ភ្នំពេញ៖ ថ្មីៗ​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​មហាជន ខណៈ​​អតីត​កញ្ញា​ឯកចក្កវាឡ​កម្ពុជា​ឆ្នាំ ២០១៧ កញ្ញា ប៊ី សុធារី ស្រាប់​តែ​បង្ហោះ​រូប​​គ្រង​សម្លៀក​បំពាក់​​​ខ្មែរ​នា​សម័យ​បុរាណ​​​មួយ​ឈុត​ និង​​មាន​គ្រឿង​​អលង្ការ​​​ផ្សេងៗ​​ក្នុង​ចេតនា​​បង្កប់​​​គំនិត​ជាតិ​​និយម​ ឲ្យ​ស្រឡាញ់​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិ​ខ្មែរ​ ដើម្បី​ចែក​រំលែក​ទៅ​យុវជន​ជំនាន់​​​ក្រោយ​ឲ្យ​បាន​ស្គាល់​ និង​ជួយ​ថែរក្សា​បន្ត​​។​

កញ្ញា ប៊ី សុធារី បច្ចុប្បន្ន​វ័យ ២១ ឆ្នាំ ​មាន​កម្ពស់ ១,៧៣ ម៉ែត្រ​ ដែល​ប្រកប​អាជីព​ជា​តារា​ម៉ូដែល​​តាំង​ពី​វ័យ ១៤ ឆ្នាំ និង​​បាន​ឆ្លង​កាត់​ការ​ខំ​ប្រឹងប្រែង ​៥ ឆ្នាំ ​នៅ​ក្នុង​អាជីព​ជា​តារា​បង្ហាញ​ម៉ូដ​ក៏​បាន​ជំរុញ​ឲ្យ​រូប​នាង​សម្រេច​​សមិទ្ធផល​ខ្ពស់​ដំបូង​ សម្រាប់​​​ឆាក​ជីវិត​គឺ​ក្លាយ​ជា​កញ្ញា​ឯក​ប្រចាំ​ប្រទេស ​កម្ពុជា ​ឆ្នាំ ២០១៦ និង​​ក្លាយជា​កញ្ញា​ឯកចក្កវាឡ​​តំណាង​​កម្ពុជា​ឆ្នាំ ២០១៧ ក៏​ដូច​បាន​ចូលរួម​ប្រកួត​កញ្ញា​ឯក​ចក្កវាឡ​​អន្តរជាតិ​​​ឆ្នាំ ​២០១៧ ​ផង​ដែរ​។

អតីត​កញ្ញា​ឯក​ចក្កវាឡ​តំណាង​ឲ្យ​កម្ពុជា​ឆ្នាំ ២០១៧ កញ្ញា ប៊ី សុធារី បញ្ជាក់​ពី​អត្ថន័យ​នៃ​សារ​ដែល​​បាន​បង្ហោះ​អម​នឹង​រូបថត​គ្រង​សម្លៀក​បំពាក់​នា​ពេល​ថ្មីៗ​នេះ​​ថា៖ «​តាម​ពិត​ទៅ! ​ឈុត​នេះ​​មិន​មែន​ជា​ការ​ចេញ​​សម្រាប់​គ្រង​នៅ​​ថ្ងៃ​ ឱកាស​អាច​បង្ហាញ​​នៅ​ក្នុង​កម្មវិធី​ពិសេស​អ្វី​នោះ​ឡើយ ​ដោយ​​គ្រាន់​តែ​នាង​ខ្ញុំ​បាន​​ស្លៀក​វា​ ហើយ​ថត​​​បង្ហោះ​កាល​ពី​ម្សិលមិញ​ ដោយសារ​តែ​​វា​មាន​ន័យ​ សម្រាប់​តម្លៃ​វប្បធម៌​ខ្មែរ​។

