាប់​ពី​ឆ្នាំ ​២០១៤ មក​ខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ​រៀន​ដោយ​ខ្លួន​ឯង ក៏​ដូចជា​សួរ​សិស្ស​ច្បង​ខ្លះ​ពី​មួយ​ផ្នែក​ទៅ​មួយ​ផ្នែក។ រហូត​ដល់​មាន​គំនិត​ចង់​បងើ្កត​ស្នាដៃ​មួយ​ឱ្យ​មាន​គេ​ទទួល​ស្គាល់ ហើយ​ក៏​ចាប់​ផ្ដើម​ស្វែង​យល់​ថា គួរ​រៀន​អ្វី​បន្ត​ទៀត​អ៊ីចឹង»។

លោក​បាន​ចំណាយ​ពេល ៥​ ទៅ ៦ ខែ​សម្រាប់​ការ​រៀន​ថ្នាក់​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ថត​រូប ដោយសារ​តែ​លោក​មិន​សូវ​ចេះ​ភាសា​អង់គ្លេស។​ រហូត​ដល់​ចុង​ឆ្នាំ ២០១៦​ លោក​ក៏​បាន​ចូល​រៀន​ថ្នាក់​មូលដ្ឋាន​គ្រឹះ​ថតរូប​នៅ​ក្រុមហ៊ុន NIKON និង​នៅ​ឆ្នាំ ២០១៨​​ លោក​បាន​ទទួល​អាហារូបករណ៍​​សិក្សា​នៅ​គម្រោង​​សិល្បៈ ស-ស ដោយសារ​តែ​ពេល​នោះ​មាន​សិស្ស​ម្នាក់​បាន​បោះបង់​​ចោល​ការ​សិក្សា។

លោក​តែង​​ចាត់​ទុក​អ្នក​ថតរូប​ល្បីល្បាញ​​ Thomas Tham​ ជានិមិត្ត​រូប​នោះ ​ហើយ​លោក​​ផ្ដើម​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ខ្លាំង ចង់​បង្កើត​រូបភាព​ដូច​​គម្រោង​មួយ​នេះ ក្រោយ​ពី​លោក​​បាន​ជួប​គ្រូ​ដ៏​ល្អ​ម្នាក់​។​

ការ​ផលិត​រូប​ឯកសារ​ត្រូវ​បាន​ចែកចេញ​ជា ៤ ដំណាក់​កាលគឺ៖ ការ​រៀបចំ​​គម្រោង​ការ​ចុះ​ស្វែងរក​ឯកសារ ​(ឯកសារ​រស់ និង​ពី​បណ្ណាល័យ) ពាក់ព័ន្ធ​នឹង​ប្រធានបទ ការ​​​ផលិត​រូបភាព និង​ការ​រៀបចំ​រូបភាព​ឱ្យ​មាន​ភាព​ច្នៃ​ប្រឌិត​គួរ​ជាទី​ទាក់ទាញ​​​។

រូបថត​របស់លោក​បំផុស​គំនិត​ខុសៗគ្នា​​ដល់​អ្នកទស្សនា​។ រូបថត សហ​ការី

បុរស​មាន​ក្ដី​ស្រមៃ​ខ្ពស់​ក្នុង​វិស័យ​​ថតរូប​​​នេះ​លើក​ឡើង​ថា៖ «បើ​និយាយ​ទៅ​ការ​ផលិត​រូបភាព​ហ្នឹង​អាច​​ប្រើ​ ពេល​​ប្រហែល​ជា ​១ ​ឆ្នាំ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​បន្ថយ​វា​ឱ្យ​សល់​ត្រឹម​តែ ៦​ ខែ​វិញ»។

អ្នក​ទស្សនា​រូបភាព​របស់​លោក​ជា​ច្រើន​នាក់ ​គិត​ថា​រូបភាព​ទាំង​នោះ​ដូចជា​ខ្មោច។ អ្នក​ខ្លះ​ក៏​យល់​នូវ​អត្ថន័យ​ បង្កប់​ក្នុង​រូបថត ​និង​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ឱ្យ​លោក​​ជួយ​បក​ស្រាយ​នូវ​រូបភាព​នីមួយ​ៗ​​។

ដើម្បី​បង្កើត​ស្នាដៃ​រូបថត​សហសម័យ​​បែប​នេះ ​លោក​បាន​លើក​ឡើង​ពី​ផល​លំបាក​​ថា៖ «ដោយសារ​​តែ​ធ្វើ​ការ​ផង និង​ធ្វើ​គម្រោង​ផង ហើយ​ណា​មួយ​​រូបភាព​ទាំង​អស់​ត្រូវ​ថត​ក្នុង​ព្រៃ​ ​មិន​សូវ​មាន​ពន្លឺ​គ្រប់គ្រាន់។ ​ខ្ញុំ​ឆ្លៀត​ខ្លាំង​ណាស់ ​ដើម្បី​ធ្វើ​គម្រោង​មួយ​នេះ ឱ្យ​បាន​ចប់​ទាន់​ពេលវេលា»។​

ពិព័រណ៍ រំឭក ដែល​មាន​​ស្នាដៃ​រូបថត​​លោក ប៊ុនណារ័ត្ន​ ​​នឹង​បន្ត​រហូត​ដល់​ថ្ងៃទី ១២ ខែ មករា ឆ្នាំ​ ២០២១ នៅ​វិចិត្រសាល​ និង​ហាង​កាហ្វេ ទទឹម ស្ថិត​នៅ​ផ្ទះ​លេខ ១៨១ ​ផ្លូវ​លេខ ៤២៦ សង្កាត់​ទួលទំពូង ២៕

ហ៊ុន សុភារ៉ា