ភ្នំពេញ: មួយរយៈកន្លងមកនេះម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា ហាក់ឃ្លាតឆ្ងាយ និងស្ងប់ស្ងាត់មិនឃើញមានវត្តមានឡើងឆាកតន្ត្រីនានាដូចមិត្តរួមជំនាន់ ដែលសូម្បីតែបទថ្មីៗក៏មិនឃើញមានចេញដែរ។
ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រ ផ្ទុះការភ្ញាក់ផ្អើលនោះ គឺនៅចុងឆ្នាំ ២០១៧ កន្លងផុតទៅថ្មីៗនេះ ស្រាប់តែលេចវត្តមានម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ រូបនេះ ឡើងបង្ហើរសំនៀងនៅទូរទស្សន៍ និងបានបង្ហើបថា រូបលោកកំពុងត្រៀមដំណើរចេញទៅច្រៀងនៅប្រទេសឯនាយសមុទ្រ តែបែរជាស្ងាត់ឈឹង ទើបធ្វើឲ្យអ្នកគាំទ្រខកចិត្ត។
ក្នុងភាពឆ្ងាយពីការងារសិល្បៈនៅទ្រនំម្ចាស់ពាន ក្រោយពាក្យលេចឮការបកស្រាយពីលោក មាស រិទ្ធី អ្នកអត្ថាធិប្បាយកម្មវិធីព័ត៌មាននៅទ្រនំហង្សមាសថា៖ «ម្ចាស់ពាន The Voice រដូវកាលទី ១ ប៊ុត សីហា ខ្លួនឯងទេ ដែលធ្វើឲ្យការងារខ្លួនឯងស្ងាត់»។
ក្នុងគ្រាគាស់កកាយនេះ អ្នកអត្ថាធិប្បាយកម្មវិធីព័ត៌មានក៏បានបង្ហាញទៀតថា៖ «គួរឲ្យស្តាយកេរ្តិ៍ សីហា ដែរ ដែលបានលើកពានកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក តែលោកមិនឲ្យតម្លៃខ្លួនឯង»។
ទោះមានភាពស្ងប់ស្ងាត់ និង ឃ្លាតឆ្ងាយពីឆាកតន្ត្រីធំៗ ថែមទាំងគ្មានបទចម្រៀងថ្មីៗយ៉ាងណាក្តី ប៉ុន្តែតារាចម្រៀង ប៊ុត សីហា តែងត្រូវបានអ្នករៀបចំកម្មវិធីទូរទស្សន៍មួយចំនួនហៅឡើងច្រៀងម្តងម្តាលផងដែរ។
គេនៅចាំបានថា កាលពីពេលកន្លងទៅនោះ ពេលដែលតារាចម្រៀង ប៊ុត សីហា បានឡើងបង្ហាញវត្តមានច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍អ៊ីធីវី។ ក្នុងការបង្ហាញវត្តមានលើឆាកតន្ត្រីក្នុងកញ្ចក់ទូរទស្សន៍ដ៏កម្រនោះ ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ ក៏បានបង្ហើបថា៖ «ខ្ញុំកំពុងតែមានគម្រោងចេញទៅសម្តែងនៅអាមេរិកឆាប់ៗ ដោយមានគេទាក់ទងមកខ្ញុំយ៉ាងត្រឹមត្រូវ»។
បន្ទាប់ពីផ្សព្វផ្សាយខ្លួនឯងលើឱកាសចេញទៅកើបប្រាក់នៅក្រៅស្រុក លើកដំបូងរបស់ ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ តារាចម្រៀង ប៊ុត សីហា នេះបានធ្វើឲ្យអ្នកគាំទ្រលោកមានការសប្បាយចិត្តយ៉ាងខ្លាំង ហើយថែមទាំងបានរង់ចាំ មើលពីពេលវេលាដែលតារាចម្រៀងរូបនេះ នឹងចេញដំណើរទៀតផង ប៉ុន្តែរហូតមកដល់ពេលនេះ បែរជាស្ងាត់ឈឹងទៅវិញទៀត។
ស្របពេលដំណឹងទៅអាមេរិកស្ងាត់ឈឹងនោះ ស្រាប់តែពេលថ្មីៗនេះតារាចម្រៀង ប៊ុត សីហា បានធ្វើឲ្យគ្រប់គ្នាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀត ដោយគេបានឃើញរូបថតមួយសន្លឹកដែលលោកដើរច្រៀងតាមឆាកតន្ត្រីវង់ភ្លេងការតូចតាចដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ។
តាមរយៈនេះដែរតារាចម្រៀង ប៊ុត សីហា ត្រូវបានមហាជនពោលថា ហេតុអ្វីបានជាម្ចាស់គ្រងពានកម្មវិធីលំដាប់ពិភពលោកមួយទាំងមូលមកធ្លាក់ខ្លួនអីដល់ថ្នាក់នេះ ដែលបានធ្វើឲ្យគ្រប់គ្នាហួសចិត្តឥតឧបមា យ៉ាងណាគេនៅតែបង្ហាញការស្រឡាញ់ និង គាំទ្រដល់តារារូបនេះដដែល។
ឆ្លើយតបនឹងចម្ងល់នេះ ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា បង្ហាញពីព័ត៌មានខ្លីថា៖ «ខ្ញុំមិនទាន់មានគម្រោងចេញបទចម្រៀងថ្មីទេក្នុងពេលនេះ ប៉ុន្តែសម្រាប់គម្រោងចេញទៅច្រៀងក្រៅប្រទេសគឺនៅតែមាន គឺទៅអាមេរិកក្នុងពេលឆាប់ៗនេះ គ្រាន់តែពេលនេះខ្ញុំមិនទាន់អាចបញ្ជាក់ពីពេលវេលាបាន»។
ក្នុងនោះដែរ តារាចម្រៀង ប៊ុត សីហា ថា៖ «ខ្ញុំមិនមានបទថ្មីចេញ តែការងារសិល្បៈក៏នៅតែមមាញឹកដែរគឺ ច្រៀងតាមកម្មវិធីគេហៅជាប់គ្នាតែរហូតហ្នឹង»៕