ឈុត​នេះ ​គឺ​ជា​គំនិត​​របស់​អ្នក​តុបតែង​កាយ​សម្រាប់​បវរកញ្ញា​របស់​យើង គាត់​បាន​សិក្សា​ស្រាវជ្រាវ​ច្បាស់​លាស់​ ហើយ​ក៏​គិត​ច្នៃ​បង្កើត​វា​ឡើង​ ខណៈ​គាត់​ប្រាប់​ថា ជាឈុត​ដែល​ស្ថិត​នៅ​ក្នុង​សម័យ​​ក្រោយ​អង្គរ​ ហើយ​គ្រឿង​អលង្ការ​នានា​វិញ​​ផលិត​ពី​ក្មុក​​ម្រ័ក្ស​ខ្មែរ​​​​យើង​។ លុះ​ត្រា​គាត់​បាន​​កាត់​រួច​រាល់​មក ក៏​ឲ្យ​នាង​ខ្ញុំ​ស្លៀក​​វា​ទៅ​ហើយ​ខ្ញុំ​ថត​បង្ហោះ​កាល​ពី​ថ្ងៃ​ម្សិលមិញ​​ ខណៈ​ឯ​​គំនិត​​ច្នៃ​នេះ​ វា​ក៏​អាច​នឹង​មាន​​ការ​គិត​ទុក​ខ្ពស់​ប្រមាណ ​២-​៣​ ​សប្តាហ៍​​មុន​»។​

កញ្ញា ប៊ី សុធារី បន្ត​ថា៖ «តាមរយៈ​ឈុត​ និង​សារ​ខាង​លើ​នោះ​ នាង​ខ្ញុំ​គិត​ថា វា​ក៏​អាច​​ជួយ​ផ្តល់​ការ​រំឭក​ដាស់​តឿន​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ស្វែង​យល់​ពី​តម្លៃ​វប្បធម៌​ខ្មែរ​បាន​ច្រើន​នា​សម័យ​កាល​បុរាណ​មក ហើយ​​កុំ​ចាំ​ដល់​ពេល​មាន​ប្រទេស​ជិត​ខាង​ចម្លង​យក​ពី​យើង​ ហើយ​ផ្សព្វផ្សាយ​​បាន​ល្អ​ជាង​យើង​ ក៏​អាច​អាង​មាន​​ការ​សោក​ស្តាយ និង​ស្រែក​លើក​ឡើង​​ថា គេ​លួច​យក​របស់​យើង​ទៅ​ទៀត​ហើយ​!»។​​

កាល​ពី​ថ្មីៗ​នេះ​ដែរ នា​ឱកាស​ធ្វើ​​ខួប​កំណើត​បុរស​ម្នាក់​ក៏​ស្រាប់​តែ​ឃើញ​តារា​ម៉ូដែល និង​បាន​រំលេច​រូប​​​បែប​​​កៀក​កើយ​មួយ​សន្លឹក​​អម ដោយ​មាន​សារ​យ៉ាង​ផ្អែមល្ហែម​ថា៖ «​រីករាយ​ថ្ងៃ​កំណើត​ណា​បង! នេះ​ជា​ឆ្នាំ​ទី ២ ហើយ​ ​​ដែល​​ពួក​យើង​ឆ្លង​ថ្ងៃ​កំណើត​បង​​ជាមួយ​នឹង​គ្នា។ នាង​ខ្ញុំ​មាន​ក្តី​សង្ឃឹម​​ថា ​យើង​នឹង​ឆ្លង​​ជាមួយ​គ្នា​រាល់ៗ​​ឆ្នាំណា៎ ហើយ​​ក្នុង​ថ្ងៃ​ជា​ពិសេស​របស់​បង អូន​ជូន​ពរ​​​​​ឲ្យ​បង​មាន​សុខភាព​ល្អ ហើយ​សម្រេច​​នូវ​គ្រប់​បំណង​ប្រាថ្នា​របស់​​បង​ណា៎ ​ស្រឡាញ់​បង​​ណា៎»​៕​​